តាមអង្គការក្រៅរដ្ឋាភិបាលអាមេរិក Parsemus Foundation ប្រកាសជាសាធារណៈនៅថ្ងៃទី០១ មករា កន្លងមកនេះ គឺឱសថសំរាប់បុរសៗពន្យារកំណើតមានប្រសិទ្ធភាពដល់ទៅ ៩៩% និងយូរអង្វែង នឹងមានវត្តមាននៅឆ្នាំ ២០១៨ ។

ជំនួសឲ្យពពួកថ្នាំពន្យារកំណើតសម្រាប់ស្ត្រី, ឥឡូវនេះ ពួកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវជោគជ័យប្រភេទសារជាតិមានឈ្មោះ Vasalgel សម្រាប់បុរស ។ តាមរយៈនោះ Vasalgel ជាសណ្ឋាន gel polymer hydrogel អនុញ្ញាតឲ្យចាក់ទៅក្នុងបំពង់នាំមេជីវិតរបស់បុរស ទប់ស្កាត់មេជីវិតបន្លាស់ទីទៅដល់ប្រដាប់បន្តពូជ ក្នុងពេលអនុញ្ញាតឲ្យសារជាតិរាវផ្សេងៗឆ្លងកាត់ ។



ប្រធានប្រតិបត្តិរបស់អង្គការ Parsemus Foundation ដែលមានទីស្នាក់ការនៅសាន់ហ្វ្រាន់ស៊ីស្កូ (អាមេរិក) ឲ្យដឹងថា ថ្នាំចាក់ Vasalgel មានប្រសិទ្ធភាពដូចជាកងពន្យារកំណើតរបស់ស្ត្រី ។

ចាក់ Vasalgel តែ១ម្ជុលគត់ មានប្រសិទ្ធភាពពន្យារកំណើតក្នុងច្រើនឆ្នាំ ។ ពិសេសប្រសិនបុរសចង់បន្តមានកូន នោះគ្រាន់តែចាក់ម្ជុលទី២ ដើម្បីរំលាយ polymer, បំបាត់ប្រសិទ្ធភាពឥទ្ធិពលពន្យារកំណើត ។

អង្គការ Parsemus បានពិសោធន៍ថ្នាំនេះលើសត្វស្វាឈ្មោល ៣ ក្បាល និងញាត់រួមជាមួយស្វាញី ១០ ទៅ ១៥ ក្បាល ។ ក្រោយ ៦ ខែ គេមិនឃើញករណីមានកូនណារបស់សត្វស្វាញី ។

បច្ចុប្បន្ន ពួកអ្នកស្រាវជ្រាវរបស់អង្គការនេះ កំពុងបន្តពិសោធន៍ដើម្បីអាចអនុវត្តលើមនុស្ស ។ តាមគម្រោង ថ្នាំនេះនឹងមានវត្តមានលើទីផ្សារ ជាមួយនឹងតម្លៃទាបបំផុតតាមដែលអាច នៅក្នុងឆ្នាំ ២០១៨ ៕