Loading...

នៅក្នុងចំណោមនិស្សិតបរទេសនានាប្រមាណជា ៤៥ នាក់ ដែលទទួលអាហារូបករណ៍មករៀននៅក្នុង American University ហោ សុខណាក់ បានក្លាយជាសិស្សគំរូនិងឆ្នើមលើសគេ។

នៅក្នុងការប្រកួតប្រជែងមុខរបររកស៊ីជំនួញបណ្តាក់ទុនក្នុងពិភពលោក ស្របពេលនឹងសេដ្ឋកិច្ចកំពុងតែមានដំណើរការលំបាក តម្រូវការនូវមុខវិជ្ជាសារគមនាគមន៍សាធារណៈ (Public Communication) គឺជាជំនាញមួយដែលគេមើលឃើញថាមានសារប្រយោជន៍ជាខ្លាំង។

Loading...

នៅកម្ពុជាអ្នកដែលបានទៅបរទេសដើម្បីសិក្សាជំនាញនេះ ត្រូវគេមើលឃើញថា មិនមានច្រើនប៉ុន្មានទេ ហើយបើនិយាយដោយឡែកចំពោះនិស្សិតខ្មែរដែលបានទទួលអាហារូបករណ៍ Fulbright ទៅសិក្សាផ្នែក Public Communicationនៅក្នុងសហរដ្ឋអាមេរិក នាប្រមាណជាង ១០ឆ្នាំ ចុងក្រោយនេះ មានតែនិស្សិតខ្មែរឈ្មោះ ហោ សុខណាក់ តែម្នាក់ប៉ុណ្ណោះ។

ហោ សុខណាក់ អាយុ ២៥ឆ្នាំ នឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ឬបរិញ្ញាទោផ្នែកសារគមនាគមន៍សាធារណៈ នៅចុងខែមិថុនានេះ ក្រោយកម្មវិធីសិក្សាមមាញឹក ចំនួនមួយឆ្នាំក្នុងសកលវិទ្យាល័យ American University ក្នុងរដ្ឋធានីវ៉ាស្ហ៊ិនតោន ឌីស៊ី។

និស្សិត ហោ សុខណាក់ ដែលបញ្ចប់ការសិក្សានៅសាលាប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជានិស្សិតខ្មែរតែម្នាក់គត់ ដែលបានសិក្សាផ្នែកសារគមនាគមន៍សាធារណៈជាមួយនឹងនិស្សិតបរទេស ប្រមាណ ៤៥នាក់ ដែលមកពីប្រទេសអឺរ៉ុប អាហ្វ្រិក អាស៊ី និងមជ្ឈិមបូព៌ា។

លោកស្រីសាស្ត្រាចារ្យ Maria Ivancin នៃសកលវិទ្យាល័យ American University បានមានប្រសាសន៍ផ្តល់ចំណាប់អារម្មណ៍ថា និស្សិតខ្មែរម្នាក់នេះ គឺជានិស្សិតដែលរៀនពូកែនិងបានទទួលការកោតសរសើរយ៉ាងក្រៃលែង ៖ «គាត់គឺជាសិស្សដ៏អស្ចារ្យ និងជាសិស្សដ៏ឆ្នើមម្នាក់ក្នុងចំណោមសិស្សពូកែនានា។ យើងមានមោទនភាពណាស់ក្នុងការមាននិស្សិតខ្មែររៀនពូកែដូច ហោ សុខណាក់ បានមកសិក្សានៅក្នុងសកលវិទ្យាល័យនេះ។ បើតាមខ្ញុំដឹង មិនមែនតែខ្ញុំមួយទេ ដែលចាត់ទុក ហោ សុខណាក់ ជាសិស្សល្អនិងរៀនពូកែ សូម្បីតែសិស្សឯទៀត ដែលរៀនជាមួយ ក៏តែងតែនិយាយសរសើរអំពី ហោ សុខណាក់ នោះ ផងដែរ»

និស្សិត ហោ សុខណាក់ បានថ្លែងថា ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកត្រូវបានគេជ្រើសជាអ្នកតំណាងសិស្ស សម្រាប់ឲ្យទៅនិយាយផ្លាស់ប្តូរយោបល់និងបង្ហាញបទពិសោធន៍នានាដែលទាក់ទងនឹងវិស័យសារគមនាគមន៍សាធារណៈ។

ហោ សុខណាក់ បានថ្លែងថា ក្នុងរយៈពេលមួយឆ្នាំដែលលោកបានសិក្សានេះទៀត លោកបានទទួលពានរង្វាន់ចំនួន២ដង និងបានទទួលប័ណ្ណសរសើរជាច្រើនពីនាយកសាលា និងលើសពីនេះ លោកបានទទួលប្រាក់រង្វាន់ជាង ១.០០០ដុល្លារថែមទៀត ដែលបន្ថែមទៅលើប្រាក់ឧបត្ថម្ភពីអាហារូបករណ៍ Fulbright។

និស្សិត ហោ សុខណាក់ ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ញុំគិតថា ជោគជ័យដែលខ្ញុំបានទទួលក្នុងការសិក្សារបស់ខ្ញុំក្នុងប្រទេសអាមេរិកក្នុងរយៈពេល ១ឆ្នាំនេះ ទី១ គឺបានមកពីការខិតខំប្រឹងប្រែងផ្ទាល់របស់ខ្លួនខ្ញុំតែម្ដង។ ទី២ គឺបានមកពីការជួយជ្រោមជ្រែងរបស់ឪពុកម្ដាយរបស់ខ្ញុំ ជាពិសេសម្ដាយរបស់ខ្ញុំ គាត់តែងតែលើកទឹកចិត្តឲ្យខ្ញុំខំរៀន តែងតែផ្ដល់ជាកម្លាំងចិត្ត ក៏ដូចជាថវិកា កាលពីមុន បើសិនជាគ្មានការជួយផ្គត់ផ្គង់គ្រប់គ្រាន់ពីសំណាក់ឪពុកម្ដាយរបស់ខ្ញុំផ្ទាល់ទេ ខ្ញុំគិតថា ខ្ញុំអាចមានការលំបាកក្នុងការរៀនឲ្យបានពូកែ»

មុខវិជ្ជាសារគមនាគមន៍សាធារណៈ ត្រូវគេចាត់ទុកថា ជាមុខវិជ្ជាមួយដែលពង្រឹងគោលដៅផ្នែកជំនាញទំនាក់ទំនង ជួយឲ្យមនុស្សពូកែខាងពន្យល់និងសរសេរ ចេះទាក់ទាញមនុស្សគ្រប់ស្រទាប់ មិនថាមនុស្សនោះមានវប្បធម៌ ឬអក្សរសាស្ត្រផ្សេងៗពីគ្នានោះឡើយ។

និស្សិត ហោ សុខណាក់ បានថ្លែងអំពីសារសំខាន់នៃមុខវិជ្ជាសារគមនាគមន៍សាធារណៈដែលលោកបានខិតខំសិក្សាយ៉ាងនេះថា ៖ «មុខវិជ្ជាដែលខ្ញុំកំពុងសិក្សានេះ Public Communication។ ជំនាញនេះគឺជាជំនាញដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជាយើង គឺយើងខ្វះខាតធនធានមនុស្សខាងហ្នឹងជាច្រើន ពីព្រោះនៅតាមអង្គការក្ដី នៅក្នុងសង្គមស៊ីវិលក្ដី ក៏ដូចជានៅក្នុងរដ្ឋាភិបាល គឺយើងតែងតែមានផ្នែកមួយដែលទាក់ទងជាមួយដៃគូអភិវឌ្ឍន៍ ជាមួយអ្នកផ្ដល់ជំនួយ តើយើងធ្វើម៉េចឲ្យគេនៅតែផ្ដល់ជំនួយដល់ស្រុកយើងទៀត តើយើងត្រូវទំនាក់ទំនងជាមួយពួកគេរបៀបណា? បើនិយាយឲ្យចំ គឺជំនាញរបស់ខ្ញុំនេះ គឺនៅចំក្រសួងទំនាក់ទំនងអន្តរជាតិ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងថា លោកមានមោទនភាពណាស់ចំពោះការដែលមាននិស្សិតខ្មែរបានទទួលការសិក្សាពិតប្រាកដនូវមុខវិជ្ជាសារគមនាគមន៍សាធារណៈនេះ។

លោកបានថ្លែងថា កន្លងមក មានអ្នកសិក្សាខ្លះមិនបានមើលឃើញថា មុខវិជ្ជាសារគមនាគមន៍សាធារណៈមានប្រយោជន៍ដល់សង្គមនោះទេ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមពិត មុខជំនាញផ្នែកសារគមនាគមន៍សាធារណៈ គឺជាផ្នែកមួយដែលនឹងជួយកម្ពុជាក្នុងស្ថានភាពពង្រឹងវិស័យនយោបាយ ទេសចរន៍ ក៏ដូចជាផ្នែកផលិតផលកម្ពុជា ដែលកំពុងតែធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោកនោះផងដែរ។

លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍បង្ហាញក្តីសង្ឃឹមថា កម្ពុជានាអនាគត នឹងអាចមាននិស្សិតផ្សេងៗដទៃទៀត ទទួលការបណ្តុះបណ្តាលវិស័យសារគមនាគមន៍សាធារណៈនេះ ៖ «នេះគឺជាជំហានដំបូងដែលបន្តិចទៀត នៅពេលដែលសង្គមកាន់តែវិវឌ្ឍ នៅពេលដែលបច្ចេកវិទ្យាព័ត៌មានកាន់តែខ្លាំងក្លា ពេលហ្នឹង គេនឹងឃើញពីសារសំខាន់ហ្នឹងហើយ»

កម្ពុជាបានទទួលអាហារូបករណ៍ Fulbright ឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៤មក។ រហូតមកទល់នឹងពេលនេះ មាននិស្សិតខ្មែរចំនួន ១០៤នាក់ហើយ រួមទាំងនិស្សិត ហោ សុខណាក់ ផង ដែលបានមកសិក្សានៅក្នុងសហរដ្ឋអាមេរិកនេះ តាមរយៈអាហារូបករណ៍ Fulbright។

និស្សិតខ្មែរ ហោ សុខណាក់ ត្រូវមិត្តរួមថ្នាក់ នៅក្នុង American Universityបានចាត់ទុកថា ជាមនុស្សមានការយល់ដឹងខ្ពស់និងជាមនុស្សគំរូសម្រាប់អ្នកឯទៀត។

និស្សិតម្នាក់ពីទ្វីបអាហ្វ្រិក កញ្ញា Agnes Biribonwa បានថ្លែងសរសើរចំពោះនិស្សិតខ្មែររូបនេះ ៖ «ហោ សុខណាក់ គឺជាសិស្សមួយឆ្លាតនិងវាងវៃ នៅពេលធ្វើកិច្ចការណាមួយ គេតែងសង្កេតឃើញថា សុខណាក់ តែងតែបញ្ចប់កិច្ចការបានល្អនិងហើយមុនគេនោះជានិច្ច។ គាត់គឺជាមនុស្សដែលមានសមត្ថភាពខុសពីមនុស្សធម្មតា។ សុខណាក់ នឹងក្លាយជាគំរូល្អមួយសម្រាប់ក្រុមនិស្សិតខ្មែរទូទៅ»

និស្សិត ហោ សុខណាក់ នឹងវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ ក្រោយការបញ្ចប់កម្មវិធីសិក្សានៅចុងខែមិថុនា។ និស្សិតខ្មែរដ៏ឆ្នើមប្រចាំ American University នេះ បានសន្យាថា នឹងវិលមករៀនយកថ្នាក់បណ្ឌិតវិញ នាអនាគតដ៏ខ្លី។ និស្សិត ហោ សុខណាក់ គឺមានដើមកំណើតនៅភូមិក្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល៕

ប្រភពៈ RFA

Loading...