មហាសមុទ្រគឺជាស្រទាប់ព្រំដែនចុងក្រោយនៅលើភពផែនដី។ ប៉ុន្តែតម្រូវការធនធានរ៉ែ និងលោហៈឥតឈប់ឈររបស់ពិភពលោកកំពុងជំរុញឲ្យមនុស្សធ្វើដំណើរដោយឥតរួញរាទៅកាន់កន្លែងមួយដែលមនុស្សមិនធ្លាប់បានទៅដល់កាលពីមុន ហើយពួកគេរកឃើញជីវិតនៅក្នុងដំណើរការរុករកធនធានទាំងនោះ។

វ៉ាស៊ីនតោន — ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Hawaii at Manoa បានសិក្សាទៅលើតំបន់មួយមានផ្ទៃទំហំ៩០០គីឡូម៉ែត្រការ៉េនៅក្នុងជម្រៅមហាសមុទ្រឈ្មោះថាតំបន់ Clarion-Clipperton ហៅកាត់ថាតំបន់ CCZ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ បេសកកម្មរបស់ពួកគេគឺ ស្វែងរកជីវិតថ្មី និងហ្វូងប្រភេទត្រីថ្មីនៅក្នុងបាតសមុទ្រ។ ពួកគេបានបោះពុម្ពលទ្ធផលនៃដំណើរស្រាវជ្រាវរបស់ពួកគេនៅក្នុងការចុះផ្សាយលេខមុននៃទស្សនាវដ្ដី Nature (Nature Scientific Reports) ដែលអាចអានបានលើលើតំណភ្ជាប់មួយនេះ៖ http://www.nature.com/articles/srep30492។

Loading...

ក្នុងជម្រៅបាតសមុទ្រ

តំបន់ CCZ គឺជាតំបន់វាលរាបសន្ធឹងលើលំហសមុទ្រដែលមានទំហំជិតប៉ុននឹងផ្ទៃដីរបស់សហរដ្ឋអាមេរិក ដែលតភ្ជាប់រវាងតំបន់ភ្នំ Clarion ទៅនឹងតំបន់ក្នុងបាតសមុទ្រឈ្មោះថា Clipperton Fracture ដែលស្ថិតនៅចន្លោះអាមេរិកកណ្តាល និងកោះហាវ៉ៃ។ តំបន់នេះត្រូវបានគេដឹងថា សម្បូរទៅដោយធនធានរ៉ែ ដូចជាទង់ដែង នីកែល និងកូប័ល ដែលធនធានទាំងនេះមានទំហំដូចជាដុំមូលៗដែលមានទំហំប៉ុនមើមដំឡូងបារាំង គឺចន្លោះពី ៥ទៅ១០សង់ទីម៉ែត្រ។ ដុំពកលោហធាតុទាំងនេះ មាននៅរាយប៉ាយពាសពេញផ្ទៃសមុទ្រ គឺនៅចន្លោះពី៣ពាន់ទៅ៦ពាន់ម៉ែត្រនៅខាងក្រោមផ្ទៃទឹកនៃមហាសមុទ្រ។ អាជ្ញាធរសមុទ្រអន្តរជាតិ ISA បានផ្តល់អាជ្ញាប័ណ្ណចំពោះតំបន់ជាក់លាក់មួយនៅតំបន់ CCZ ទៅឲ្យក្រុមហ៊ុន UK Seabed Resources Ltd ដើម្បីទទួលបានសិទ្ធិរុករករ៉ែនៅតំបន់នោះ។ ប៉ុន្តែមុនពេលក្រុមហ៊ុនអាចចាប់ផ្តើមប្រតិបត្តិការរុករករ៉ែរបាន អាជ្ញាធរសមុទ្រអន្តរជាតិបានដាក់កំណត់ឲ្យក្រុមហ៊ុនធ្វើការសិក្សាលើជីវៈនៅតំបន់នោះឲ្យបានពេញលេញជាមុនសិន។

ការសិក្សានោះជាពេលដែលអ្នកស្រី Diva Amon ដែលជាអ្នកស្រាវជ្រាវកម្រិតក្រោយបណ្ឌិតបានចូលរួម។ ក្រុមហ៊ុន UK Seabed Resources បានជួលគម្រោង ABYSSLINE ដើម្បីកំណត់ថា តើមានជីវិតអ្វីខ្លះដែលមានក្នុងសមុទ្រដែលពួកគេបានចុះកុងត្រានោះ និងថាតើសរីរាង្គទាំងនោះ ពឹងផ្អែកលើស្រទាប់ធនធានរ៉ែទាំងនោះដោយរបៀបណា។

អ្នកស្រី Amon នាយករងគម្រោង ABYSSLINE បានប្រាប់ VOA ថា៖ «ជាផ្នត់គំនិត អ្នកជីវសាស្ត្រផ្នែកជម្រៅសមុទ្រតែងគិតថា មិនមានវត្ថុមានជីវិតរស់នៅក្នុងបាតសមុទ្រទេ ប៉ុន្តែយើងបានរកឃើញថា តាមពិតមានវត្ថុមានជីវិតច្រើនណាស់នៅទីនោះ។ ជាងពាក់កណ្តាលនៃសត្វដែលយើងបានប្រមូលមក គឺជាសត្វដែលទើបរកឃើញថ្មីសម្រាប់ការពិសោធន៍បែបវិទ្យាសាស្ត្រ។ អ្វីដែលយើងត្រូវធ្វើគឺថា យើងត្រូវការធ្វើការនៅទីនោះបន្ថែមទៀត ព្រោះថាយើងដឹងតិចតួចណាស់អំពីតំបន់នោះ»។

ក្រុមរបស់អ្នកស្រីបានរកឃើញប្រភេទសត្វថ្មីមួយនៃអំបូរផ្កាយសមុទ្រ (anemone) និងសត្វសមុទ្រប្រភេទដូចអេប៉ុងហ្ស៍ ប៉ុន្តែទាំងនេះ មិនមែនជាអ្វីដែលធ្វើឲ្យពួកគេសប្បាយចិត្តទេ។

សត្វគំរូទាំង៣ដែលអ្នកស្រី Amon បានប្រមូលមកនោះគឺមិនត្រឹមតែជាប្រភេទសត្វដែលត្រូវបានកំណត់អត្តសញ្ញាណថ្មីប៉ុណ្ណោះទេ ក្រុមអ្នកស្រាវជ្រាវត្រូវបង្កើតចំណាត់ថ្នាក់ថ្មីកម្រិតខ្ពស់ដោយផ្នែកលើប្រភេទរបស់ពួកវា។ សត្វពីរប្រភេទក្នុងចំណោមសត្វទាំងនេះ ស្ថិតក្នុងអំបូរគ្រួសារផ្កាថ្ម ហើយប្រភេទទីបី គឺជាសត្វក្នុងប្រភេទនិងអំបូរថ្មី។ លោក Paul Snelgrove អ្នកស្រាវជ្រាវផ្នែកជីវសាស្ត្រក្នុងសមុទ្រដែលចូលក្នុងការស្រង់ចំនួនសត្វមានជីវិតក្នុងសមុទ្រសាកលអស់រយៈពេលមួយទសវត្សរ៍មកហើយនោះ កាលពីប៉ុន្មានឆ្នាំមុន បានកត់សម្គាល់ឃើញថា ការរកឃើញប្រភេទសត្វថ្មីៗនៅក្នុងជម្រៅមហាសមុទ្រគឺជារឿងសាមញ្ញទៅហើយ។ ប៉ុន្តែសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Memorial University of Newfoundland រូបនេះនិយាយថា តម្រូវការសម្រាប់សត្វប្រភេទថ្មីដែលរកឃើញ «ពិតជាចាំបាច់យ៉ាងខ្លាំង»

ជីវៈដែលមានសណ្ឋានដូចដុំពកតូចៗ

ការងាររបស់អ្នកស្រី Amon ក៏ផ្តោតទៅលើអ្វីដែលគេហៅថា «ដំឡូងដែក» ផងដែរ។ អ្នកស្រីបានរកឃើញថា ជាងពាក់កណ្តាលនៃសត្វទាំងអស់ដែលត្រូវបានប្រមូលយកមក ត្រូវបានតភ្ជាប់ទៅនឹងដុំពកជាច្រើន។ ផ្ទៃលាតសន្ធឹងនៃតំបន់ CCZ គឺជាផ្ទៃសមុទ្រដ៏ស្រទន់ និងរាបស្មើ និងមានដុំពកជាច្រើនដែលបង្កើតបានជាផ្ទៃរឹងដែលជាកន្លែងសត្វទាំងនេះអាចតភ្ជាប់គ្នា។ អ្នកស្រី Amon និយាយថា៖ «បើសិនជាការរុករករ៉ែត្រូវបានធ្វើឡើងនៅទូទាំងតំបន់នោះ ប្រព័ន្ធអេកូឡូស៊ីនឹងត្រូវបានសម្លាប់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។

លោក Snelgrove ដែលមិនជាប់ពាក់ព័ន្ធនឹងគម្រោង ABYSSLINE និយាយថា ហេតុដូច្នេះហើយបានជាការសិក្សាអំពីពួកសត្វទាំងនោះមានសារៈសំខាន់។

លោកនិយាយថា៖ «យើងទំនងជានឹងបង្កើតបាន យ៉ាងហោចណាស់ ទិដ្ឋភាពមួយចំនួននៃបរិស្ថានក្នុងមហាសមុទ្រដ៏ជ្រៅទាំងនេះ ហើយយើងគួរតែធ្វើដូច្នេះដោយប្រើចំណេះដឹងដែលយើងមានស្រាប់ ហើយធ្វើវាក្នុងរបៀបមួយដែលមានផលប៉ះពាល់តិចតួចបំផុត»។

អ្នកស្រី Amon និយាយថា៖ «នេះគឺជាការជំរុញបែបវិទ្យាសាស្ត្រដើម្បីបន្ថយល្បឿនគម្រោងយករ៉ែបន្តិច សម្រាប់ឲ្យការសិក្សាវិទ្យាសាស្ត្រសិន ដូច្នេះការរុករករ៉ែនេះគួរតែត្រូវបានធ្វើឡើងដោយនិរន្តភាពតាមតែអាចធ្វើបាន»។

សេចក្តីប្រកាសព័ត៌មានមួយកាលពីឆ្នាំ២០១៣ នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lockheed Martin បានប្រកាសពីការផ្តល់កុងត្រាឲ្យក្រុមហ៊ុន UK Seabed Resources ដែលក្នុងសេចក្តីប្រកាសព័ត៌មាននោះ អាជ្ញាធរសមុទ្រអន្តរជាតិ ISA បានថ្លែងថា ក្រុមហ៊ុនចំណុះរបស់ក្រុមហ៊ុននេះ «កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីររបស់រដ្ឋាភិបាលអង់គ្លេស និងស្ថាប័នស្រាវជ្រាវផ្សេងៗអំពីធាតុផ្សំផ្សេងៗផ្នែកឧស្សាហកម្ម និងបរិស្ថានរបស់គម្រោងនេះ»។ VOA បានព្យាយាមទាក់ទងក្រុមហ៊ុន UK Seabed Resources ដើម្បីសុំការពន្យល់ ប៉ុន្តែមន្ត្រីរបស់ក្រុមហ៊ុននេះមិនបានឆ្លើយតបទាន់ពេលនៃការចេញផ្សាយព័ត៌មាននេះទេ។

ការធ្វើដំណើរបន្ថែមទៅក្នុងជម្រៅសមុទ្រ

គម្រោង ABYSSLINE មានបេសកកម្មរយៈពេល៥ឆ្នាំ ហើយអ្នកស្រី Amon រំពឹងថា ពពួកសត្វថ្មីៗជាច្រើនទៀត ក៏ដូចជាប្រភេទសត្វដទៃទៀតនឹងត្រូវបានស្រាវជ្រាវរកឃើញនៅក្នុងដំណើរទៅក្នុងជម្រៅសមុទ្រនាពេលអនាគត។ អ្នកស្រីនិយាយថា៖ «ខ្ញុំបានពិនិត្យមើលទិន្នន័យនៅក្នុងឆ្នាំទី២ ហើយខ្ញុំបានឃើញមានប្រភេទថ្មីៗរួចទៅហើយ»។

«សមុទ្រជ្រៅជាកន្លែងគួរឲ្យចង់ទស្សនាជាកន្លែងដែលមានរបស់ជាច្រើនដែលគ្មានអ្នកណាម្នាក់ធ្លាប់បានឃើញពីមុនមក ហើយរបស់ទាំងនោះមើលទៅគួរឲ្យចម្លែក និងអស្ចារ្យទៀតផង។ នេះជាតំបន់ចុងក្រោយដែលមិនទាន់ទទួលរងនូវឥទ្ធិពលរបស់មនុស្សក្នុងទ្រង់ទ្រាយធំនៅឡើយ។ ដូច្នេះ យើងត្រូវតែប្រុងប្រយ័ត្ន ហើយខ្ញុំសង្ឃឹមថា ការធ្វើការសិក្សាដូចដែលយើងកំពុងធ្វើនេះ យើងអាចផ្តល់ទិន្នន័យដែលអាចប្រើប្រាស់ដើម្បីរៀបចំតំបន់នេះឲ្យបានល្អបំផុតតាមតែអាចធ្វើបាន»។

វាហាក់ដូចជានៅមានពិភពថ្មីៗចម្លែកៗជាច្រើនទៀតនៅលើផែនដី ដែលត្រូវមានការស្រាវជ្រាវបន្ត៕

ប្រភព៖ VOA