ភ្នំពេញ៖ ក្នុងសាវនាការកាត់ទោសមេដឹកនាំខ្មែរក្រហមមេធាវីការពារក្ដីជូនលោក នួន ជា អតីតប្រធានសភាប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី២០មិថុនា បានព្យាយាមជជីកសួរលោក កាំងហ្គេច អ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ពីតួនាទីរបស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងរបបពលពត ។

duch

ជុំវិញរឿងនេះ មន្ដ្រីរដ្ឋាភិបាលយល់ថា ការស្វែងរកមេដឹកនាំធំ ក្នុងរបបពលពតទើបជារឿងសំខាន់ ដែលលោកថាមេធាវីនៃសាលាក្ដីនេះគួរតែធ្វើ គឺមិនមែនចំណាយលពេលរកត្រឹមតែ មេដឹនាំថ្នាក់ក្រោមនោះទេ ហើយធ្វើដូចនេះគឺប៉ះពាល់កិត្តិយសមេដឹកនាំ ។

ប៉ុន្ដែអ្នកវិភាគយល់ថា ការចូលរួមដើម្បីស្វែងរកការពិត ពីរបបប្រល័យពូជសាសន៍នេះ គឺជារឿងដែលគួរតែចូលរួមគ្រប់គ្នាដើម្បី ជាការបំពេញយុត្តិធម៌ ដល់អ្នករងគ្រោះក្នុងសម័យនោះ ។

លោក កាំងហេ្កច អ៊ាវ ហៅឌុច បានឡើងផ្ដល់សក្ខីកម្មថា មុនពេលដែលសម្ដេច ហ៊ុន សែន រត់ចេញពីប្រទេកម្ពុជាទៅកាន់ប្រទេសវៀតណាម គឺសម្ដេច មានតួនាទីមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ។ លោកឌុច បន្ថែមទៀតថាសម្ដេចនាយករដ្ឋមន្ត្រីក៏ជាមេទ័ពម្នាក់មានឋាន្តស័ក្ត ជាវារៈសេនាតូច កងពិសេសដែលមានអំណាច ខ្លាំងក្នុងសម័យនោះ ។

sok-Eysan-01

លោក កាំង ហ្កេកអ៊ាវ ហៅឌុច៖  «ខ្ញុំបានសួរគេ បន្ដិចៗហើយបានគេថា ហ៊ុន សែន មុនគាត់រត់ទៅយួនគាត់មានឋានៈជាលេខាវារៈសេនាធំ ពីដើមមកគាត់ជាវារៈសេនាតូចកងពិសេស វារៈសេនាតូចហ្នឹងធំណាស់ ឋានៈធំដូចមិត្ដ ហូ អីសុទ្ធកងវារៈសេនាតូចហើយ ដូច្នេះឋានៈដែលខ្ញុំស៊ើបបានពីរឿង ហ៊ុន សែន ហ្នឹងប៉ុណ្ណឹង នេះមែនខ្ញុំប្រៀបធៀបមែនទៅនឹងនាយករដ្ឋមន្ដ្រីខ្មែរបច្ចុប្បន្ននេះ» ។

ការថ្លែងរបស់លោកឌុចគឺជាការឆ្លើយតប ការចោទសួរដដែលរបស់មេធាវីការពារលោក នួន ជាគឺសហមេធាវីអន្តរជាតិលោកវិចទ័រ កូប៉េ (Victor Kope) ។

ថ្លែងឆ្លើយតបទៅនឹងសំនួររបស់លោក មេធាវី វិចទ័រ កូប៉េ ដដែលនេះ លោកឌុច ឲ្យដឹងថាចាប់តាំងតែពីថ្ងៃ ១៧ មេសា រហូតដល់ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ លោកពុំដែលធ្លាប់បានឮឈ្មោះសម្ដេច ហ៊ុន សែន ទេ ។ លោកបន្ដថា ក្នុងអំឡុងឆ្នាំ ១៩៧៩ នោះលោកក៏បានឮឈ្មោះ សម្ដេច ហ៊ុន សែន ដែល ជារដ្ឋមន្ដ្រីក្រសួងការបរទេស ។

លោក សុខ ឥសាន្ដ អ្នកពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃ ច័ន្ទ ទី ២០ នេះថា បើយោងតាមកិច្ចព្រមព្រៀងរាជរដ្ឋាភិបាលជាមួយនិងអង្គការសហប្រជាជាតិ បានកំណត់រួចហើយពីមុខសញ្ញាដែលត្រូវស្វែងរកមកកាត់ក្ដីដើម្បីផ្ដល់យុត្ដិធម៍ជូនអ្នករងគ្រោះ គឺមានតែពីរប្រភេទប៉ុណ្ណោះ គឺទី១មេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និង អ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបនេះប៉ុណ្ណោះ ។ លោកបន្តថាក្រៅតែពីរប្រភេទនេះគឺគេមិនត្រូវលើកយកមកសួរដេញដោលគ្នានោះទេ ។

លោក សុខ ឥសាន្ដ បញ្ជាក់ទៀតថា សម្ដេច ហ៊ុន សែន គឺមិនបានស្ថិតក្នុងក្របខណ្ឌទាំងពីរប្រភេទនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងអង្គការសហប្រជាតិឡើយ ។ លោកបន្ដថា ប្រសិនជាឋានៈវារៈសេនា គឺត្រូវកាត់ទោសឧត្ដមសេនីយ៍ ដែលមនុស្សជាច្រើនជាប់ពាក់ព័ន្ធ ។ លោកជឿជាក់ថា ការចង់បានរបស់មេធាវីអន្ដរជាតិរូបនេះគឺមិនអាចបានសម្រេចឡើយ ។

លោក សុខ ឥសាន្ដៈ«បើសិនយើងយកវារៈសេនីយ៍មកកាត់ទោស យើងត្រូវទៅរកឧត្ដមសេនីយ៍មកកាត់ទោសទៀតដែលមានមនុស្សជាប់ពាក់ព័ន្ធមិនចេះតិច ដូច្នេះដើម្បីផ្សះផ្សាយជាតិបានគេយកតែស្វែងរកតែមេដឹកនាំកំពូល និង អ្នកដឹកនាំជាន់ខ្ពស់មកកាត់ទោស» ។

ចំណែកលោក ចាន់ វិបុល អ្នកសិក្សាពីអភិបាលកិច្ចល្អ និង លទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា ប្រព័ន្ធកាត់ក្ដីរបស់តុលាការខ្មែរក្រហមនេះគឺជាប្រព័ន្ធតុលាការកូនកាត់ ដែលមានអង្គការសហប្រជាជាតិគាំទ្រ ដើម្បីស្វែងរកការពិតក្រោយពីរបបខ្មែរក្រហម ។

អ្នកសិក្សាពីអភិបាលកិច្ចល្អរូបនេះ យល់ឃើញថា ការស្វែងរកពីតួនាទីរបស់អ្នកដែលមានតំណែង ក្នុងរបបខ្មែរក្រហមនេះ អាចជាផ្នែកមួយដើម្បីចូលរួមស្វែងរកការពិត ដែលលាក់កំបាំងក្នុងករណីប្រល័យពួជសាសន៍ មួយនេះប៉ុណ្ណោះ ។

លោក ចាន់ វិបុល យល់ឃើញថា ដោយសាររបបខ្មែរក្រហមនេះ បានសម្លាប់មនុស្សអស់ជាច្រើនលាននាក់គឺ អ្នកដែលត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធ អាចផ្ដល់ជាពន្លឺនៃដំណើរការក្ដីបាន ហើយអ្នកនោះគួរតែចូលរួម ក្នុងរឿងនេះ ដើម្បីជាប្រយោជន៍ក្នុងការបំពេញយុត្តិធម៌ ដល់អ្នកដែលនៅរស់រានមានជីវិតក៏ដូចជា ផ្ដល់យុត្ដធម៍ដល់អ្នកស្លាប់បាត់បង់ជីវិត ។

លោក ចាន់ វិបុល៖ «យើងបានដឹងហើយថា ប្រជាពលរដ្ឋជាង២លាននាក់ ត្រូវទទួលកាកាប់សម្លាប់ ឬក៏បាត់បង់ជីវិត ដោយការគ្រប់គ្រងរបស់ របបអាវខ្មៅនេះ ឯងដូច្នេះការចូលរួមនេះគឺជាការគាំទ្រនៃការស្វែងរកការពិតមួយ ដែលជាចំណុចសំខាន់ក្នុងក្ដីនេះ » ។

តែទោះជាយ៉ាងនេះក្ដី សម្ដេចនាយករដ្ឋមន្ដ្រី តែងតែអះអាងប្រាប់ជនរួមជាតិថា សម្ដេច និង គ្រួសារសម្ដេច គឺជាជនរងគ្រោះស្ទើរស្លាប់ស្ទើរស់ ដែលសម្ដេចសម្ដែងការឈឺចាប់បំផុត ហើយមិនតែប៉ុណ្ណោះសម្ដេច ត្រូវរត់ទៅពឹងវៀតណាមដើម្បីរំដោះប្រទេសឲ្យបានឆាប់ៗបំផុតពីរបបប្រល័យពូជសាសន៍មួយនេះ ។

តែនៅពេលជាមួយគ្នានេះ កាលពីសប្ដាហ៍មុន មេធាវីការពារក្ដីឲ្យលោក នួន ជា អតីតអនុលេខាបក្សកុំម្មុយនីស គឺ វ៉ិចទ័រ កូប៉េ ក៏បានទទួចឲ្យ សាលាក្ដីខ្មែរក្រហមកោះហៅ សម្ដេច នាយករដ្ឋមន្ដ្រី និង សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ឡើងមកកាន់តុលាការដើម្បីផ្ដលសក្ខីកម្ម មួយក្នុងឋានៈជា អតីតកម្មាភិបាលខ្មែរក្រហម ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាលថ្លែងថា សម្ដេច ហ៊ុន សែន និង សម្ដេច ហេង សំរិន មានអភ័យឯកសិទ្ធិសភា ៕

ប្រភពៈ wmc.org.kh