​អ្នករត់ពន្ធ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន នៅឯ​អាកាសយានដ្ឋាន​មួយ ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូ​ឌី ក្រោយ​ត្រូវបាន​ចាប់បាន​ជាមួយ​ស្រា​ជាច្រើន​ដប រុំ​ព័ទ្ធ​ផ្នែក​ខាងក្រោម​នៃ​ដងខ្លួន​របស់គាត់ ។​

​បើទោះជា​ការពិត​ថា ស្រា​គឺ​គ្រឿង​ស្រវឹង​ខុសច្បាប់ ហើយ​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​ក្តី​, ក៏​ពួក​អ្នករត់ពន្ធ​ទាំងនោះ នៅតែ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណា​ដើម្បី​អាច​នាំយក​ទំនិញ​ត្រូវ​ហាមឃាត់​ចូលក្នុង​ប្រទេស​ដែរ ។​

​តាមច្បាប់​នៅក្នុង​ប្រទេស​អា​ប៊ី​រ៉ា​ប៊ី​សា​អូឌីត​, ប្រសិន​អ្នកណាម្នាក់​ត្រូវបាន​រកឃើញ​កំពុងកាន់​កាប់​ស្រា​, ស្រា​បៀរ ឬ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ដទៃទៀត នោះ​នឹង​ប្រឈម​ទោស​ជាប់ពន្ធនាគារ និង​វាយ​នឹង​រំពាត់ ។​

​កាលពី​ឆ្នាំមុន​, ពួក​មន្ត្រី​គយ​បាន​បង្ហោះ​ផ្សាយ​រូបភាព​ជាច្រើន ពី​សកម្មភាព​ជនល្មើស​ប៉ុនប៉ង​ពុំបាន​ជោគជ័យ ក្នុងការ​រត់ពន្ធ​ស្រា​ចូលក្នុង​ប្រទេស នៅលើ​បណ្តាញ​សង្គម ដែល​ក្នុងនោះ​រួមមាន Twitter ។​

Twitter គឺមាន​ការពេញនិយម​លេង​ណាស់ នៅក្នុង​ប្រទេស​នេះ​, ហើយ​ពួក​មន្ត្រី​សង្ឃឹមថា រូបភាព​ទាំងនោះ​នឹង​ដាស់សតិ​អារម្មណ៍​មនុស្ស ក៏ដូចជា​រារាំង​មនុស្ស​ដែល​កំពុង​គិត​ផ្លូវ​នេះ ងាក​ទៅរក​មុខរបរ​ស្របច្បាប់​សមរម្យ​ណា​ផ្សេង នៅក្នុង​សង្គម ។​

​យ៉ាងណាមិញ រូបភាព​ថ្មីៗ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​អ្នករត់ពន្ធ​ម្នាក់ បាន​យក​ដប​ស្រា​ចំនួន ១០ រុំ​ព័ទ្ធ​នៅ​ពី​ខាងក្រោយ​ភ្លៅ និង​កំភួនជើង​របស់គាត់ ដោយ​ប្រើ​ស្កុ​ត ។​

​គាត់​ត្រូវបាន​ឆែក​ឆរ និង​ឃាត់ខ្លួន ក្រោយពី​ពួក​មន្ត្រី​គយ​បាន​កត់សម្គាល់ថា គាត់​កំពុង​បង្ហាញ​ឥរិយាបថ​ដើរ​ដូចជា​ពិបាក​ខុសប្លែក​ពីគ្នា ៕

none_7838