ការស្រាវជ្រាវមួយដែលគេបញ្ចេញឲ្យដឹងម្សិលមិញបង្ហាញថា បណ្ដាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនឹងត្រូវចំណាយប្រាក់៣០០ពាន់លានដុល្លារមួយឆ្នាំរហូតដល់២០៥០ ដើម្បីសម្រេចតាមគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីសអំពីការប្រែប្រួលអាកាសធាតុ។

ប៉ុន្ដែប្រទេសក្រីក្រទាំងនោះអាចនឹងជួយសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់ និងចៀសវៀងស្ថានការណ៍ក្រីក្រកាន់តែអាក្រក់ជាងមុន ប្រសិនបើប្រទេសនៅអាស៊ីទាំងនោះប្ដូរគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចដែលផ្អែកលើការបញ្ចុះឧស្ម័នបំពុលបរិស្ថានឲ្យទាបជាងមុន។

កាលពីខែធ្នូឆ្នាំ២០១៥ ប្រទេសជិត២០០ក្នុងលោកបានព្រមព្រៀងធ្វើយ៉ាងណារក្សាសីតុណ្ហភាពពិភពលោកកុំឲ្យឡើងលើសពី២អង្សាសេ ដើម្បីទប់ស្កាត់បញ្ហាឡើងកំដៅផែនដី។

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បាននិយាយថា ប្រយោជន៍សេដ្ឋកិច្ចបានពីការចំណាយថវិកាដើម្បីសម្រេចគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីសអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ នឹងមានចំនួនខ្ពស់ខ្លាំងជាងចំណាយនៅក្នុងការអភិវឌ្ឍតំបន់ ដោយហេតុថា តំបន់អាស៊ីនេះជាតំបន់មួយដែលងាយរងគ្រោះខ្លាំងជាងគេពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយធម្មជាតិដូចជាព្យុះទីហ្វុង និងទឹកជំនន់។

តាមតួលេខពីវិទ្យាស្ថានធនធានធម្មជាតិពិភពលោកឲ្យដឹងថា ប្រទេសធំបីនៅអាស៊ី គឺចិន, ឥណ្ឌា និងឥណ្ឌូណេស៊ី គឺក្នុងចំណោមប្រទេសចំនួន១០ក្នុងពិភពលោកដែលបញ្ចេញឧស្ម័នបំពុលបរិស្ថានច្រើនជាងគេបំផុត។

ADB និយាយថាការអនុវត្ដគោលនយោបាយឲ្យសម្រេចបានតាមគោលដៅនៃកិច្ចព្រមព្រៀងក្រុងប៉ារីសអំពីបម្រែបម្រួលអាកាសធាតុ ប្រទេសជាច្រើននៅអាស៊ីអាចមានគុណភាពខ្យល់ល្អសម្រាប់ដកដង្ហើម ហើយអាចជួយសង្គ្រោះជីវិតមនុស្សជិត៦សែននាក់ពីការស្លាប់មុនអាយុដោយសារតែខ្យល់ពុលក្នុងបរិស្ថាន៕

ប្រភព៖ radioaustralia

Loading...