ក្រុងឡាសវេហ្គាស: កីឡាករ Manny Pacquiao បាន​កត់ត្រា​ជ័យជម្នះ​ដ៏​រំភើប​មួយ​លើកីឡាករ​អាមេរិក Tim Bradley កាលពី​ថ្ងៃសៅរ៍ (ត្រូវនឹង​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​កម្ពុជា) ដើម្បី​បំពេញអាជីព​ប្រដាល់​រយៈពេល ២១ ឆ្នាំ​របស់​គេ​ជាមួយនឹង​ការបង្ហាញ​ពីភាព​ខ្លាំង​ដ៏គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការប្រកួត​ប្រដាល់​លើក​ចុងក្រោយ​របស់​គេ។

Pacquiao ដែល​បានឡើង​សង្វៀន​ប្រកួតជា​លើកទី ១ បើ​គិត​ចាប់​តាំងពី​ការរង​បរាជ័យ​របស់​គេ​ក្រោម​ស្នាដៃ​កីឡាករ Floyd Mayweather កាលពី​ខែ​ឧសភា ក្នុង​ការ «ប្រកួត​ប្រចាំសត​វត្សរ៍» បាន​ធ្វើឲ្យ Bradley ដួល​ចំនួន ២ លើកក្នុង​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទរបស់​គេ។



ពិន្ទុ​របស់​ចៅក្រម​នៅ​សង្វៀន MGM Grand Garden Arena បាន​បង្ហាញពី​ការ​គ្រប់គ្រង​ទាំងស្រុង​របស់ Pacquiao ខណៈ​ម្ចាស់ខ្សែ​ក្រវាត់​ពិភពលោក ៨ ប្រភេទ​ទម្ងន់​ផ្សេងៗ​គ្នាវ័យ ៣៧ ឆ្នាំ​រូបនេះ បានឈ្នះ​ក្នុង​ពិន្ទុ ១១៦-១១០ ដូចគ្នា​ពី​ចៅក្រម​ទាំងបី។

pacioa_0

Manny Pacquiao (ឆ្វេង) វាយ​កណ្តាប់​ដៃ​ឆ្វេង​ទៅ​លើ Tim Bradley ក្នុង​ជំនួប​កាលពី​ថ្ងៃ​សៅរ៍។ Afp

Pacquiao បាន​បញ្ជាក់ថា ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ដែលជា​ការប្រកួត​ជា​លើកទី ៦៦ ក្នុង​អាជីព​របស់គេ នឹងក្លាយ​ជា​ការ​ប្រកួត​ចុងក្រោយ​របស់គេ​នៅ​មុនពេល​រូបគេផ្តោត​អារម្មណ៍​ទៅលើ​អាជីព​នយោ​បាយ​របស់​គេ​ក្នុងប្រទេស​ហ្វីលីពីន ដែល​ជាកន្លែង​កីឡាករ​រូបនេះ​កំពុង​តែប្រមាញ់​រក​កៅអី​ក្នុង​ព្រឹទ្ធសភា​នៅ​ខែ​ក្រោយ។

Pacquiao បាន​សន្យាថា នឹង​បង្ហាញ​បច្ចេកទេស​ប្រកួត​ដ៏អស្ចារ្យ​មួយ និង​ពិតជា​ធ្វើបាន​ដូច​ពាក្យ​របស់​គេ​អ៊ីចឹង តាមរយៈ​ការ​គ្រប់គ្រង​ទាំង​ស្រុងលើ Bradley។ ការ​ប្រកួតក្នុង​ទឹកទី ១ បាន​បង្ហាញពី​ការប្រកួត​ប្រកប​ដោយបច្ចេក​ទេស ខណៈ​ដែល Bradley បាន​រក្សាការ​នៅឲ្យ​ឆ្ងាយពី​គូ​ប្រកួត​ខ្លួន ខណៈ​ដែល​រូបគេ​បាន​ធ្វើ​ចលនាជុំវិញ Pacquiao ដែល​បាន​វាយ​ចេញ ៣៣ កណ្តាប់​ដៃ ខណៈដែល​ Bradley វាយ​ចេញតែ ១៩ កណ្តាប់​ដៃ​ប៉ុណ្ណោះ។

ការ​ប្រកួតបី​ទឹក​បន្ទាប់​មាន​ភាពស្រដៀង​គ្នា​ទៅ​នឹង​ទឹកទី​មួយ​ដែរ ខណៈ​ដែល Pacquiao បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង ដើម្បី​ធ្វើ​ឲ្យ Bradley រត់​ជុំវិញ​សង្វៀន និង​វាយ​ចេញ​នូវកណ្តាប់​ដៃ​ជាច្រើន​។ ប៉ុន្តែ ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​បានកើត​ឡើង​នៅទឹក​បន្ទាប់ ខណៈ​ដែល Pacquiao បាន​វាយ​ចេញ​នូវកណ្តាប់​ដៃជា​ច្រើន​ដើម្បី​ធ្វើ​ការគ្រប់​ក្នុង​ទឹកទី ៥ នោះ។

ក្នុង​ទឹកទី ៧ Pacquiao រកបាន​ពិន្ទុ​យ៉ាង​ល្អ​ជាមួយនឹង​ការ​វាយ​ដោយ​កណ្តាប់​ដៃ​ស្តាំ​ទៅលើ​ចង្កា ដែលបាន​ធ្វើឲ្យ Bradley ដួលលើ​សង្វៀន មុន​នឹងវាយ​ឲ្យ Bradley ដួល​ទៅលើ​ក្តារសង្វៀន​ជា​លើកទី ២ ក្នុង​ទឹកទី ៩ ។ Pacquiao នៅ​តែ​គ្រប់គ្រង​យ៉ាងល្អ​ដើម្បី​ទទួល​ជ័យជម្នះ​តែម្តង៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍