ការបោះឆ្នោត Super Tuesday នៅ​ក្នុង​រដ្ឋ​ចំនួន ១១ របស់​អាមេរិក បាន​បង្ហាញ​ថា មហាសេដ្ឋី អចលនទ្រព្យ ដូណាល់ ត្រាំ មក​ពី​គណបក្ស​សាធារណរដ្ឋ ហើយ​និង​លោកស្រី ហ៊ីឡារី គ្លីនតុន នៅ​គណបក្ស​ប្រជាធិបតេយ្យ បាន​ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ​គេ។ លោកស្រី ហ៊ីឡារី គ្លីនតុន អតីត​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ឈ្នះនាំមុខ គូប្រជែង របស់​លោកស្រី នៅក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ខ្លាំង​នៅក្នុង​រដ្ឋចំនួន ៧ ក្នុង​រដ្ឋសរុប ១១។

3434sn29

លោកស្រី​ហ៊ីឡារី គ្លីនតុន និង​លោក​ដូណាល់ ត្រាំឈ្នះ​នាំមុខ​គេ​នៅក្នុង​ការបោះឆ្នោត​super tuesday កាលពី​ថ្ងៃ​ទី ១​មីនា ២០១៦

ការបោះឆ្នោត super Tuesday ដែល​ជាព្រឹត្តិការណ៍​ដ៏សំខាន់​មួយ នៅក្នុង​ដំណើរការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក បាន​បិទ​បញ្ចប់​នៅ​យប់​ថ្ងៃ​អង្គារ ទី ១​មីនា។ មហាសេដ្ឋី លោក​ដូណាល់ ត្រាំ ឈ្នះ បាន​ទទួល​ការគាំទ្រ​នាំមុខគេ ពី​ខាង​សមាជិក​របស់​បក្ស​សាធារណរដ្ឋ នៅក្នុង​រដ្ឋ​ចំនួន ៧ ក្នុង​ចំណោម​រដ្ឋ​សរុប​ចំនួន ១១។ លោក​ថេត គ្រូស គូប្រជែង​របស់លោក​ដូណាល់ ត្រាំ ក្នុង​បក្ស​សាធារណរដ្ឋ ឈ្នះ​បាន​តែ​បី​រដ្ឋ​ប៉ុណ្ណោះ។ ចំណែក​បេក្ខជន​ក្មេងជាងគេ លោក ម៉ារកូ រុយប៊ីយ៉ូ បាន​ឈ្នះ​បាន​ការគាំទ្រ​តែ​នៅក្នុង​រដ្ឋ​មួយ​ប៉ុណ្ណោះ គឺ​រដ្ឋ​មីនីសូតា។

នៅ​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី អតីត​រដ្ឋមន្រ្តី​ការបរទេស ហ៊ីឡារី គ្លីនតុន ឈ្នះ នាំមុខ គូប្រជែង​របស់​លោកស្រី ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​ពី​សមាជិក​ក្នុង​គណបក្ស ក្នុង​រដ្ឋ​ចំនួន ៧ ដូច​លោក​ដូណាល់ត្រាំ​ដែរ។

ការបោះឆ្នោត Super Tuesday កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ គឺ​ជា​ដំណាក់កាល​គន្លឹះ សំខាន់​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ព្រោះ​វា​អាចបង្ហាញ​ឲ្យ​ដឹង​ថា តើ​បេក្ខជន​ណាមួយ ដែល​នឹងអាច​មាន​សំណាង​ច្រើនជាងគេ ទៅ​ឈរ​ជា​តំណាង​ឲ្យ​គណបក្ស​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​វិច្ឆិកា​ខាងមុខ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ លទ្ធផល​ឆ្នោត Super Tuesday មិនមែន​ជា​អ្នកកំណត់​ដាច់ស្រេច​ថា បេក្ខជន​នឹង​ឈរតំណាង​ឲ្យ​គណបក្ស​នោះទេ។ ការបោះឆ្នោត ស្វែងរក​ការគាំទ្រ​ពី​សមាជិក​របស់​បក្ស​រៀងៗ​ខ្លួន នៅ​បន្តធ្វើ តទៅទៀត នៅក្នុង​រដ្ឋ​អាមេរិក ចំនួន ៣៥។ ​គេ​អាច​ស្គាល់មុខ​បេក្ខជន ដែល​ត្រូវ​បាន​គេ​តែងតាំង​ជា​ផ្លូវការ គឺ​នៅក្នុង​ការបោះឆ្នោត​ចុងក្រោយ នៅក្នុង​គណបក្ស នៅ​ខែ​កក្កដា ដែល​គេ​ហៅថា Convention។

RFI-FR-REP-DEM-Etats-gagnes-par_0

ជាការពិត លោក​មហាសេដ្ឋី អចលនទ្រព្យ ដូណាល់ ត្រាំ ប្រមូល​បាន​សំឡេង​គាំទ្រ​ពី​សមាជិក​បក្ស​សាធារណរដ្ឋ នៅក្នុង​រដ្ឋចំនួន​៧ ក្នុង​ចំណោម​រដ្ឋដែល​ត្រូវ​បោះឆ្នោត​ចំនួន ១១ ពោល​គឺ​នាំមុខ​ដាច់ គូប្រជែង​ក្នុង​បក្ស​របស់លោក ៤នាក់​ផ្សេងទៀត។ ប៉ុន្តែ នេះមិនមែន​មានន័យ​ថា លោក​ដូណាល់ ត្រាំ​នឹង​ក្លាយ​ជា​បេក្ខជន ផ្លូវការ សម្រាប់​ឈរ​តំណាង​គណបក្ស​សាធារណរដ្ឋ ដើម្បី​ទៅ​ប្រជែង ជាមួយ បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ នៅក្នុង​ការបោះឆ្នោត ប្រធានាធិបតី​នាខែ​វិច្ឆិកា​ខាងមុខដែរ។ ករណី លោកស្រី ហ៊ីឡារី គ្លីនតុន នៅ​គណបក្ស​ប្រជាធិបតេយ្យ ក៏​ដូចគ្នា ដែរ។ ទោះជា​លោកស្រី ឈ្នះ ធំធេង ទទួល​បាន​សំឡេង​គាំទ្រ ក្នុង​រដ្ឋ ចំនួន ៧ ក៏ពិតមែន ប៉ុន្តែ បេក្ខជន ប្រជែង​របស់លោកស្រី នៅក្នុង​បក្ស​ប្រជាធិបតេយ្យ គឺ​លោក​ប៊ែនី សេនឌ័រ ក៏​មិនអន់ដែរ។ លោក​បាន​ឈ្នះ​ការគាំទ្រ ក្នុង​រដ្ឋ​ចំនួន​៤ ហើយ​និង​បាន​ប្តេជ្ញា ថា នឹង​នៅ​តស៊ូ មិនបោះបង់​ចោល​សមរភូមិ​ប្រយុទ្ធទេ។ លោក​នឹង​តស៊ូ ស្វែងរក​ការគាំទ្រ បន្តទៀត រហូត​ដល់​ថ្ងៃបោះឆ្នោត ចុងក្រោយ ក្នុង​គណបក្ស​ប្រជាធិបតេយ្យ នៅ​ខែ​កក្កដា ខាងមុខ។

នៅ​ខាង​គណបក្ស​សាធារណរដ្ឋ​វិញ បេក្ខជន ប្រជែង​របស់​លោកដូណាល់ត្រាំ ក៏​មាន​ជំហរ​ដូចគ្នា​ដែរ គឺ​មិន​ចុះចាញ់​លោក​មហាសេដ្ឋី អចលនទ្រព្យ​នោះទេ។ សមរភូមិ​ប្រជែងគ្នា នៅ​មាន​តទៅទៀត។ លោក​ថេត គ្រូស សមាជិក​ព្រឹទ្ធសភា មក​ពីខាងក្រុមអភិរក្ស​និយមជ្រុល ដែល​ឈរ​នៅ​លំដាប់​លេខរៀង​ទី ២ ក្រោយ​លោក​ដូណាល់ ត្រាំ បាន​ប្រកូកប្រកាស​ឲ្យ​បេក្ខជន​ដទៃ ទៀត នៅក្នុង​គណបក្ស​សាធារណរដ្ឋ​លះបង់​ចោល​ការតស៊ូ និង​មកចូល​រួបរួម​ជាមួយ​លោក ដើម្បី ផ្តួល​លោក​ដូណាល់ ត្រាំ ដែល​លោក​ចាត់ទុក​ជា​មនុស្ស​មិន​សក្តិសម នឹង​ឈរ​ឈ្មោះ ជាអ្នកតំណាង​ឲ្យ​បក្ស​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី។ លោក​ថេត គ្រូស​នៅ​បាន​ថ្កោលទោស​លោក​ដូណាល់ត្រាំ ថា ជាអ្នកកំពុង​បំផ្លាញ​បក្ស តាមរយៈ សំដី​របស់លោក នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
 
លោកដូណាល់ ត្រាំ៖​បេក្ខជន​ដែល​រើសអើង និង​មិនចូលចិត្ត​មនុស្សស្រ្តី
ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​លើកនេះ ត្រូវ​កត់សំគាល់​ខ្លាំង ដោយ​សង្រ្គាម​ប៉ាកការ និង​រឿង​ចម្រូងចម្រាស​ដែល​លោក​ដូណាល់ ត្រាំ បាន​បង្កើត​ឡើង ជាហូរហែ ចាប់តាំង​ពីលោក​បាន​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត។ លោក​ត្រូវ​បាន​គេ​ចាត់ទុក​ជា​បេក្ខជន​ដែល​រើសអើង មើលងាយ​ជនបរទេស ស្រ្តី ហើយ​និង​ជនពិការ។ នៅ​ពេល​លោក​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនា​ដំបូង នៅ​ខែ​ក្តៅ ឆ្នាំ​ទៅមិញ លោក​ដូណាល់ត្រាំ ធ្លាប់​បាន​ប្រកាស​ថា បើ​លោក​ជាប់ឆ្នោត ជា​ប្រធានាធិបតី នោះ​លោក​នឹង​បញ្ជូន​ជនបរទេស ខុសច្បាប់ ទាំង ១១​លាន​នាក់​ចេញ​ពី​ទឹកដី​អាមេរិក។ លោកដូណាល់ ត្រាំដែល​ចង់​ឲ្យ​គេ​សង់​ជញ្ជាំង​នៅ​ព្រំដែន​អាមេរិក និង​ម៉ិចស៊ិក បាន​និយាយ​ក្តែង ថា ជនជាតិ​ម៉ិចស៊ិក​ជា​មនុស្ស​មិន​ល្អ ជា​ជនចាប់រំលោភ និង​នាំគ្រឿងញៀន អំពើអបាយមុខ ចូលក្នុង​ទឹកដី​អាមេរិក។

លោក​ដូណាល់ ត្រាំ ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា លោក​នឹង​បិទ ហាម​មិន​ឲ្យអ្នកកាន់សាសនា​អ៊ីស្លាម​ចូល​ទឹកដី​អាមេរិក។ សំដី​នេះ ធ្វើឡើង នៅក្រោយ​ទីក្រុង​ប៉ារីស​រង​អំពើភេរវកម្ម​បង្កឡើង​ដោយ​សកម្មជន​របស់​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម នៅទឹកដី​ស៊ីរី។ ក្រៅពីនេះ លោកដូណាល់ ត្រាំ ត្រូវ​បាន​គេ​ស្គាល់​ថា ជាបេក្ខជន មាត់ឆៅ និយាយ​ជេរ​ប្រទេច ផ្តាសា ក្រុមគូប្រជែង មិនថា ពួកគេ ជា​ស្រ្តី ឬ​បុរស​នោះទេ។ គេ​ចាត់ទុក​ជាលោក​ដូណាល់ ត្រាំ ជា​បេក្ខជន មក​ពី​ក្រុមអ្នកជំនួញ និង​មិនចូល​ចិត្ត​មនុស្ស ស្រ្តី ដោយ​លោក​បាន​ប្រកាស​ជំហរ​ប្រឆាំង​នឹង​ការរំលូតកូន នៅ​អាមេរិក។ ចុងក្រោយ​នេះ គេ​បាន​រិះគន់​លោក​ថា មានសមានចិត្ត​ទៅរក​ក្រុម Klux Klan ដែល​ជា​ក្រុមស្បែកស​ជ្រុលនិយម ស្អប់​ជនជាតិ​ស្បែកខ្មៅ នៅ​អាមេរិក។

សំដីរើសអើង និង​ជំហរ​អួតក្អេងក្អាង បាន​ធ្វើ​ឲ្យ​ លោក​ដូណាល់ ត្រាំ ត្រូវ​អ្នកវិភាគ​ជាច្រើន​មើលឃើញ​ថា ជា​បេក្ខជន​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​អនាគត របស់​បក្ស​សាធារណរដ្ឋ ក្នុង​ករណី​ដែល​លោក​ឈ្នះ​បាន​ការគាំទ្រ នៅក្នុង​បក្ស​ដើម្បី ទៅ ប្រជែង​ជាមួយ​បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ។ អ្នកវិភាគ​មួយចំនួន​ហ៊ាន​ទាំង​និយាយ​ថា ការបែកបាក់​ផ្ទៃក្នុង​បក្ស​សាធារណរដ្ឋ ហើយ​និង​សំដី មិនដឹង​ទិសតំបន់ របស់​លោក​ដូណាល់ ត្រាំ នឹង​រឹត​តែ​ពង្រឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ រឹត​តែមាន​សង្ឃឹម​ឈ្នះឆ្នោត ព្រោះថា ក្រុមប្រជាជន​អាមេរិក​ស្បែក​ខ្មៅ ហើយ​និង​ប្រជាជន​អាមេរិកាំង មកពីគ្រួសារ​ថ្នាក់កណ្តាល ដែល​ជា​បន្លា​ក្នុង​កែវភ្នែក ​របស់​លោកដូណាល់ មុខជា​ត្រូវ​បង្ខំ​ចិត្ត​ទៅ​បោះឆ្នោត គាំទ្រ​គណបក្សប្រជាធិបតេយ្យ ដើម្បី ជៀសវាង​កុំ​ឲ្យ​លោក​ដូណាល់ត្រាំ អាច​ក្លាយ​ជា​ប្រធានាធិបតី​ដឹកនាំ​អាមេរិក​បាន។
 
ប្រជាជន​អាមេរិក​លែងជឿ​ទុកចិត្ត​អ្នកនយោបាយ
ក្រុម​ដែល​អាច​គាំទ្រ​លោក​ដូណាល់ ត្រាំ ភាគច្រើន​ជា​ប្រជាជន​អាមេរិក​ស្បែក​ស មិន​ជា​អ្នកមាន ឬ​អ្នកសិក្សា​បាន​ជ្រៅជ្រះ​នោះទេ។ ពួកគេ​ភាគច្រើន​មាន​អាយុ​ច្រើន និង​ស្អប់​ជនបរទេស (កន្លងមក ពួកគេ​មួយចំនួន​ធំ​មិនចេញ​ទៅ​បោះឆ្នោត)។ ម្យ៉ាងទៀត ការណ៍​ដែល​លោក​ដូណាល់ ត្រាំ​ក្លាយ​ជា​បេក្ខជន​មាន​ប្រជាប្រិយភាព ក៏​អាច​មកពី​លោក​ជា​បេក្ខជន​ថ្មី​ស្រឡាង មិន​ធ្លាប់​ប្រលូក​ក្នុង​នយោបាយ​ពីមុនមក។ បទពិសោធន៍​ធ្វើ​ជំនួញ​បាន​ជោគជ័យ​រហូត​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​បានទាក់ទាញ​អ្នកបោះឆ្នោត។ ដូណាល់ ត្រាំ​មាន​សំដី​អាក្រក់​ពិតមែន ប៉ុន្តែ អ្នកគាំទ្រ​របស់លោក​ជាច្រើន​យល់​ថា លោក​ជា​មនុស្ស​និយាយ​ពិត មិន​លាក់លៀម គឺ​មិន​ដូច​អ្នកនយោបាយ នោះទេ។ ប្រជាជន​អាមេរិក សព្វថ្ងៃ គឺ​កំពុង​ជិនណាយ​ខ្លាំង​ណាស់ នឹង​ការភូតភ និងមិនស្មោះត្រង់ របស់​អ្នកនយោបាយ ជាពិសេស មន្រ្តី ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន។

ប្រជាជន​អាមេរិកាំង ចង់​ផ្លាស់ប្តូរ ចង់​បាន​អាមេរិក​ដែល​មាន​របៀប​ដឹកនាំ​ថ្មី ប៉ុន្តែ គេ​មិនដឹងថា តើចំណង់​នេះ នឹង​អាច​ធ្វើ​ឲ្យប្រជាជន​អាមេរិក ខាតបង់ ឬ​ចំណេញ​បាន​ប៉ុណ្ណា​នោះទេ។ ការបោះឆ្នោត នៅក្នុង​គណបក្ស​នៅ​បន្ត​មាន រហូត​ដល់​Convention នៅក្នុង​គណបក្ស​នៅ​ខែ​កក្កដា។ ដើម្បី​បាន​ក្លាយ​ជា​បេក្ខជន​តំណាង​បក្ស ជា​ផ្លូវការ បេក្ខជន​ឈរ​ឈ្មោះ ត្រូវ​ប្រមូល​បាន​ការគាំទ្រ​ពី​សំលេង​ពាក់កណ្តាល របស់​សមាជិក​បក្ស។ នៅក្នុង​Convention ក្រៅតែ​ពី​ជ្រើសរើស​តែងតាំង បេក្ខជន​ផ្លូវការ​សម្រាប់​ការប្រកួតប្រជែង នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី គណបក្ស​អាច​ជ្រើសរើស​អ្នកតំណាង​គណបក្ស ក្នុង​រដ្ឋ ដែល​នឹង​ត្រូវ​ឈរឈ្មោះ​ឲ្យ​ប្រជាជន​អាមេរិកាំង​បោះឆ្នោត។ ប្រជាជន​អាមេរិក​មិន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដោយ​ផ្ទាល់​នោះទេ។ គឺ​អ្នកតំណាង​របស់​បក្ស​ទាំងពីរ​រាប់រយនាក់ ដែល​ទើប​បាន​ការបោះឆ្នោត​ទុកចិត្ត​ពី​ប្រជាជន ដែល​នឹង​ត្រូវ​បោះឆ្នោត បន្ត​ជ្រើសរើស ប្រធានាធិបតី៕

ប្រភពៈ RFI