តើសត្វដាយណូស័រ ស្លាប់ដោយសារអ្វី? តើដោយសារតែសកម្មភាពភ្នំភ្លើងដែលបំពុលខ្យល់អាកាស និងទឹកមែនឬទេ? ឬដោយសារតែអាចម៍ផ្កាយដ៏ច្រើនសន្ធឹកសន្ធាប់បានធ្លាក់មកបាំងបិទព្រះអាទិត្យធ្វើអោយងងឹតមេឃនោះ? រឿងនេះបានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកមួយនៅក្នុងមជ្ឈដ្ឋានវិទ្យាសាស្រ្ត។ ឥឡូវនេះ ការស្រាវជ្រាវថ្មី បានបង្ហាញនូវហេតុផលទីបី។
វ៉ាស៊ីនតោន —

សត្វដាយណូស័របានគ្រប់គ្រងផែនដីអស់រយៈពេលប្រហែល១៦០លានឆ្នាំ។ ក្រោយមក ពួកសត្វដាយណូស័រទាំងអស់ ក៏បានស្លាប់ផុតពូជ។

គ្រោះមហន្តរាយពីរធំៗ បានកើតឡើងកាលពី៦៦លានឆ្នាំមុន បានធ្វើឲ្យកក្រើកពិភពរបស់ដាយណូស័រ។ ការផ្ទុះភ្នំភ្លើងដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ បានធ្វើឲ្យមានការប្រែប្រួលយ៉ាងខ្លាំង ទៅលើអាកាសធាតុរបស់ភពផែនដី។ បន្ទាប់ពីនោះ រយៈពេល១៥០.០០០ឆ្នាំ ក្រោយមក អាចម៍ផ្កាយក៏បានធ្លាក់មកចំតំបន់ឈូងសមុទ្រប្រទេសម៉ិកស៊ិក ហើយក៏បណ្តាលឲ្យមានការប្រែប្រួលទៅលើអាកាសធាតុផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានខិតខំស្រាវជ្រាវអស់រយៈពេលជាច្រើនទសវត្សរ៍ អំពីមូលហេតុដែលបង្កមហន្តរាយដល់ពួកសត្វដាយណូស័រ។ ហេតុផលភាគច្រើន គឹដោយសារតែពួកគេមិនទាន់បានរកឃើញច្រកពន្លឺទៅកាន់ពេលអតីតកាល។

ប៉ុន្តែ ពេលនេះ កោះនៅតំបន់អង់តាក់ទិកមួយ នៅជិតជាយខាងត្បូងនៃទ្វីបអាមេរិកខាងត្បូង បានផ្តល់នូវកំណត់ត្រាច្បាស់លាស់មួយ អំពីអ្វីដែលបានកើតឡើង។

«ថេរវេលានៃការផ្ទុះភ្នំភ្លើង និងអាចម៍ផ្កាយ មានរយៈពេលជិតគ្នា»។

Sierra Petersen អ្នកវិភាគអាកាសធាតុបុរាណ(បុរាណអាកាសធាតុវិទូ) នៃសាកលវិទ្យាល័យ Michigan បានបញ្ជាក់ថា នៅក្នុងរយៈពេលឃ្លាតពីគ្នាតែ១៥០.០០០ឆ្នាំប៉ុណ្ណោះ ស្រទាប់ថ្មនានាពីព្រឹត្តិការណ៍ទាំងពីរ មានរយៈជិតគ្នាយ៉ាងខ្លាំង នៅក្នុងកំណត់់ត្រាផែនថ្ម ដែលធ្វើឲ្យមានការពិបាកខ្លាំងក្នុងការញែកឲ្យដាច់ពីគ្នានូវផលប៉ះពាល់ពីព្រឹត្តិការណ៍ផ្ទុះភ្នំភ្លើង ឬអាចម៍ផ្កាយ។

«នៅកោះ Seymour មានគម្លាតស្រទាប់ថ្ម៤០ម៉ែត្រ ដែលចែកព្រឹត្តិការណ៍ទាំងពីរនោះអោយដាច់ពីគ្នា។ ដូច្នេះ យើងអាចយើងបែងចែកនូវឥទ្ធិពលនៃព្រឹត្តិការណ៍នីមួយៗបាន។ នេះហើយជាមូលហេតុដែលយើងអាចដឹងពីឥទ្ធិពលនៃព្រឹត្តិការណ៍ទាំងពីរនេះទៅលើអាកាសធាតុថាជាព្រឹត្តិការណ៍ពីរផ្សេងពីគ្នា»។

«វាសមហេតុផលដែលមនុស្សគិតថាវាបណ្តាលមកពីភ្នំភ្លើង ឬក៏មកពីអាចម៍ផ្កាយ… ប៉ុន្តែ តាមពិតការគិត គឺត្រូវទាំងពីរហ្នឹង»។

បច្ចុប្បន្ន នាង Andrea Dutton ជាអ្នកស្រាវជ្រាវភូមិសាស្រ្តតាមគីមីវិទ្យា(ភូគព្ភគីមីវិទូ) នៅសកលវិទ្យាល័យរដ្ឋFlorida ។ កាលពីពេលនាងនៅជានិស្សិត នាងបានសាកល្បងប្រើកម្ទេចសំបកងាវគ្រំ យកមកពីកោះ Seymourដើម្បីសិក្សាពីបម្រែបម្រួលអាកាសធាតុនៅសម័យដើម ប៉ុន្តែ លទ្ធផលមានការពិបាកក្នុងការបកស្រាយឲ្យយល់។

កម្ទេចហ្វូស៊ីលនោះ ត្រូវបានទុកដោយឡែក រហូតទាល់តែ Petersen បង្ហាញនូវវិធីសាស្រ្តថ្មីមួយ។ វិធីសាស្រ្តនេះ ផ្តោតលើប្រភេទម៉ូលេគុលកាបូន មាននៅក្នុងសំបកងាវមួយដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើសីតុណ្ហភាពទឹក នៅពេលដែលស្រទាប់សំបកងាវនោះត្រូវបង្កើតឡើង។

ដូច្នេះ នៅពេលដំបូង ពួកគេអាចកំណត់នូវកំណត់ត្រាសីតុណ្ហភាពក្នុងអំឡុងពេលយុគសម័យចុងក្រោយរបស់ដាយណូស័រ។ ពួកគេបានរកឃើញថា សីតុណ្ហភាពឡើងក្តៅ។ ពីរដង។

«នៅពេលនោះដែលសកម្មភាពភ្នំភ្លើងនៅតំបន់វាលទំនាប Deccan Trap នៅក្នុងប្រទេសឥណ្ឌាបានចាប់ផ្តើម យើងបានរកឃើញនូវការឡើងកំដៅជាគំហុកមួយ ដែលមិនធ្លាប់មានពីមុនមក។ យើងក៏បានរកឃើញផងដែរនូវ(ការធ្លាក់អាចម៍ផ្កាយ)នៅចុងបញ្ចប់ ដែលជាការឡើងកំដៅដ៏គំហុកមួយទៀត»។

វាជាមហន្តរាយធំបំផុតចំនួនពីរបន្តបន្ទាប់គ្នា។ នាងDutton និយាយថា ប្រសិនបើដាយណូស័រគិតថា ទឹកភ្លៀងអាស៊ីត និងលម្អងធូលីភ្នំភ្លើង ជាប្រការអាក្រក់វមួយ នោះវាកាន់តែអាក្រក់ទៅទៀត ជាមួយនឹងការកើនឡើងសីតុណ្ហភាពយ៉ាងឆាប់រហ័ស ដែលបានកើតឡើងបន្តមកទៀត។

«ពួកវាធ្លាប់ឆ្លងកាត់សីតុណ្ហភាពក្តៅបែបនេះ ពីមុនមក នៅយុគសម័យដីស(Cretaceous)ប៉ុន្តែ អ្វីដែលកើតឡើងនៅទីនេះ គឺសីតុណ្ហភាពកើនឡើងលឿនពេក ជាសម្ពាធដ៏ខ្លាំងមួយ ដែលពួកវាមិនអាចសម្របខ្លួនបានឆាប់រហ័សទៅតាមការប្រែប្រួលសីតុណ្ហភាពដ៏ខ្លាំងនេះ…យើងមិនចាំបាច់និយាយថាកំដៅសម្លាប់អ្វីៗគ្រប់យ៉ាងនៅពេលនោះទេ ប៉ុន្តែ វាអាចបានបង្កឲ្យអ្វីៗគ្រប់យ៉ាងកាន់តែអាក្រក់ទៅ ហើយវាអាចជាចំណែកដែលធ្វើឲ្យសត្វដាយណូស័រផុតពូជ»។

ពូជដាយណូស័រដែលនៅរស់ពីការកើនឡើងកំដៅលើកទីមួយ ត្រូវទទួលរងនូវការវាយប្រហារដ៏ខ្លាំងមួយទៀត ពីឥទ្ធិពលអាចម៍ផ្កាយ ដែលបណ្តាលឲ្យសីតុណ្ហភាពកើនឡើងដែរ។

តាមរបាយការណ៍នៅក្នុងអត្ថបទនៃព្រឹត្តបត្តិ Nature Communications លោក Petersen និងនាង Dutton បានលើកឡើងថា ពួកយើងបានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើកិច្ចការនេះ ពីព្រោះឥទ្ធិពលប៉ះពាល់ពីការផ្លាស់ប្តូរអាកាសធាតុឆាប់រហ័សនៅយុគសម័យដីសស្រដៀងគ្នាទៅនឹងផលប៉ះពាល់បច្ចុប្បន្ននេះ ដែលអ្នកវិទ្យាសាស្រ្តកំពុងមើលឃើញពីការកើនឡើងកំដៅផែនដី។

«បាតុភូតផ្ទុះភ្នំភ្លើងកើតមុនឥទ្ធិពលនៃការធ្លាក់អាចម៍ផ្កាយ បានប៉ះពាល់ខ្លាំងទៅលើបរិស្ថាន ក្នុងសភាពដូចគ្នានឹងផលប៉ះពាល់នៃការបញ្ចេញឧស្ម័នកាបូនិចដែលមនុស្សយើងកំពុងធ្វើសព្វថ្ងៃ គឺកំពុងតែជះឥទ្ធិពលអាក្រក់នៅលើបរិស្ថាន។ យើងបានឃើញហើយពីការផុតពូជ ហើយសរីរាង្គមួយចំនួន កំពុងទទួលរងការគម្រាមកំហែងពីសម្ពាធបរិស្ថាន ការកាត់បន្ថយទីជម្រក និងបញ្ហាផ្សេងៗទៀតជាដើម។ អ្វីៗទាំងអស់ដដែលៗដែលយើងកំពុងសង្កេតឃើញសព្វថ្ងៃនេះ ក៏បានកើតឡើងនៅអំឡុងយុគដីសដូចគ្នាដែរ។ ដូច្នេះ យើងដឹងហើយ យើងសង្ឃឹមថា នឹងគ្មានឥទ្ធិពលអាចម៍ផ្កាយកើតឡើងនោះទេ»។

នេះបង្ហាញឲ្យឃើញថា យើងមានរឿងច្រើនដែលត្រូវរៀនសូត្រពីការស្លាប់បាត់បង់នៃសត្វដាយណូស័រ៕

ប្រភពៈ VOA