(អាមេរិក)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃនេះ បានជួបជាមួយមហាសេដ្ឋី វ័យក្មេង និងជាមេធំ Facebook គឺលោក Mark Zuckerberg នៅទីតាំងស្នាក់ការកណ្ដាល​របស់ក្រុមហ៊ុន Facebook ស្ថិតនៅក្នុងតំបន់ Menlo Park រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក នេះបើយោងតាម Facebook Page របស់លោក Mark Zuckerberg ដែល​ទើបនឹង​បង្ហោះ នៅព្រឹកថ្ងៃនេះ។

តាមរយៈសារ ដែលបានបង្ហោះ លោក Mark Zuckerberg បានបង្ហាញនូវអារម្មណ៍សប្បាយរីក​រាយ ដែលមានឱកាសបានជួបជាមួយលោក Widodo ជាលើកទីពីរ។ នៅក្នុងជំនួបនេះ លោក Zuckerberg បានបញ្ជាក់ថា លោក និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី បាន​ពិភាក្សាគ្នា​ទៅលើ​ការ​បង្រឹងនូវទំនាក់ទំនងរវាង Facebook និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនោះ Mark Zuckerberg ក៏បានសន្យានឹងបង្រីក​បន្ថែមនូវសេវាកម្ម Internet.org សម្រាប់​ពលរដ្ឋឥណ្ឌូនេស៊ី ដើម្បីឲ្យពួកគាត់បានប្រើប្រាស់អ៊ីនធើណែត ក្នុងគោលដៅផ្សារភ្ជាប់ជាមួយមនុស្សគ្រប់គ្នា​ទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៤ លោក Mark Zuckerberg បានជួបជាមួយលោក Widodo នៅក្នុងទីក្រុងចាកាតា ដោយនៅក្នុងជំនួបនោះ លោក Mark Zuckerberg បាន​សម្រេច​ចិត្តបង្កើតការិយាល័យមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រមទាំងបាននាំយកនូវសេវាកម្ម Internet.org ដោយបានសហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងក្រុមហ៊ុនឯកជន ដើម្បីពង្រីក​វិស័យអ៊ីនធើណែតនៅក្នុងប្រទេស ខណៈដែលអំឡុងពេលនេះ អ្នកប្រើអ៊ីនធើណែតមានត្រឹមតែ ២៨ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះ៕

12744063_10102658254478511_2132751744600163877_n

1233451_10102658254832801_8184534912641618874_n

ប្រភពៈ freshnewsasia