អ្នកស្រី អ៊ឹម ចែម គឺជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហម។ តុលាការនៃសាលាក្តីខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម កាលពីខែមីនា ឆ្នាំ ២០១៥ ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ភ្នំពេញ —សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬ សាលាក្ដីខ្មែរក្រហម បានផ្ដល់ការយល់ឃើញខុសគ្នាចំពោះការដាក់ឲ្យជនជាប់ចោទឈ្មោះ អ៊ឹម ចែម ស្ថិតនៅក្នុងយុត្តាធិការរបស់សាលាក្ដី ដើម្បីបើកការជំនុំជម្រះទោស។

អ្នកស្រី អ៊ឹម ចែម គឺជាអតីតចៅហ្វាយស្រុកព្រះនេត្រព្រះក្នុងសម័យខ្មែរក្រហម។ តុលាការនៃសាលាក្តីខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម កាលពីខែមីនា ឆ្នាំ ២០១៥ ពីបទមនុស្សឃាត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់សាលាក្ដីខ្មែរក្រហមចុះថ្ងៃទី៦ ខែធ្នូនេះ សហព្រះរាជអាជ្ញា បានបង្ហាញពីដីកាសន្និដ្ឋានស្ថាពរពាក់ព័ន្ធនឹងកិច្ចស៊ើបសួរលើអ្នកស្រី អ៊ឹម ចែម ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងសំណុំរឿង០០៤/០១។

សហព្រះរាជអាជ្ញាជាតិបានពិនិត្យ និងបញ្ជាក់ជំហររបស់ខ្លួន ដោយយោងតាមលទ្ធផលតាំងពីដំបូងនៃការស៊ើបអង្កេតបឋម និងរហូតមកដល់ការបិទកិច្ចស៊ើបសួររបស់សហចៅក្រមស៊ើបអង្កេតថា មានតែជនជាប់ចោទ ដែលមានស្រាប់នៅសាលាក្ដីខ្មែរក្រហមប៉ុណ្ណោះដែលជាមេដឹកនាំជាន់ខ្ពស់ និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យ។

សហព្រះរាជអាជ្ញាជាតិបន្តថា យោងតាមច្បាប់សាលាក្ដីខ្មែរក្រហម និងកិច្ចព្រមព្រៀងដែលអង្គការសហប្រជាជាតិបានទទួលស្គាល់ ការព្រួយបារម្ភពេញច្បាប់របស់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ ការបង្រួបបង្រួមជាតិ ស្ថិរភាព សន្តិភាព និងសន្តិសុខនោះ បានតម្រូវឲ្យសហព្រះរាជអាជ្ញាជ្រើសរើសយកបុគ្គលតែពីរប្រភេទប៉ុណ្ណោះ មកធ្វើការវិនិច្ឆ័យសេចក្ដី គឺមេដឹកនាំជាន់ខ្ពស់កម្ពុជាប្រជាធិបតេយ្យ និងជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត ។

នៅក្នុងការសន្និដ្ឋានរបស់ខ្លួន សហព្រះរាជអាជ្ញាជាតិ ប្រកាន់ជំហរថា៖

«ឈ្មោះ អ៊ឹម ចែម ដែលស្ថិតនៅក្នុងសំណុំរឿងលេខ ០០៤/០១ មិនស្ថិតនៅក្នុងយុត្តាធិការបុគ្គលរបស់សាលាក្ដីខ្មែរក្រហម ដែលត្រូវយកមកធ្វើការកាត់សេចក្ដីឡើយ»។

សហព្រះរាជអាជ្ញាអន្តរជាតិ បានចាត់ទុកថា អ្នកស្រី អ៊ឹម ចែម មិនមែនជា«មេដឹកនាំជាន់ខ្ពស់»នៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រោះអ្នកស្រីមិនធ្លាប់កាន់មុខតំណែងជាសមាជិកនៃគណៈអចិន្ត្រៃយ៍ ឬគណៈមជ្ឈិមរបស់របបកម្ពុជាប្រជាធិបតេយ្យនោះទេ ហើយក៏មិនមែនជាលេខាភូមិភាគ ឬលេខាតំបន់នៅក្នុងឋានានុក្រមនៃបក្សកុម្មុយនិស្តកម្ពុជានោះទេ ហើយក៏មិនមែនជាមន្ត្រីជាន់ខ្ពស់នៅក្នុងកងកម្លាំងយោធារបស់បក្សកុម្មុយនិស្តកម្ពុជាពិតមែន។

ក៏ប៉ុន្តែ សហព្រះរាជអាជ្ញាអន្តរជាតិសន្និដ្ឋានថា អ្នកស្រី អ៊ឹម ចែម ត្រូវទៅតាមលក្ខណៈវិនិច្ឆ័យទីពីរសម្រាប់ដាក់បញ្ចូលទៅក្នុងយុត្តាធិការបុគ្គលរបស់សាលាក្ដីខ្មែរក្រហម ដោយសារតែគាត់នៅក្នុងចំណោម«អ្នកទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលកម្ពុជាប្រជាធិបតេយ្យ។

អ្នកតាមដានដំណើរការក្ដីរបស់សាលាក្ដីខ្មែរក្រហម ស្នើឲ្យសាលាក្ដីបន្តនីតិវិធីច្បាប់ប្រឆាំងនឹងអ្នកស្រី អ៊ឹម ចែម ហើយក៏ទទូចឲ្យសាលាក្ដីដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់អង្គការសហប្រជាជាតិ ក្នុងការរកយុត្តិធម៌ឲ្យជនរងគ្រោះពីរបបខ្មែរក្រហម ពង្រីកវិសាលភាពនៃការនាំយកជនដែលបង្កឲ្យមានការកាប់សម្លាប់មកកាត់ទោសបន្ថែមទៀត។

រីឯអ្នកដែលបានរួចផុតពីរបបខោអាវខ្មៅដ៏ឃោរឃៅនេះ លើកឡើងថា សេរីភាពរបស់តុលាការក្នុងការនាំជនដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់នោះមកទទួលកាត់ផ្ដន្ទាទោស ត្រូវតែបានធានាយ៉ាងត្រឹមត្រូវ។

លោក ឡាត់ គី មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលដំណើរការកាត់ទោសខ្មែរក្រហមប្រាប់ VOA ថា ជនរងគ្រោះក្នុងរបបខ្មែរក្រហម និងដើមបណ្ដឹងរដ្ឋប្បវេណី ចង់បានការកំណត់វិសាលភាពនៃការនាំយកជនដែលត្រូវបានចោទប្រកាន់មកផ្ដល់ចម្លើយ ដើម្បីបញ្ជាក់ការពិត និងផ្ដល់យុត្តិធម៌ដល់ជនគ្រោះចំនួនប្រមាណ១.៧លាននាក់ដែលបានបាត់បង់ជីវិតនៅក្នុងរបបនោះ។

«ពួកគាត់ ក៏ដូចជាខ្ញុំបាទផ្ទាល់ដែរ គឺយើងឯកភាពថា ស្នើសុំឲ្យតុលាការនេះ ធ្វើការនាំជនទាំងឡាយណា ដែលស្ថិតនៅក្នុងការទទួលខុសត្រូវជាន់ខ្ពស់ ដើម្បីមកប្រឈមមុខនៅចំពោះតុលាការ។ អញ្ចឹងទាំងសំណូមរឿង០៣ក្ដី ទាំងសំណុំរឿង០៤ក្តី គួរតែជំរុញរឿងហ្នឹងឲ្យបានធ្វើការជំនុំជម្រះ ដើម្បីឲ្យឆ្លើយតបអ្វីដែលជនរងគ្រោះ គាត់ចង់បានយុត្តិធម៌ផងបាទ»។

លោក ឡាត់ គី ថ្លែងបន្ថែមថា ទំនាស់ក្នុងសង្គមដែលនាំទៅដល់ការធ្វើឲ្យខូចស្ថិរភាព និងសន្តិសុខ នឹងមិនអាចកើតមានឡើងនោះទេ នៅពេលដែលតុលាការខ្មែរក្រហម បន្តចាត់ការសំណុំរឿង០០៣ និងសំណុំរឿង០០៤ ដោយសារតែស្ថានភាពនយោបាយនៅកម្ពុជា និងនៅក្នុងតំបន់មិនបានប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ។

លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្ដល់ឯកសារច្រើនសន្ធឹកសន្ធាប់ពាក់ព័ន្ធនឹងរបបខ្មែរក្រហមដល់សាលាក្ដីខ្មែរក្រហម ប្រាប់ VOA ថា សហព្រះរាជអាជ្ញា និងសហចៅក្រម គួរផ្ដោតលើភស្តុតាងជាសំខាន់ ដើម្បីសម្រេចលើករណីនីមួយៗ។

លោកបន្ថែមថា គ្រប់ភាគីពាក់ព័ន្ធ ក៏ត្រូវគោរពនីតិវិធីរបស់តុលាការដែលបានចាប់ដំណើរការតាំងពីឆ្នាំ២០០៦មកនោះ។

«ខ្ញុំគិតថា យើងទាំងអស់គ្នា គួរតែបន្តការគាំទ្រដល់ដំណើរការរបស់តុលាការនៅក្នុងន័យថា យើងត្រូវផ្ដល់សិទ្ធិសេរីភាព ឯករាជ្យដល់តុលាការ ដើម្បីធ្វើការវិនិច្ឆ័យឲ្យស័ក្ដិសមទៅនឹងទម្រង់អង្គហេតុ ផ្អែកទៅលើភស្តុតាង ដែលបានផ្ដល់ជូន។ ដូច្នេះ ដើម្បីឲ្យយើងទាំងអស់គ្នាទទួលបានថា លទ្ធផលណាមួយចេញពីតុលាការនេះ គឺយើងមានអារម្មណ៍ថា សុទិដ្ឋិនិយម។ មានទឹកចិត្តមួយថា យើងអាចទទួលយកបានបាទ គ្រប់ៗគ្នាបាទ»។

យោងតាមដីកាសន្និដ្ឋានស្ថាពររបស់សហព្រះរាជអាជ្ញាអន្តរជាតិ អ្នកស្រី អ៊ឹម ចែម កាន់មុខតំណែងទទួលខុសត្រូវ ដែលផ្ដល់លទ្ធភាពឲ្យគាត់ចូលរួមចំណែកសំខាន់ ក្នុងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងនៅក្នុងតំបន់ដែលគាត់អនុវត្តសិទ្ធិអំណាចរបស់គាត់។

សហព្រះរាជអាជ្ញាអន្តរជាតិពន្យល់បន្តថា តួនាទីនីមួយៗដែលអ្នកស្រី អ៊ឹម ចែម កាន់កាប់នៅក្នុងភូមិភាគនិរតី និងភូមិភាគពាយ័ព្យ ត្រូវបានតែងតាំងដោយ តា ម៉ុក ឬ ប៉ុល ពត។

ក្នុងពាក់កណ្ដាលឆ្នាំ១៩៧៧ អ្នកស្រី អ៊ឹម ចែម ត្រូវបានជ្រើសដោយថ្នាក់ដឹកនាំបក្សកុម្មុយនិស្តកម្ពុជា ឲ្យដឹកនាំការបោសសំអាតក្នុងភូមិភាគពាយ័ព្យ ដែលបណ្ដាលឲ្យមានការចាប់ខ្លួន ការឃុំឃាំង និងការសម្លាប់កម្មាភិបាលខ្មែរក្រហម និងគ្រួសាររបស់ពួកគេជាច្រើន។

សហព្រះរាជអាជ្ញាអន្តរជាតិ បានអះអាងបន្ថែមថា ឧក្រិដ្ឋកម្មដែល អ្នកស្រី អ៊ឹម ចែម ទទួលខុសត្រូវបង្កើតបានជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃ«ការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ» និងអំពើអមនុស្សធម៌ផ្សេងៗទៀតនៃ«អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការបាត់ខ្លួនដោយបង្ខំ និងការឃុំឃាំងក្នុងលក្ខខណ្ឌអមនុស្សធម៌» ក៏ដូចជាឧក្រិដ្ឋកម្មនៃសង្គ្រាមផេ្សងទៀត។

លោក សាប សំអាត ក្មួយប្រុស អ្នកស្រី អ៊ឹម ចែម សុំមិនធ្វើការអធិប្បាយ ហើយបានអះអាងថា អ្នកស្រី អ៊ឹម ចែម ចង់រស់នៅដោយសភាពស្ងៀមស្ងាត់ និងមិនចង់គិតដល់រឿងអតីតកាលកន្លងមកនោះទេ។

លោក ប៊ិត ស៊ាងលីម មេធាវីតំណាងឲ្យអ្នកស្រី អ៊ឹម ចែម គាំទ្រជំហររបស់សហព្រះរាជអាជ្ញាជាតិ។ ប៉ុន្តែលោកក៏មិនអាចអធិប្បាយបន្ថែមបានដែរ ចំពោះនីតិវិធីរបស់តុលាការក្នុងការបន្តនីតិវិធីច្បាប់ប្រឆាំងកូនក្តីលោក។

«មានការលំបាកក្នុងកាជម្រាប ដោយសារថាឥឡូវហ្នឹង យើងដល់ដំណាក់កាលចុងក្រោយ ហើយខាងព្រះរាជអាជ្ញាអន្តរជាតិគាត់មានជំហរផ្សេងពីព្រះរាជអាជ្ញាជាតិ ដូចក្នុងសេចក្ដីថ្លែងការណ៍អញ្ចឹង ហើយជឿថា ព្រះរាជអាជ្ញាជាតិ គាត់មានជំហរត្រឹមត្រូវជាង»។

VOA មិនទាន់អាចទាក់ទង លោក នេត្រ ភក្រ្តា មន្ត្រីនាំពាក្យសាលាក្ដីខ្មែរក្រហមបានទេ កាលពីថ្ងៃអង្គារ។

កាលពីពេលកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីជំហររបស់លោក ដែលប្រឆាំងនឹងការចោទប្រកាន់អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមបន្ថែមទៀត និងបានព្រមានថា ការណ៍នេះអាចបង្កឲ្យមានសង្គ្រាមស៊ីវិលជាថ្មីទៀតនៅកម្ពុជា។

កាលពីខែកុម្ភៈកន្លងទៅនេះ តុលាការខ្មែរក្រហមបានសម្រេចបំបែកសំណុំរឿងរបស់អ្នកស្រី អ៊ឹម ចែម ហៅយាយចែម ចេញពីសំណុំរឿង០០៤ ដែលមានកម្មាភិបាលខ្មែរក្រហម ឱ អាន ហៅ តា អាន និង យឹម ទិត ហៅ តាទិត។

សាលាក្ដីខ្មែរក្រហម ដែលមានអាយុ១០ឆ្នាំនេះនៅមានសំណុំរឿង០០២ វគ្គទី២ ជាវគ្គបញ្ចប់និងសំណុំរឿង០០៣ ដែលកំពុងបន្តនីតិវិធីនៅឡើយ៕

ប្រភព៖ VOA