លទ្ធផលនៃការប្រឡងបាក់ឆ្នាំ២០១៦នេះ ត្រូវបានក្រសួងអប់រំប្រកាសឲ្យដឹងហើយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកនេះ គឺ មានបេក្ខជនចំនួន៥ម៉ឺន៥ពាន់៧រយ៥៣នាក់ ត្រូវជា៦២,១៨% បានប្រឡងជាប់នៅក្នុងចំណោមបេក្ខជនប្រឡងចំនួន ៨ម៉ឺន៩ពាន់៦រយ៦១នាក់(៨៩ ៦៦១នាក់)។ លទ្ធផលប្រឡងបាក់ឌុបនេះ នឹងបិទផ្សាយជាផ្លូវការនៅតាមមណ្ឌលនីមួយៗនៅរសៀលនេះសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំណែកនៅខេត្តផ្សេងៗទៀតនឹងបិទផ្សាយនៅថ្ងៃអាទិត្យស្អែក។

នៅក្នុងចំណោមបេក្ខជនដែលបានប្រឡងជាប់ទាំងនេះ មាន៣ ម៉ឺន៨ពាន់៤រយ១៥នាក់(៣៨៤១៥នាក់) ត្រូវជា ៥៧,២៨% បានប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ រីឯបេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គមវិញ មានចំនួន ១ម៉ឺន៧ពាន់៣រយ៣៨នាក់(១៧៣៣៨នាក់) ត្រូវជា ៧៦,៧៥% នៃបេក្ខជនដែលបានចូលរូមប្រឡង។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុតសម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ គឺ បេក្ខជនជាប់និទ្ទេសAមានចំនួនដល់ទៅ៤០៥នាក់ និទ្ទេស B មានចំនួន ២ពាន់៨រយ១នាក់(២៨០១នាក់) និទ្ទេស C មានចំនួន ៥ពាន់៥រយ៩៥នាក់(៥៥៩៥ នាក់) និទ្ទេស D មានចំនួន៨ពាន់៨រយ៣៥នាក់(៨៨៣៥នាក់) និងនិទ្ទេស E មានចំនួន ៣ម៉ឺន៨ពាន់១រយ១៧នាក់(៣៨១១៧នាក់)។

បើតាមក្រសួងអប់រំ បេក្ខជនដែលជាប់និទ្ទេសA ទាំងនេះ គឺនៅរាជធានីភ្នំពេញមានចំនួន ១៨៣ នាក់ ខេត្តសៀមរាបមានចំនួន ៣៦ នាក់ បាត់ដំបងមានចំនួន ៣៤ នាក់ កណ្តាលមានចំនួន ២៩ នាក់ កំពង់ចាមមានចំនួន ២០ នាក់ បន្ទាយមានជ័យមានចំនួន ១៦ នាក់ ព្រៃវែងមានចំនួន ១៤ នាក់ កំពតមានចំនួន ១១ នាក់ ត្បូងឃ្មុំមានចំនួន ១១ នាក់ តាកែវមានចំនួន ១១ នាក់ កំពង់ធំមានចំនួន ១០ នាក់ ខេត្តក្រចេះមានចំនួន ០៩ នាក់ ខេត្តកំពង់ឆ្នាំង មានចំនួន ០៧ នាក់ ព្រះសីហនុមានចំនួន ០៧ នាក់ កំពង់ស្ពឺមានចំនួន ០២ នាក់ ពោធិ៍សាត់មានចំនួន ០២ នាក់ មណ្ឌលគិរីមានចំនួន ០១ នាក់ ប៉ៃលិនមានចំនួន ០១ នាក់ និងខេត្តឧត្តរមានជ័យមានចំនួន ០១ នាក់។

ក្រសួងអប់រំ បានកត់សម្គាល់ឃើញថា ការប្រឡងបាក់ឌុបឆ្នាំ២០១៦ ទាំងដំណើរការប្រឡង ទាំងដំណើរការកំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័របានប្រព្រឹត្តទៅដោយជោគជ័យពុំមានឧបទ្ទហេតុអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ការប្រឡងបាក់ឌុបឆ្នាំនេះដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២-២៣សីហា មានមណ្ឌលប្រឡងចំនួន១៥៧មណ្ឌលនៅទូទាំងប្រទេសហើយមានបេក្ខជនប្រឡងជាង៩ម៉ឺននាក់ក្នុងនោះជាង៧ម៉ឺននាក់មកពីគ្រឹះស្ថានសិក្សារដ្ឋ បេក្ខជនចំនួនជិត៥ពាន់នាក់មកពីគ្រឹះស្ថានសិក្សាឯកជន និងបេក្ខជនចំនួនជាង១ម៉ឺន៥ពាន់នាក់ជាបេក្ខជនស្វៃរិន។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៥កន្លងទៅ មានបេក្ខជនប្រឡងជាប់ចំនួន៤ម៉ឺន៦ពាន់៦រយ៦០នាក់(៤៦៥៦០នាក់) ត្រូវជា៥៥,៨៨ ភាគរយនៅក្នុងចំណោមបេក្ខជនចូលរួមក្នុងការប្រឡងជាង៨ម៉ឺននាក់( ៨៣៣២៥នាក់)។ កាលនោះ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ១០៨ នាក់ ខណៈនៅក្នុងឆ្នាំ២០១៤ មានតែ១១នាក់ប៉ុណ្ណោះ៕

ប្រភព៖ RFI