អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បាន​បាន​លើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ​២០១៥ ដោយ​ថា​រដ្ឋាភិបាលកម្ពុជា​ក្រោម​ការដឹកនាំរបស់​លោក ហ៊ុន សែន បានធ្វើឲ្យ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​កាន់​តែផុយស្រួច​ ​ តាមរយៈការ​ឃុំខ្លួន​អ្នក​រិះគន់​និង​ធ្វើច្បាប់​អង្គការ​រឹតបន្តឹង កាលពីឆ្នាំ​២០១៥។

នៅក្នុង​របាយការណ៍មួយ​ដែលចេញផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍​ អង្គការ​បាន​រៀបរាប់​ថា​រដ្ឋាភិបាល​បានប្រើប្រព័ន្ធតុលា​ការ​ដើម្បីបំ​បិទមាត់អ្នករិះគន់​និង​មេដឹកនាំគណបក្ស​ប្រឆាំង។ របាយការណ៍ក៏បាន​ចាត់ទុក​គណបក្ស​ប្រជាជនកម្ពុជា​​កំពុង​ប្រើ​ប្រព័ន្ធតុលាការ​ដើម្បី​កុំ​ឲ្យប្រធានគណបក្សសង្រ្គោះជាតិ ​លោក សម រង្ស៊ី ចូលស្រុកបាន។​

បើតាម​របាយការណ៍នោះ រដ្ឋាភិ​បាល​បានអះអាង​ថា​នឹង​ប្តេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ ប៉ុន្តែរដ្ឋាភិបាល​មិន​បាន​ធ្វើសកម្ម​ភាព​​​ប្រឆាំង​​នឹង​ករណីពុករលួយ​ជា​ក់ស្តែងនិងច្បាស់ក្រឡែតនោះទេ។​ របាយការណ៍​បន្ត​ថា​ក្រុមហ៊ុននិងបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធិ​​គណបក្ស​កាន់អំណាចបាន​បណ្តេញប្រជា​ពលរដ្ឋ​រាប់ពាន់នាក់​ទាំងបង្ខំ​សម្រាប់ការរកស៊ីរបស់ពួកគេ​។ របាយការណ៍​បញ្ជាក់បន្ថែម​ថារដ្ឋាភិបាល​បានរំលោភ​កាតព្វកិច្ច​ជា​អន្តរជាតិ​ក្នុងការ​មិនទទួល​យក​ជនភៀសខ្លួន​ម៉ុងតេញ៉ាពីប្រទេស​វៀតណាម។

ប្រធានអង្គការ​Human Rights Watch ​លោក Brad Adams បាននិយាយថា៖ “លោក ហ៊ុន សែន បាន​ព្រងើយកន្តើយ​នូវ​ការ​ប្តេជ្ញា​សម្រាប់​វប្បធម៌សន្ទនា​ជាមួយ​គណបក្សប្រឆាំង​និង​បានប្តូរមក​វប្បធម៌​នៃ​ហិង្សា​និង​ការ​បភិតបំភ័យកាល​ពីឆ្នាំ​២០១៥។ លោក​ប្រើ​ការគ្រប់គ្រងរបស់​លោក​នូវ​កម្លាំង​សន្តិសុខនៅកម្ពុជា​ តុលាការ​និង​ស្ថាប័ន​រដ្ឋាភិបាល​​ ដើម្បី​​ជំ​រុញ​ឲ្យ​មេដឹកនាំបក្ស​ប្រឆាំង​និរទេសខ្លួន​ វាយ​អ្នកនយោបាយបក្សប្រឆាំង ដាក់ពន្ធនាការអ្នករិះគន់​ អនុម័តច្បាប់រឹតបន្តឹង​និង​បង្កើន​ការគ្រប់គ្រងរបស់​បក្ស​កាន់អំណាច​ទៅ​លើ​ស្ថាប័ន​របស់​ប្រទេស”។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ការលើកឡើងរបស់អង្គការHRWជាការយោ​បល់របស់អង្គការនេះប៉ុណ្ណោះ តែ​លោកថា​ការបញ្ចេញមតិនោះផ្ទុយ​ទាំងស្រុងពីការពិត។

លោកមានប្រសាសន៍ថា៖ “សួរតើ​លោក Brad Adams ជា​នរណា? សូមជម្រាបថា​ Brad Adams ជាជនប្រឆាំង​នឹង​កម្ពុជា​រហូតមកមក​”។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​មិន​បានប្រើប្រព័ន្ធតុលាការ​គាបសង្កត់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំងនោះទេ ដោយ​លោក​បញ្ជាក់ថាអ្វីៗដោយ​សារ​”ទង្វើខុសច្បាប់​របស់​អ្នកនយោបាយទាំងនោះ”។​

គួរបញ្ជាក់​ថា​កាលពីពេលថ្មីៗនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​បាន​​ដាក់លិខិត​ទៅ​ប្រធានាធិបតី​អាមេរិក ដោយ​អំពាវនា​វឲ្យលោក បារ៉ាក់ អូបាម៉ា លើកយកបញ្ហាសិទ្ធិមនុស្សជជែកជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាន ក្នុងនោះមា​ន​នាយករដ្ឋមន្រ្តីខ្មែរផងដែរ នៅក្នុងជំនួបនៅ​លើ​ទឹកដី​អាមេរិក។ តាមគម្រោងលោក អូបាម៉ា នឹងជួបជាមួយមេដឹកនាំប្រទេសជាសមាជិកអាស៊ាននៅរដ្ឋ​កាលីហ្វញ៉ា សហ​​រដ្ឋអាមេរិក នៅថ្ងៃទី១៥-១៦ ខែកុម្ភៈខាងមុខនេះ៕​

12606978_1140972209246629_2025636274_n-2016-01-28

ប្រភពៈ VOD