ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​បាន​ប្រាប់​អ្នក​ណា​ម្នាក់​សរសេរ​ពាក្យ​ខ្មែរ​ខុស​ហើយ​អ្នក​សរសេរ​ខុស​នោះ​ចំអក​មក​វិញ​ថា​គាត់​មិនមែន​ជា​គ្រូ​ខ្មែរ​ទេ​នេះ​គឺជា​រឿង​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ដែល​ជា​បញ្ហា​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​តាម​ទំនើង​ចិត្ត​របស់​អ្នក​សរសេរ​បែប​ «​អញ​» ​និយម​។

ចាប់​តាំង​ពី​មាន​ការ​បើក​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ពី​ដើម​ទសវត្សរ៍​ដើម​ឆ្នាំ​ ៩០ ​មក​មាន​ភាសា​​បរទេស​ដែល​ជនជាតិ​គេ​យក​មក​ប្រើ​ដូចជា​អង់គ្លេស បារាំង ចិន ថៃ កូរ៉េ និង​ជប៉ុន ជា​ដើម​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​ប្រឹងប្រែង​រៀន អាន និង​សរសេរ​ភាសា​បរទេស​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​រីឯ​ភាសា​ខ្មែរ ​ខ្លួន​ឯង​ហាក់​បី​ដូច​ជា​លែង​សំខាន់​ដោយ​យល់​ឃើញ​ថា​ភាសា​ខ្មែរ​ស្រួល​ធ្លាប់​រៀន​រួច​ហើយ និង​ភាសា​សម្រាប់​រដ្ឋាភិបាល​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​។



ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក៏​ចាប់ផ្តើម​ថយ​ចុះ​បន្តិច​ម្តងៗ​កាន់​តែ​មាន​កំហុស​ច្រើន​ទៅៗ និង​ការ​ប្រើ​ឃ្លា​ឃ្លោង​ស្តាប់​មិន​បាន​ហើយ​អ្នក​អាន​លែង​ចង់​អាន​ទៀត​មក​ដល់​បច្ចុប្បន្ន​នេះ​។ តើ​ការ​សរសេរ​អក្សរ​ខ្មែរ​ចេះ​តែ​មាន​កំហុស​នេះ​មកពី​អ្នក​សរសេរ​ខ្ជិល​បើក​មើល​ពាក្យ​នៅ​ក្នុង​វចនានុក្រម​? ឬ​ក៏​ការ​ជះ​ឥទ្ធិពល​ពី​អ្នក​សរសេរ​ភាសា​ខ្មែរ​ជា​អាជីព​ហ្នឹង​សរសេរ​ខុស​ច្រើន​ពេក​ឲ្យ​គេ​អាន​?

2-Study_1

សកម្មភាព​បេក្ខជន​កំពុង​ប្រកួត​ការ​អាន​នៅ​សាលា​រៀន​អន្តរទ្វីប​អាមេរិកាំង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ។ រូបថត តុង សុប្រាជ្

ទៅ​ណា​មក​ណា​ឥឡូវ​ឮ​តែ​គេ​អួត​គ្នា​តែ​ពី​រឿង​ចេះ​ភាសា​បរទេស​ជាពិសេស​ភាសា​អង់គ្លេស ភាសា​ខ្មែរ​កម្រ​លើក​យក​មក​ជជែក​គ្នា​ណាស់​។ ប្រសិន​បើ​សួរ​កុមារ ឬ​ក៏​យុវជន​ម្នាក់​ដែល​ចេះ​ភាសា​អង់គ្លេស​ថា​បើ​អ្នក​អាន​កាសែត​ក្នុង​ស្រុក និង​កាសែត​ជា​ភាសា​អង់គ្លេស​តើ​អ្នក​ចង់​អាន​ភាសា​ណា​ជាង​? ពេល​នោះ​គាត់​នឹង​ឆ្លើយ​ថា​សុខ​ចិត្ត​អាន​ភាសា​អង់គ្លេស​វិញ​ស្រួល​ជាង​ព្រោះ​កាសែត​ក្នុង​ស្រុក​ភាគច្រើន​សរសេរ​ឃ្លា​ឃ្លោង​មើល​មិន​យល់​គ្មាន​ខ្លឹមសារ​ហើយ​ខុស​ពាក្យពេចន៍​ច្រើន​ទៀត​បើ​អាន​ភាសា​អង់គ្លេស​អត់​ខុស​ពាក្យ​ហើយ​ងាយ​ស្រួល​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់​ជាង​។ នេះ​ជា​បញ្ហា​មួយ​របស់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ជា​អាជីព​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​អាន​មិន​ចង់​អាន​អត្ថបទ​របស់​ខ្លួន​។

ម្យ៉ាង​វិញ​ទៀត​ អ្នក​មាន​អាជីព​ជា​អ្នក​អាជីព​បកប្រែ​ភាសា​ក៏​មាន​បញ្ហា​ជះ​ឥទ្ធិពល​មក​លើ​ការ​ប្រើ​ភាសា​ខ្មែរ​ខុស​ដែរ​នេះ​គឺ​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​គ្មាន​អ្នក​ជួយ​កែ​តម្រូវ​ភាសា​ខ្មែរ​ក្នុង​ក្រុម​ការងារ​របស់​ពួក​គាត់​។ ឧទាហរណ៍​កាលពី​ចុង​ឆ្នាំ​ទៅ​ខ្ញុំ​ត្រូវ​បាន​ស្ថានទូត​ដែល​ជា​ម្ចាស់​ជំនួយ​អញ្ជើញ​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​យល់​ដឹង​អំពី ការ​ទប់ស្កាត់ ការ​បន្លំ ​និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ហើយ​ឯកសារ​ដែល​ចែក​ជូន​សិក្ខាកាម​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

បើ​អាន​ឯកសារ​ភាសា​ខ្មែរ​ដែល​បកប្រែ​នោះ​គឺ​ខុស​ពាក្យ​ច្រើន​ហើយ​ការ​ប្រើ​ឃ្លា​ឃ្លោង​មិន​ត្រឹមត្រូវ​មើល​ទៅ​ហាក់បី​ដូចជា​មិន​បាន​បើក​មើល​វចនានុក្រម​ភាសា​ខ្មែរ​ហើយ​ក៏​គ្មាន​មន្ត្រី​ដែល​ជា​ជនជាតិ​ខ្មែរ​ធ្វើការ​នៅ​ស្ថានទូត​នោះ​មក​ខ្វល់ខ្វាយ​ជួយ​កែតម្រូវ ឬ​ក៏​ឲ្យ​អ្នក​បកប្រែ​ភាសា​ខ្មែរ​នោះ​កែ​តម្រូវ​ផង​ទេ។ នេះ​ក៏​ជា​បញ្ហា​អ្នក​ដែល​រកស៊ី​អាជីព​បក​ប្រែ​ក៏​ខ្ជីខ្ជា​ចំពោះ​ភាសា​ខ្មែរ​ខ្លួនឯង​ធ្វើឲ្យ​តែ​បានៗ​ចង់​អ្នក​យក​ឯកសារ​ទៅ​ប្រើ​មើល​មិន​យល់ និង​ខុស​ក៏​មិន​ខ្វល់​។

តែ​ជាទូទៅ ​អ្នក​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​វិញ​គឺ​ខិតខំ​ព្យាយាម​បើក​វចនានុក្រម និង​ការ​ប្រើប្រាស់​ឃ្លា​ឃ្លោង​ព្រោះ​ខ្លាច​ជនបរទេស​ដែល​ជួល​គេ​មិន​ទទួល​យក​។

ការ​សរសេរ​មិន​ត្រឹមត្រូវ​នេះ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អាន​ដែរ ​ដែល​មិនមែន​ជា​វប្បធម៌​របស់​ខ្មែរ​ចូលចិត្ត​នោះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ Rome to Read និង​សាកលវិទ្យាល័យ​ Standford ​កាលពី​ឆ្នាំ​ទៅ​បាន​រកឃើញ​អត្រា​នៃ​ការ​អាន​របស់​សិស្ស​សាលា​នៅ​មាន​កម្រិត​ទាប​ណាស់​គឺ​បាន​តែ​ ១០ ​ភាគរយ​ទេ​ដែល​អាន​ដោយ​ខ្លួន​ឯង​ប្រចាំ​ថ្ងៃ​ហើយ​បើ​ផ្អែក​ទៅ​តាម​របាយការណ៍​ថ្នាក់​ជាតិ​បាន​បង្ហាញ​ថា​អត្រា​អក្ខរកម្ម​អាយុ​ ១៥ ​ឆ្នាំ​ឡើង​មាន​កំណើន​ ១០ ​ភាគរយ​ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៨​-២០០៨ ប៉ុន្តែ​កំណើន​នេះ​មាន​ត្រឹម​តែ​ ២ ​ភាគរយ​ទៅ​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៨-២០១៣ ខណៈ​ដែល​មាន​តែ​ប្រជាជន​កម្ពុជា​ពេញ​វ័យ​ប្រមាណ​ជា​ ២,១ ​លាន​នាក់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​អាន និង​សរសេរ​។

នោះ​ក៏​មក​ពី​មាន​ផលវិបាក​ខ្លះ​ដែរ​ដែល​លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន​មិន​បាន​លើក​ទឹកចិត្ត​ក្នុង​ការ​អាន និង​សរសេរ​នៅ​ក្នុង​ថ្នាក់ និង​ដាក់​កិច្ច​ការងារ​នៅ​ផ្ទះ​ជាពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​សិស្ស​ចេះ​តែ​ស្រួល​ទៅ​តាម​រយៈ​ការ​លក់​ឯកសារ​ឲ្យ​កូន​សិស្ស​ហើយ​បង្រៀន​ខ្វិចខ្វិលៗ​ដល់​ម៉ោង​ទៅ​ផ្ទះ​ចំណុច​នេះ​គឺ​កូន​សិស្ស​មិន​បាន​អនុវត្ត​ក្នុង​ការ​សរសេរ​ប្រចាំ​ថ្ងៃ​នោះទេ​។

ករណី​រិះគន់​ទាំង​នេះ​ក្រសួង​អប់រំ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ការ​អប់រំ​យ៉ាង​ណា​ឲ្យ​ភាសា​ជាតិ​មាន​តម្លៃ និង​ការ​ប្រើប្រាស់​ភាសា​ជាតិ​ឲ្យ​កាន់​សុក្រឹត​បន្ថែម​ទៀត​តាមរយៈ​ការ​ដាក់​បញ្ចូល​ការ​សរសេរ​តាម​អាន​ក្នុង​កម្មវិធី​សិក្សា ​និង​ប្រឡង​នៅ​កម្រិត​មធ្យម​បឋម​ភូមិ​ពី​ថ្នាក់​ទី​ ៧ ដល់​ថ្នាក់​ទី​ ៩ តាំង​ពី​ចុង​ឆ្នាំ​ទៅ​។

ស្រប​គ្នា​ទៅ​នឹង​គោល​នយោបាយ​ថ្មី​នេះ​ដែរ​មាន​សាលា​រៀន​ឯកជន​ខ្លះ​បាន​រៀបចំ​រួច​ហើយ​សម្រាប់​ពង្រឹង​ការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​រៀន​នៅ​សាលា​ពួកគេ​ដូចជា​នៅ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ (AIS) បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​ប្រចាំ​ឆ្នាំ​លើ​វិញ្ញាសា​ការ​អាន និង​ការ​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ​ប្រកួត​លើក​នេះ​គឺជា​ឆ្នាំ​ទី​ ៣ ​ហើយ​។

លោកគ្រូ ហ៊ីង សារ៉ុន ប្រធាន​ក្រុម​បច្ចេកទេស​ភាសា​ខ្មែរ​នៃ​សាលារៀន​ AIS​ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​គោលបំណង​នៃ​ការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ការ​អាន និង​តាក់តែង​អត្ថបទ​នេះ​គឺ​ក្នុង​ការ​ចង់​ពង្រឹង​បន្ថែម​នូវ​គុណភាព​ភាសា​ជាតិ​តាមរយៈ​ការ​អាន ​និង​សរសេរ​នេះ​។

ការ​ប្រឡង​ចែកចេញ​ជា​ ២ ​ក្រុម​គឺ​ក្រុម​ថ្នាក់​ទី​ ៧-ទី​ ៩ និង​ក្រុម​ថ្នាក់​ទី​ ១០-ទី​១២ ដំណើរ​ការ​នៃ​ការ​ប្រឡង​ចែក​ចេញ​ជា​ ៣ ​ដំណាក់កាល​គឺ​ទី​ ១) ការ​ប្រឡង​អាន​ដូច​លោក​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់ ទី​ ២) គឺ​វិញ្ញាសា​ជាច្រើន​ឲ្យ​ជ្រើសរើស​សរសេរ ទី​ ៣) ​ចុងក្រោយ​គឺ​ការ​កំណត់​ម៉ោង​ឲ្យ​សរសេរ​ភ្លាម និង​សួរ​ភ្លាម​។ រីឯ​ជយលាភី​បាន​ពាន​រង្វាន់ ម៉េងលី ជេ គួច និង​ការ​បញ្ចុះ​តម្លៃ​ការ​សិក្សា​ពី​ ៥០ ​ភាគរយ​រហូត​ដល់​ ១០០ ​ភាគរយ​ហើយ​ក៏​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ​សម្រាប់​កូន​សិស្ស​»​។

សំណួរ​សួរ​ថា​សាលា​ឯកជន​មាន​ថវិកា​ធ្វើការ​ប្រកួត​ដូច្នេះ​បាន​ចុះ​សាលា​រដ្ឋ​ធ្វើ​បាន​ដែរ​ឬ​អត់​បើ​រដ្ឋ​គ្មាន​ថវិកា​ចំណាយ​ដូច​នេះ​? ចម្លើយ​គឺ​អាច​ធ្វើ​បាន​ដោយ​សាលា​រដ្ឋ​ដាក់​សំណើ​សុំ​ទៅ​តាម​អង្គការ​ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជួយ​ជា​រង្វាន់​លើក​ទឹកចិត្ត​ដល់​កុមារ​ក្នុង​ការ​ប្រកួត​អាន និង​ការ​សរសេរ​អត្ថបទ​ភាសា​ខ្មែរ​។ តែ​មាន​ករណី​ខ្លះ​កន្លង​មក​សាលា​រៀន​ខ្លះ​នៅ​មិន​ទាន់​បើក​ចិត្ត​ឲ្យ​ទូលាយ​នូវ​ការ​ទទួល​យក​ជា​រង្វាន់​ជួយ​ដល់​សិស្ស​ពូកែ​នោះ​ទេ​ដូចជា​ថ្មីៗ​នេះ​មាន​ការ​ត្អូញត្អែរ​ពី​ស្ថាប័ន​ធនាគារ​ឯកជន​មួយ​បាន​ដាក់​សំណើ​សុំ​ទៅ​សាលា​រដ្ឋ​ដើម្បី​ជួយ​ផ្តល់​ជា​រង្វាន់​ដល់​សិស្ស​ដែល​រៀន​ពូកែ​មាន​ចំណាត់​ថ្នាក់​ពី​លេខ​ ១ ​ដល់​លេខ​ ៥ តែ​មាន​ការ​សោកស្តាយ​ដោយ​លោក​នាយក​សាលា​ប្រាប់​ទៅ​មន្ត្រី​ធនាគារ​វិញ​ថា​សូម​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ទៅ​។

លទ្ធផល​នេះ​គឺជា ​របាំង​មួយ​ដែល​នៅ​មាន​លក្ខណៈ​សាំញ៉ាំ​នៅ​ឡើយ​សម្រាប់​សាលា​រៀន​មួយ​ចំនួន​។

ចំពោះ​កំណែ​ទម្រង់​ភាសា​ខ្មែរ​នេះ​ក្រសួង​អប់រំ​ទទួល​យក​ការ​បង្កើត​ពាក្យ​ថ្មីៗ និង​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​របស់​វិទ្យាស្ថាន​ភាសា​ជាតិ និង​មាន​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​រាល់​ភាសា​ជាតិ​ពី​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​រាជបណ្ឌិត្យ​សភា​កម្ពុជា​មក​អនុវត្ត​នៅ​តាម​សាលា​រៀន​។ សំណួរ​ថា​តើ​ពួកគាត់​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​?

តាមរយៈ​សាស្ត្រាចារ្យ វង្ស មេង អនុប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​បាន​មាន​ប្រសាសន៍​ថា​៖ «​វិទ្យាស្ថាន​បាន​រៀបចំ​បង្កើត​ពាក្យ​ថ្មីៗ និង​ពន្យល់​បន្ថែម​ឲ្យ​កាន់តែ​ងាយ​យល់​ទៅ​លើ​វចនានុក្រម សម្តេចសង្ឃ ជួន ណាត ដែល​មាន​មេពាក្យ​ប្រមាណ​ជា​ ២ ​ម៉ឺន​ពាក្យ​ហើយ​ដែល​កាលណោះ​វិទ្យាស្ថាន​បាន​អនុម័ត្រ​នូវ​វចនានុក្រម​ភាសា​ខ្មែរ​បាន​ដល់​ទៅ​ជាង​ ៤ ​ម៉ឺន​មេពាក្យ​ហើយ​ក៏​បាន​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​ ២០០៥ ​។ តែ​ដោយសារ​ថវិកា​មាន​កំណត់​គឺ​បោះពុម្ព​លើ​ទី​ ១ ​បាន​ចំនួន​ប្រមាណ​ជា​ ២ ​ពាន់​ក្បាល​ចែក​ជូន​តាម​ស្ថាប័ន​ក្រសួង មន្ទីរ​តាម​ខេត្ត និង​រាជធានី​ទូទាំង​ប្រទេស និង​ផ្សព្វផ្សាយ​តាម​វេបសាយ ww.nckl.gov.kh និង​ក្រុមហ៊ុន​ជួយ​បោះពុម្ព​សរុប​ចំនួន​ ៣ ​ពាន់​បន្ថែម​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​»។​

លោក​សាស្ត្រាចារ្យ​បាន​រំឭក​ពី​ប្រើ​ពាក្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​គឺ​ការ​ប្រើ​ពាក្យ​ដែល​មាន​ពាក្យ​ដើម​របស់​វា​អ្វី​ជា​ព្យាង្គ​តម្រួត ឬ​ក៏​ព្យាង្គ​​រាយ​ឧទាហរណ៍​ដូចជា​ប្រើ​ពាក្យ​ព្យាង្គ​តម្រួត​ត្រឹម​ត្រូវ «​សម្រប​សម្រួល​» មក​ពី​ឫស​ដើម​របស់​វា​គឺជា​មក​ពី​ពាក្យ​ «​ស្រប​» និង​ «​ស្រួល​» ​។

រីឯ​ ពាក្យ​ថា ​ព្យាង្គ​រាយ​ត្រឹមត្រូវ «​ជំងឺ​» មក​ពី​ឫស​ដើម​របស់​វា​គឺ​ជា​ពាក្យ​ «​ឈឺ​» ​ហើយ​ថ្មីៗ​នេះ​ការ​ឈប់​លែង​ឲ្យ​ប្រើ​សញ្ញា​ផាត់​លើ​ពាក្យ​ទី​ ២ ​ដែល​មាន​ជើង​ព្យញ្ជានៈ​ «​ ័» ដូចជា​ពាក្យ​ត្រឹមត្រូវ «​ទូរសព្ទ​» «​សញ្ញាបត្រ​» និង​ «​វិក្កយបត្រ​» តែ​ក៏​មាន​ករណី​លើក​លែង​ខ្លះ​ដែរ ដែល​ការ​លុប​ពាក្យ​នោះ​ធ្វើឲ្យ​ច្រឡំ​គ្នា​អ៊ីចឹង​ទុក​សញ្ញា « ័» ​ឲ្យ​នៅ​ដដែល​ដូចជា​ពាក្យ «​ប្រព័ន្ធ​»និង​«​ប្រពន្ធ​» ត្រឹមត្រូវ​ដូច​គ្នា​តែ​ន័យ​ខុស​គ្នា​គឺ​ទុក​ឲ្យ​នៅ​ដដែល​ដូច​មុន​ហើយ​លោក​ក៏​បាន​រិះគន់​ការ​ប្រើ​ឃ្លា​មិន​ត្រឹម​ត្រូវ​របស់​ពិធីករ​ទូរទស្សន៍​ខ្លះ​ដូចជា​ឃ្លា​មិន​ត្រឹមត្រូវ «​អរគុណ​ចំពោះ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​» ឃ្លា​ដែល​ត្រឹមត្រូវ​គឺ​គ្មាន​ពាក្យ​«​ចំពោះ​» ​ទេ​គឺ​ «​អរគុណ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​»​។

នេះ​គឺជា​ការ​ហាត់​ចំណាំ​ការ​ប្រើ​ភាសា​ខ្មែរ​ដូច​គ្នា​ទៅ​នឹង​ភាសា​បរទេស​ដែល​មាន​ករណី​លើកលែង និង​ការ​បង្កើត​ពាក្យ​ថ្មីៗ​របស់​គេ​ដែរ​។ តែ​អ្នក​ប្រើ​ភាសា​ភាគច្រើន​ខំប្រឹង​តែ​បើក​មើល​កែ​តម្រូវ​តែ​ភាសា​បរទេស​ដោយ​មិន​សូវ​ខ្វល់ខ្វាយ​រឿង​ភាសា​ជាតិ​នោះ​ទេ​។

ជាង​នេះ​ទៅ​ទៀត​លោក​សាស្ត្រាចារ្យ សន ពៅ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុម​ប្រឹក្សា​នេះ​មាន​អ្នក​ជំនាញ​គ្រប់​ស្ថាប័ន​ដើម្បី​ជួយ​សម្រួល​វិទ្យាស្ថាន និង​ជា​ស្ថាប័ន​អនុម័ត​លើ​ការ​បង្កើត​ពាក្យ​ថ្មី និង​ពន្យល់​បន្ថែម​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាសា​ជាតិ​កាន់​ប្រសើរ​ឡើង​បើ​ទោះបី​ជា​ពេល​ខ្លះ​យើង​ក៏​ខ្ចី​ពាក្យ​បច្ចេកទេស​ពី​គេ​មក​ប្រើ​ផង​ដែរ​ដូចជា កុំព្យូទ័រ វេបសាយ និង​យេនឌ័រ ជាដើម​។ មុន​នឹង​អនុម័ត​នៅ​លើ​ក្រុម​ប្រឹក្សា​ពិនិត្យ​អនុវត្ត​ទៅ​តាម​នីតិវិធី​សំខាន់​នោះ​គឺ​ការ​ចេញ​ជា​ព្រឹត្តិបត្រ និង​សទ្ទានុក្រម​សិន​ដើម្បី​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​គ្រប់​ស្រទាប់​វណ្ណៈ​មុន​នឹង​ធ្វើការ​ចងក្រង​ជា​វចនានុក្រម​។ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រុម​ប្រឹក្សា​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បោះពុម្ព​ចំនួន​ឲ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ​ទាំង​ជា​ព្រឹត្តិបត្រ​ទាំង​សទ្ទានុក្រម និង​ទាំង​វចនានុក្រម​ថ្មី​នៅ​ឡើយ​ទេ​គឺ​បាន​ត្រឹមតែ​ចែក​រំលែក​បង្ហោះ​តាម​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ​​»។

ចំពោះ​ការ​ប្រើ​ពាក្យ​ថ្មីៗ និង​ឃ្លាឃ្លោង​ក្នុង​ការ​តាក់តែង​ច្បាប់​គោល​នយោបាយ គោលការណ៍​ណែនាំ ឬ​ក៏​សំបុត្រ​ស្នាម​បាន​ត្រឹមត្រូវ​គឺ​មាន​សរសើរ​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួង និង​ស្ថាប័ន​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ចំពោះ​រាល់​ឯកសារ​ដែល​ចេញ​ពី​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ.ជ.អ.ប​) កម្រ​ខុស​ណាស់​ជាពិសេស​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​សរសើរ​ស្ថាប័ន​នេះ​នៅក្នុង​អង្គ​សិក្ខាសាលា​មួយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ថា​៖ «​បើ​ភាសា​អង់គ្លេស​ខុស​មិន​ជា​អ្វី​ទេ​តែ​បើ​ប្រើ​ភាសា​ខ្មែរ​ជាតិ​ឯង​ខុស​បាន​ជា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​មែនទែន​។ តែ​រាល់​ឯកសារ​របស់​ គ.ជ.អ.ប ​បាន​សរសេរ និង​តាក់តែង​មាន​ភាព​រលូន​ហើយ​មិន​ខុស​ពាក្យ និង​ងាយ​យល់​»​។

សរុប​មក​វិញ​បញ្ហា​ជា​ចំណុច​ចម្បងៗ​គឺ​មាន​តែ​ ៣ ​ទេ​ដែល​ជា​របាំង​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​នោះ​គឺ​ទី​ ១) ការ​រក​ថវិកា​មក​បោះពុម្ព​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​វចនានុក្រម​ថ្មីៗ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​គឺ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ខ្វះ​ថវិកា​សម្រាប់​ការ​ធ្វើការ​បោះពុម្ព​ និង​ផ្សព្វផ្សាយ​គឺ​បើ​គ្រាន់តែ​យក​ថវិកា​ដែល​រឹបអូស​បាន​ពី​អតីត​មន្ត្រី​ពុករលួយ​ និង​ជួញដូរ​គ្រឿងញៀន​ដូចជា ទណ្ឌិត ហេង ពៅ ទណ្ឌិត អាំង ម៉ាលតី ទណ្ឌិត ម៉ឹក ដារ៉ា ជាដើម​ដោយ​យក​ថវិកា​ទាំង​នោះ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ភាសា​ជាតិ​បាន​យ៉ាង​ស្រួល​។

ទី​ ២) ពង្រីក​ការ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​ពី​អ៊ីនធឺណិត ឬ​ក៏​បណ្តាញ​សង្គម​បញ្ចូល​ក្នុង​កម្មវិធី​ក្នុង​កុំព្យូទ័រ​ហើយ​ជាពិសេស​តាមរយៈ​ទូរទស្សន៍ និង​កាសែត​អ្នក​បកប្រែ​ភាសា អ្នក​ស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ​ដែល​ជា​អ្នក​ដើរ​តួ​សំខាន់​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ឲ្យ​ត្រឹមត្រូវ​។

ទី​ ៣) បើ​ទោះបី​ជា​យើង​ចូលរួម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​ប្រើ​ភាសា​អង់គ្លេស​ក៏ដោយ​ក៏​យើង​ជួយ​ដាស់​តឿន​គ្នា​ឲ្យ​កែប្រែ​ឥរិយាបថ​ទាំងអស់​គ្នា​ម្នាក់​បន្តិចៗ​ឲ្យ​ប្រើប្រាស់​វចនានុក្រម និង​ហ៊ាន​រិះគន់​គ្នា​អ្នក​ដែល​ប្រើ​ពាក្យ​ខ្មែរ​ខុស​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍