សារព័ត៌មាន Sputnik បានផ្សព្វផ្សាយឲ្យដឹងថា កងកម្លាំងអង្គការ NATO ចំនួនជាង៤ ០០០នាក់បានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយមានឈ្មោះថា « Iron Sword 2016 » នៅក្នុងប្រទេសលីទុយអានី ជាប់ព្រំដែនប្រទេសរុស្ស៊ី ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ ។



មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិលីទុយអានីបានបញ្ជាក់ឲ្យដឹងថា ការធ្វើសមយុទ្ធយោធាមានឈ្មោះថា « Iron Sword 2016 » នេះ គឺអនុវត្តនៅ២ទីតាំងផ្សេងគ្នា ដោយមានយុទ្ធសាស្ដ្រវាយលុក និងការពារ ព្រមទាំងវិធានការចាត់បញ្ជូនកម្លាំងជំនួយទៅកាន់គោលដៅឲ្យបានទាន់ពេលវេលា ។

លោកឧត្តមសេនីយ៍ Valdemaras Rupsys មេបញ្ជាការកងទ័ពជើងគោកលីទុយអានីបានថ្លែងឲ្យដឹងថា ការធ្វើសមយុទ្ធយោធានេះ គឺជាការហ្វឹកហាត់សាកល្បងវាស់ស្ទង់នូវបទពិសោធន៍ សមត្ថភាព និងប្រសិទ្ធភាពរបស់កងកម្លាំងក្នុងកិច្ចការបំពេញបេសកកម្មការពារជាតិ ។

សមយុទ្ធយោធាមានឈ្មោះថា « Iron Sword 2016 » នេះ គឺជាសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់អង្គការ NATO នៅអឺរ៉ុបក្នុងឆ្នាំ២០១៦ ដោយមានការចូលរួមពីកងកម្លាំងយោធានៃបណ្ដាប្រទេសចំនួន១១ ក្នុងចំណោម២៨ប្រទេសជាសមាជិកអង្គការ NATO រួមមាន ៖ សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ កាណាដា ប៉ូឡូញ លីទុយអានី លុចហ្សំបួរ រ៉ូម៉ានី អេស្តូនី ឡាតវី និងស្លូវេនី ៕