វិទ្យាសាស្រ្ត)៖ ការសិក្សាស្រាវជ្រាវតាមផ្នែកវេជ្ជសាស្រ្ត បានបង្ហាញឲ្យឃើញកាលពីពេលថ្មីនេះថា ការធ្វើដំណើរទៅសិក្សាស្រាវជ្រាវ នៅលើភពអង្គារ ក្នុងរយៈពេលដ៏យូររបស់ក្រុមអាកាស យានិកអាចមាន ផលយ៉ាងខ្លាំងដល់សុខភាពរាងកាយរបស់ពួកគេ ជាពិសេសប្រព័ន្ធខួរក្បាលរបស់ពួកដោយសារផលពិបាក នៃការសម្របខ្លួនជាមួយនឹងប្រព័ន្ធបរិយាកាសនៅទីនោះ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០១៦។

ការរស់នៅក្នុងតំបន់គ្មានដែនទំនាញក្នុងអំឡុងពេលធ្វើដំណើរ ឆ្លងកាត់ពីភពផែនដីទៅកាន់ភពអង្គារបានធ្វើឲ្យ ក្រុមអវកាសយានិកមានផលលំបាកយ៉ាងខ្លាំង នៅក្នុងការសម្របខ្លួនឲ្យត្រូវជាមួយ នឹងពេលវេលា និង ស្ថានភាពនៅទីនោះដោយអ្វីៗទាំងអស់ មានចលនាផ្ទុយពីតំបន់ដែលមានដែនទំនាញដោយពួកគេ មិនអាចដើរបាននិងអង្គុយទទួលទានអាហារបានត្រឹមត្រូវ ដូចមនុស្សធម្មតា លើផែនដីនោះឡើយ។

ដោយឡែកយោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត ហើយត្រូវបានចុះផ្សាយ នៅក្នុងទស្សនាវដ្តីសុខភាព NeuroImage បានបង្ហាញឲ្យឃើញថាការផ្លាស់ប្តូរ នៅសកម្មភាពរស់នៅរបស់ ក្រុមអាកាសយានិកនៅក្នុងតំបន់សុញ្ញអាកាសបែបនេះ បានធ្វើឲ្យពួកគេទទួលទានដំណេកមិនត្រឹមត្រូវ ដែលអាចបណ្តាលឲ្យប្រព័ន្ធប្រសាទ របស់ពួកគេមានការប្រែប្រួល បន្តិចម្តងៗ រហូតអាចកើតមានជំងឺវង្វេង និងមានបញ្ហាផ្នែកខួរក្បាល បន្ទាប់ពីពួកគេបានបញ្ចប់បេសកកម្មនៅទីនោះ។

មិនត្រឹមតែប៉ុណ្ណោះការស្ថិតនៅក្នុងតំបន់សុញ្ញអាកាសបែបនេះយូរៗទៅ ក៏អាចបណ្តាលឲ្យមានបង្ក ផលប៉ះពាល់ដល់ឆ្អឹងផងដែរ ដោយសារតែក្រុមអាកាសយានិបានផ្លាស់ប្តូរការធ្វើចលនានៃអវៈយវៈរបស់ ពួកគេពីការដើរទៅហោះ ដោយទីនោះគ្មានដែនទំនាញ ដែលអាចធ្វើឲ្យពួកគេមានជើង ជាប់ដីដើម្បីដើរ និងធ្វើចលនារាងកាយ។

ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមអវកាសយានិក មិនមានការព្រួយបារម្ភចំពោះបញ្ហាអស់ទាំងនេះឡើយ ផ្ទុយទៅវិញពួកគេនៅតែបន្តកិច្ចសិក្សាស្រាវជ្រាវ របស់ពួកគេទៅមុខទៀត ដែលជាគោលដៅដ៏ចំបង សម្រាប់មហាជនទូទៅក្នុងការរុករក អាណាចក្រថ្មី ដែលត្រូវបានចាត់ទុកជាបងប្អួនភ្លោះរបស់ភពផែនដីនេះ៕

ប្រភព៖ freshnewsasia

Loading...