ជាង៤០ឆ្នាំ ក្រោយការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ថា្នក់ដឹកនាំកំពូលពីររូបរបស់របបខ្មែរក្រហមត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិតជាស្ថាពរ។ យ៉ាងណាក៏ដោយ ជនរងគ្រោះខ្មែរមួយចំនួននៅមិនទាន់អស់ចិត្តអស់កាយទាក់ទិននឹងមូលហេតុនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងនៅឡើយ។

ភ្នំពេញ —លោកស្រី ចាន់ សុជាតា គឺជាជនរងគ្រោះមួយរូបក្នុងចំណោមជនរងគ្រោះដទៃទៀតក្នុងរបបខ្មែរក្រហម ដែលរងការធ្វើទុក្ខបុកម្នេញដោយធ្វើការងារយ៉ាងធន់ធ្ងរ។ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ អ្នកស្រីនៅតែមិនអាចបំភ្លេចចោលការឈឺចាប់នឹងអំពើយង់ឃ្នង និងការកាប់សម្លាប់សមាជិក១៤រូប ក្នុងគ្រួសារលោកស្រី។



«អ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺថា ការបង្អត់អាហារក្រុមគ្រួសារខ្ញុំ ការធ្វើទុក្ខបុកម្នេញ ការបង្ខំឱ្យធ្វើការ ហើយបង្អត់អាហារឱ្យក្រុមគ្រួសារដេកស្លាប់ ឲ្យក្រុមគ្រួសារខ្ញុំដេកដង្ហើយរកបាយរហូតដល់ដាច់ពោះស្លាប់។ ខ្ញុំមានបងប្អូន១៣នាក់រួមទាំងឪពុកម្តាយ១៥នាក់ គឺស្លាប់ទាំងអស់រស់តែខ្ញុំម្នាក់»។

នេះបើតាមការលើកឡើងរបស់លោកស្រីចាន់ សុជាតា។ ក៏ប៉ុន្តែ ការឈឺចាប់របស់លោកស្រីបានធូរស្រាលបន្តិច ក្រោយការប្រកាសសាលដីកាស្ថាពររបស់តុលាការកាត់ទោសខ្មែរក្រហមនាព្រឹកថ្ងៃពុធនេះ។

តុលាការកំពូលក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ ECCC បានសម្រេចតម្កល់ការកាត់ទោសមេដឹកនាំកំពូលពីររូបរបស់របបអាវខ្មៅដែលមានវ័យជរា គឺ នួន ជា និង ខៀវ សំផន ដោយឲ្យជាប់គុកអស់មួយជីវិត ចំពោះអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ការជម្លៀសដោយបង្ខំ និងបទឧក្រិដ្ឋផ្សេងទៀត ក្នុងពេលដែលខ្លួនកាន់អំណាចជាង៣ឆ្នាំ។ ទោះបីជាចម្លើយទាក់ទិននឹងការសម្លាប់រង្គាលរបស់ពួកខ្មែរក្រហមនៅមិនទាន់បកស្រាយក៏ដោយ តែការប្រកាសសាលដីកាស្ថាពរក្នុងករណី០០២ វគ្គ១នេះ បានធ្វើឲ្យជនរងគ្រោះកម្ពុជាមានភាពសាកស្រាន្តក្នុងផ្លូវអារម្មណ៍ចំពោះការឈឺចាប់ជាង៤០ឆ្នាំមកនេះ។

ស្ត្រីវ័យ៥០ឆ្នាំដែលធ្វើដំណើរពីខេត្តពោធិសាត់រូបនេះក៏បានបន្តថា លោកស្រីមានភាពមិនអស់ចិត្តចំពោះ ការកាត់ទោសនេះ ដោយសារតែការជាប់ពន្ធនាគារអស់មួយជីវិត មិនអាចប្រៀបធៀបទៅនឹងការឈឺចាប់នៃការបាត់បង់សមាជិកគ្រួសារ និងការធ្វើទុក្ខបុកម្នេញមកលើរូបលោកស្រីនិងក្រុមគ្រួសារនាពេលនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងក្តុកក្តួល លោកស្រី ចាន់ សុជាតា បញ្ជាក់បន្ថែមថា៖ «ខ្ញុំគិតថា ខ្ញុំរំសាយចិត្ត ខ្ញុំស្ងប់ចិត្ត ដោយសារតែការកាត់ទោសគាត់ដាក់គុកអស់មួយជីវិត គឺគាត់ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ គាត់ជាជនក្បត់ជាតិមួយហើយ ទោះជាគាត់ជាប់គុកមួយថ្ងៃស្លាប់ក៏ខ្ញុំអស់ចិត្តដែរ។ ប៉ុន្តែដូចខ្ញុំនិយាយដែរគឺមួយចំណែកតូច ដោយសារតែគុកឥឡូវនិងគុកសម័យប៉ុល ពតហ្នឹងវាខុសគ្នា។ យើងមានសិទ្ធិសេរីភាពក្នុងការធ្វើការ ក៏ប៉ុន្តែយើងមិនមានសិទ្ធិសេរីភាពក្នុងការហូបចុក ក្នុងការដើរហើរ ជួបជុំគ្រួសារ គឺបិទសិទ្ធិសេរីភាពទាំងអស់»។

ជនរងគ្រោះមួយរូបទៀត គឺលោកកេង លី វ័យ៦៤ឆ្នាំ ដែលចូលរួមការអង្កេតក្នុងការប្រកាសសាលដីកាចុងក្រោយក្នុងសំណុំរឿង ០០២ វគ្គ១នេះ ក៏បានបញ្ជាក់ផងដែរថា៖

«វាអាចស្ងប់ចិត្តខ្លះ! បាទ។ បើគិតពីចំនួនដែលរងទុក្ខ វាធំធេងណាស់ វាអត់អាចប៉ុណ្ណេះទេ ព្រោះថាការសម្លាប់វាទូទៅតែម្តង ជាលក្ខណៈប្រព័ន្ធម្តង ជាអង្គការចាត់តាំងនោះ គឺសម្លាប់ឥតឈប់ឈរតែម្តង គឺរាល់ថ្ងៃតែម្តង ទាំងធ្វើបាបប្រជាពលរដ្ឋ ទាំងជម្លៀសចុះ ជម្លៀសឡើង គ្មានលំនៅស្ថានដេកហាលភ្លៀង ការបង្ខំធ្វើការ ដូចពួកខ្ញុំរងគ្រោះក្នុងការធ្វើការ ធ្វើស្រូវ៣តោននោះគឺឥតគណនានោះទេបាទ! ជុះអាចម៌ដាក់បំពង់ រួចយកទៅលាយជីយកមកធ្វើស្រែ ហើយគឺគ្មានពេលឈប់ឈរទេ។ នេះគឺគ្រាន់តែជាចំណែកតូចមួយនៃយុត្តិធម៌សម្រាប់ខ្ញុំ គឺខ្ញុំអាចទទួលយកបាន»។

លោកបន្តថា សំណួរសំខាន់មួយគត់របស់លោក ដែលនៅតែរង់ចាំចម្លើយគឺថាហេតុអ្វីបានជាពួកខ្មែរក្រហមសម្លាប់រង្គាលនិងធ្វើទុក្ខបុកម្នេញជាតិសាសន៍ខ្លួនឯងក្នុងរយៈពេលខ្លួនកាន់អំណាច ជាង៣ឆ្នាំនោះ។

«បាទ!ហេតុអីសម្លាប់ពួកខ្ញុំ បើពួកខ្ញុំអត់មានរឿងអីសោះ ហើយទៅដាក់គោលការណ៍សម្លាប់មនុស្សជាដំណោះស្រាយ ហ្អាណឹងខ្ញុំអត់អស់ចិត្តនឹងគោលការណ៍ គោលនយោបាយនេះ បើជាមនោគមវិជ្ជាឬក៏ស្អី ខ្ញុំដូចជាមិនយល់ដែរ។ នេះគឺវាទៅជារបៀបព្រៃផ្សៃមួយហើយ បង្អត់បាយហើយ បង្ខំឱ្យធ្វើការទៀត»។

នួន ជា បងធំទី២ ក្នុងរបបខ្មែរក្រហម និង ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហម គឺជាមេដឹកនាំធំៗពីររូបគត់ដែលត្រូវបានកាត់ទោសចំពោះឧក្រិដ្ឋកម្មដែលខ្លួនបានធ្វើកាលពី៤០ឆ្នាំមុន។ មេដឹកនាំផ្សេងទៀតរួមមាន អៀង សារី និង អៀង ធារិទ្ធ បានស្លាប់មុនពេលការកាត់ទោសត្រូវបានបញ្ចប់។

សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលចូលរួមសហការដោយអង្គការសហប្រជាជាតិ ធ្លាប់ត្រូវបានគេស្តីបន្ទោស ចំពោះដំណើរការយឺតយ៉ាវរបស់ខ្លួន និងការប្រើប្រាស់ថវិកាច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រសាលាក្តីអន្តរជាតិ។ តុលាការកូនកាត់នេះបានចំណាយថវិកាអស់ជាង២៦០លានដុល្លារអាមេរិកចាប់តាំងពីខ្លួនដំណើរការនាឆ្នាំ២០០៦មក។

ក្រោយការប្រកាសសាលដីការស្ថាពរនៃសំណុំរឿង០០២ វគ្គ១នាថ្ងៃពុធនេះ លោក ច័ន្ទ តានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីខ្មែរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការប្រកាសសាលដីកាស្ថាពរនេះគឺបញ្ជាក់ពីកិច្ចខិតខំរបស់កម្ពុជានិងអង្គភាពអន្តរជាតិ ដើម្បីស្វះស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។

លោកច័ន្ទ តានីបន្តថា៖ «ទិសដៅសំខាន់មួយទៀត គឺទប់ស្កាត់កុំឱ្យមានសោកនាដកម្មបែបនេះកើតមានសារជាថ្មីម្តងទៀត ទោះបីនៅទីណាប្រទេសណាក៏ដោយ»។

ស្របគ្នានោះដែរ លោក David Scheffer បេសកជនពិសេសរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសាលាក្តីខ្មែរក្រហមបានគូសបញ្ជាក់ថា សាលដីកាស្ថាពរនាពេលនេះគឺបង្ហាញពីយុត្តិធម៌ដល់ជនរងគ្រោះ ហើយវាក៏ជាសារមួយប្រាប់ដល់មេដឹកនាំផ្តាច់ការដទៃទៀតក្នុងពិភពលោក ដូចជាពួករដ្ឋឥស្លាម ISIS នៅប្រទេសហ្វីលីពីន នៅស៊ូដង់ខាងត្បូងនិងនៅស៊ីរីជាដើម ដែលកំពុងប្រព្រឹត្តបទឧក្រិដ្ឋនោះថា យុត្តិធម៌នៅតែមានជានិច្ច។

លោក David Scheffer បន្តដោយមានអ្នកបកប្រែពិសេសយ៉ាងដូច្នេះ៖«ហើយជាចំណុចចុងក្រោយ ខ្ញុំក៏ចង់រំលឹកផងដែរថា មេដឹកនាំនៃប្រទេសកូរ៉េខាងជើងក៏គួរតែចាប់អារម្មណ៏ចំពោះអ្វីដែលកំពុងតែកើតមាននៅក្នុងសាលាក្តីខ្មែរក្រហមនាពេលនេះ»។

ភ្លាមៗបន្ទាប់ពីការចេញសាលដីកាស្ថាពររបស់សាលាក្តីខ្មែរក្រហម ស្ថានទូតនៃសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំណាត់ការរបស់តុលាការកូនកាត់នេះក្នុងការដាក់ទោសដល់អតីតមេដឹកនាំកំពូលរបស់របបខ្មែរក្រហមអស់មួយជីវិត ចំពោះបទល្មើសដ៏ធ្ងន់ធ្ងររបស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍ដដែលក៏បានឲ្យដឹងផងដែរថា សហរដ្ឋអាមេរិកនឹងបន្តការគាំទ្របេសកកម្មរបស់ ECCC ក្នុងការនាំមកនូវយុត្តិធម៌មួយកម្រិតសម្រាប់ប្រជាជនកម្ពុជា និងលាតត្រដាងពីបទឧក្រិដ្ឋដ៏គួរអោយភ័យខ្លាចរបស់ពួកខ្មែរក្រហម។

របបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម ដែលចាប់ផ្តើមពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩ បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ចំនួន១លាន៧នាក់។ ប្រជាពលរដ្ឋជាច្រើនបានស្លាប់ដោយការបង្អត់់បាយ ការធ្វើទារុណកម្ម ការធ្វើការងារហួសកម្លាំង ជំងឺនិងការកាប់សម្លាប់ជាដើម។

ការប្រកាសសាលដីកាស្ថាពរក្នុងសំណុំរឿង០០២ វគ្គ១នាថ្ងៃពុធនេះ គឺជាការកាត់ទោសមេដឹកនាំកំពូលរបស់ពួកខ្មែរក្រហមក្នុងរយៈពេលជាង៤១ឆ្នាំក្រោយក្រុមកុម្មុយនីស្ត នេះឡើងកាន់អំណាច។ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមគ្រោងនឹងបន្តសំណុំរឿង០០២ វគ្គ២ និងសំណុំរឿង០០៣បន្តទៀតនាពេលឆាប់ៗខាងមុខ៕

ប្រភព៖ VOA

Loading...