ចិនមានបម្រាម “ហាមជាក់បារី” នៅតាមទីសាធារណៈ ក្នុងទីក្រុងធំៗមួយចំនួនហើយ ប៉ុន្តែនៅថ្ងៃអង្គារនេះ រាជាណាចក្របារីចិនបានបញ្ជាក់អំពីឆន្ទៈដាក់ច្បាប់ហាមប្រាម ការជក់បារី តាមទីសាធារណៈ ពេញផ្ទៃប្រទេសតែម្តង។ ច្បាប់ហាមឃាត់នេះ អាចនឹងត្រូវអនុម័ត និងចូលជាធរមាននៅចុងឆ្នាំនេះហើយ។

ច្បាប់ហាមឃាត់ការជក់បារី នៅតាមទីសាធារណៈ កំពុងស្ថិតនៅក្នុងដៃសភាចិន ហើយជាដំណាក់កាលផ្តាច់ព្រ័ត្រសម្រាប់លើកស្ទួយសុខភាពសាធារណៈ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីសុខភាពនិងផែនការគ្រួសារ ដែលកំពុងចូលរួមក្នុងសន្និសីទរបស់អង្គការសុខភាពពិភពលោក OMS នៅទីក្រុងសៀងហៃ។ ក្រុងសៀងហៃ បានពន្លាតដែនហាមឃាត់ ដល់ផ្នែកខាងក្នុង អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង ក្នុងទីលានសាលា និងស្តាត តាំងពីសប្តាហ៍មុនមក។

សូមបញ្ជាក់ថា ចិនមានច្បាប់ ហាមជក់បារី ក្នុងក្រុងធំៗចំនួនជិត២០ក្រុង មានជាអាទិ៍ក្រុងប៉េកាំង តាំងពីខែមិថុនាឆ្នាំ២០១៥មក។ ភោជនីយដ្ឋាន ហាងទំនិញ សណ្ឋាគារ មានកាតព្វកិច្ចគោរពច្បាប់នេះ បើមិនចង់រងការផាកពិន័យ ដែលអាចឡើងដល់ ១ម៉ឺនយ័ន ឬ ២០០យ័នសម្រាប់បុគ្គលឯកជន។ តែនៅក្នុងក្រុង ដែលមានមនុស្សរស់នៅរាប់លាននាក់ (២០លាននាក់នៅប៉េកាំង) និងដែលមនុស្សមានទម្លាប់ហូតបារីជក់មួយសេរី ក្នុងឡានតាក់ស៊ី ក្នុងជណ្តើរយន្ត ការគោរពច្បាប់ពិតជាមិនងាយស្រួលឡើយ។ មានអធិការស្ម័គ្រចិត្តរាប់សិបពាន់ផ្តុំកម្លាំងតាមចាប់ពិន័យអ្នកមិនគោរពច្បាប់។

ដោយយកគំរូតាមប្រទេសជឿនលឿន ចិនបានសម្រេចលាតសន្ធឹងច្បាប់ហាមជក់បារី នៅតាមទីសាធារណៈទូទាំងប្រទេសតែម្តង ដោយសង្ឃឹមថានឹងអាចស្តារមុខមាត់បានឡើងវិញ ព្រោះចិនប្រទេសផលិតនិងជក់បារីលំដាប់ទីមួយនៅលើពិភពលោក ជាប់ចំណាត់ថ្នាក់ក្រោយគេបំផុតខាងប្រយុទ្ធប្រឆាំងនឹងបារី។

នេះជាកម្មវត្ថុប្រកបដោយមហិច្ឆតាបំផុត ! គេរាប់ឃើញមានពលរដ្ឋចិនជាងបីរយលាននាក់ ជក់បារី ក្នុងនោះអ្នកជក់ភេទប្រុសពាក់កណ្តាល ជាអ្នកញៀន។ បើតាមOMS បារីបានសម្លាប់មនុស្សអស់ជាងមួយលាននាក់ ក្នុងមួយឆ្នាំៗ ក្នុងនោះ ១០ម៉ឺននាក់ស្លាប់ដោយសារផ្សេងបារីគេ។ មួយភាគបីនៃបារីផលិតនៅចិន រដ្ឋាភិបាលចិនរកស៊ីផ្តាច់មុខក្នុងឧស្សាហកម្មថ្នាំជក់ ដោយប្រមូលលុយបាន១៥០ពាន់លានអឺរ៉ូចូលហិបរដ្ឋ ពោលគឺកើន២០% នៅមួយឆ្នាំ២០១៥៕

ប្រភព៖ RFI