ក្រុងតូក្យូ: ក្រុម​អ្នក​វិទ្យាសាស្រ្ដ​​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា បន្ទះ​ទន់​ដ៏ស្ដើង​បំផុត​ដែល​ត្រូវ​រចនា​ឡើង​ដោយ​អ្នក​វិទ្យា​សាស្រ្ដ​ជប៉ុន និង​​អាមេរិក​ អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ស្រោម​ដៃ​ពិសេស​ដើម្បី​ស្ទាប​រក​ដុំ​សាច់​ក្នុង​សុដន់​ និងថត​ស្កេន​ជា​រូបភាព​​ឌីជីថល​។

បន្ទះ Nanofibre Sensors មាន​កម្រាស់​ត្រឹម​តែ ០,០៣៤ មិល្លី​ម៉ែត្រ​​ប៉ុណ្ណោះ​។ បន្ទះ​​ទន់​​ អាច​បត់​បែន​ឲ្យ​រមូរ​តូច​ប៉ុន ០,០៨ មិល្លីម៉ែត្រ​ ស្មើ​នឹង​ទំហំ​សក់មនុស្ស​ពីរ​ដង​។

ក្រុម​អ្នក​ស្រាវ​ជ្រាវជប៉ុន និង​អាមេរិក​​បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មុន​ពេល​បោះ​ពុម្ព​ផ្សាយ​ថា​៖ «​គ្រូពេទ្យ​​អាច​ស្គេន​រាង​កាយ​រក​ជំងឺមហារីក​សុដន់​ដោយ​ប្រើ​ស្រោម​ដៃ​ជ័រ​ទន់​ៗ​នេះ​ដើម្បី​ស្វែង​រក​ដំបៅ​»។ ​

បន្ទះ​សេនស័រ​៤​ជ្រុង​ទំហំ ៤,៨ x ៤,៨ សង់ទីម៉ែតត្រ​ មាន​ចំនួន ​១៤៤ ទីតាំង​ដែល​អាច​វាស់​កម្រិត​សម្ពាធ​។ បន្ទះ​សេនស័រ​​ដែល​អាច​​បត់​បែននេះ​អាច​ដឹង​អំពី​ការ​ផ្លាស់​ប្ដូរ​សម្ពាធ​ដ៏​ត្រឹម​ត្រូវ​បើ​ទោះជា​កំពុង​ពាក់​អាវ​ពី​ក្រៅក៏​ដោយ​។ នេះ​ជា​ការ​អភិវឌ្ឍ​ថ្មី​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​របក​គំហើញ​ទី​មួយ​ក្នុង​ពិភព​លោក​។

សាស្ដ្រាចារ្យ សូម៉េយ៉ា បាន​ប្រាប់ AFP កាល​ពីថ្ងៃ​ចន្ទ​ថា​៖ «​ម្រាម​ដៃសង្កត់​ធ្ងន់​ៗ​របស់​គ្រូ​ពេទ្យ​ជំនាញនៅ​តែ​អាច​រក​ឃើញ​​​ដុំ​ក្នុង​សុដន់​ តែ​មិន​អាច​វាស់​ស្ទង់​ដឹងពីកម្រិតដុំ​សាច់​​នោះ​ឡើយ​»៕

touch-know-breastបន្ទះ​ណាណូ​ដ៏​ស្ដើង​ដែល​អាច​ផលិត​ធ្វើ​ស្រោម ដៃ​គ្រូពេទ្យ​​​។ Afp

ប្រភពៈ ភ្នំពេញប៉ុស្តិ៍