គណៈមេប្រយោគណូបែល នៅស៊ុយអែត បានប្រកាស នៅថ្ងៃចន្ទទី ៣ តុលា នេះ ប្រគល់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រ ទៅឱ្យជីវវិទូជាតិជប៉ុន លោក Yoshinori Ohsumi ដែលបានស្រាវជ្រាវរកឃើញយន្តការស្វ័យបរិភោគរបស់កោសិកា Autophagy។ ដំណើរការដែលអាចត្រូវរំខាន ដោយសារជំងឺញ័រដៃជើងប៉ាគីសុន ឬជំងឺទឹកនោមផ្អែម។

លោក យូស្ហ៊ីណូរី អូស៊ុម៉ី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅបានទទួលដំណឹងថាជាប់ជ័យលាភីរង្វាន់ណូបែលវេជ្ជសាស្ត្រ ក្នុងវ័យ៧១ឆ្នាំ ចំពោះការងារស្រាវជ្រាវដំណើរការស្វ័យបរិភោគរបស់កោសិកា ឬហៅជាភាសាអង់គ្លេស Autophagy។ បទពិសោធន៍និងការសិក្សារបស់លោក អូស៊ុម៉ី គឺជាកូនសោដ៏សំខាន់សម្រាប់ពិភពលោកអ្នកវេជ្ជសាស្ត្រ ក្នុងការយល់អំពីដំណើរផ្លាស់ប្តូរកោសិកាចាស់ ទៅបង្កើតកោសិកាថ្មី ភាពចាស់ជរារបស់កោសិកា និងអំពីចម្លើយរបស់សរីរាង្គប្រាណមនុស្សនៅពេលឃ្លានអាហារ និងនៅពេលមានការបង្ករោគ។

ការសិក្សាលើប្រធានបទនេះ មានការលំបាកខ្លាំងណាស់ ព្រោះពីមុនមកគេមានការយល់ដឹងអំពីដំណើរការរបស់កោសិកានេះតិចតួចនៅឡើយ។ គេត្រូវរង់ចាំទាល់តែដល់ឆ្នាំ១៩៩០ ចាំលទ្ធផលការងារស្រាវជ្រាវរបស់លោក អូស៊ុម៉ី ធ្វើពិសោធន៍ដោយប្រើមេម្សៅនំប៉័ង ទើបអាចសម្គាល់អត្តសញ្ញាណហ្សែនដែលចាំបាច់ក្នុងដំណើរការស្វ័យបរិភោគរបស់កោសិកា Autophagyបាន។
តើអ្វីទៅជាAutophagy ?
Autophagy គឺជាដំណើរស៊ីស៊ីសំណល់ខ្លួនឯង របស់កោសិកា។ ដំណើរការនេះចាំបាច់ណាស់សម្រាប់ដំណើរផលិតកោសិកាថ្មី ហើយបំផ្លាញកោសិកាចាស់។ ដើម្បីរក្សាលំនឹង កោសិកាមនុស្ស ចេះបំផ្លាញខ្លួនឯងនិងបង្កើតថ្មី ជាធម្មតា។ ប៉ុន្តែនៅក្នុងករណីមានភាពមិនប្រក្រតី ដំណើរស្វ័យបរិភោគមានភាពរអាក់រអួល និងរំខាន នោះនឹងអាចមានជំងឺជាច្រើនលេចចេញឡើង ដូចជាជំងឺទាក់ទងនឹងហ្សែន Lysosomales ជំងឺវង្វេងវង្វាន់ ជំងឺប្រព័ន្ធប្រសាទដែលអាចពិការទាំងរាងកាយនិងបញ្ញា Huntington ជំងឺរលាកប្រព័ន្ធអាហាររ៉ាំរៃ Cronh ឬជំងឺខូចសាច់ដុំ ។ល។ និង។ល។

Autophagy មានដំណើរការមិនល្អនេះ គឺបណ្តាលមកពីមនុស្សយើងមានជំងឺប៉ាគីសុន ជំងឺទឹកនោមផ្អែមប្រភេទទីពីរ និងជំងឺផ្សេងៗដែលជាជំងឺមនុស្សចាស់។ នេះបើតាមការពន្យល់បញ្ជាក់របស់គណៈមេប្រយោគណូបែលវេជ្ជសាស្ត្រ។

ពាក្យ Autophagy សម្រាប់ហៅដំណើរកោសិកាស៊ីខ្លួនឯងនេះ ត្រូវបានផ្តល់ដោយអ្នកស្រាវជាវជាតិប៊ែលហ្សិក Christian de Duve ដែលជាជ័យលាភីណូបែលវេជ្ជសាស្ដ្រដែរ កាលពីឆ្នាំ១៩៧៤។ ហើយយន្តការនេះក៏ត្រូវអ្នកស្រាវជ្រាវអាមេរិក Irwin Rose និងអ៊ីស្រាអែល Aaron Ciechanover និង Avram Hershko សិក្សាស្រាវជ្រាវបន្ថែមរបស់ រហូតបានរង្វាន់ណូបែលគីមីដែរនៅឆ្នាំ២០០៤ ៕

ប្រភព៖ rfi

Loading...