(បាងកក)៖ បន្ទាប់ពីការវីវក់ខ្លាំងក្នុងកិច្ចការងារប្រទេសជាតិ នៅក្រោយការសោយទិវង្គតនៃអតីតព្រះមហាក្សត្រ និងការឡើងគ្រងរាជ្យសម្បត្តិនៃស្តេចអង្គថ្មីនោះ លោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្ត្រីថៃក្នុងរបបដឹកនាំបណ្តោះអាសន្នរបស់យោធា បានឆ្លៀតលេងកីឡាដើម្បីជំនួយសុខភាពរាងកាយ ប៉ុន្តែក្នុងវ័យចំណាស់ទៅហើយនោះ លោកបែរជាភ្លាត់ស្នៀតដួលបះជើងឡើងលើនៅអំឡុងពេលលេងបាល់ទាត់ក្នុងទីធ្លានៃវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក ដែលសំណាងល្អពុំមានការប៉ះពាល់ ឬបង្ករបួសថ្លោះគ្រេចអ្វីឡើយ។ នេះបើតាមការដងស្រង់ចេញពីវែបសាយ Bangkok Post របស់ប្រទេសថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងរូបភាពខាងក្រោយនេះដែរ លោកត្រូវបានជួយសង្គ្រោះដោយ លោកឧត្តមសេនីយ៍ វីឡាស់ អារុណស្រ៊ី (Wilas Aroonsri)។ ទោះបីជាទើបកើតហេតុខាងលើនេះក្តី នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើរទៅកាន់ខេត្ត Songkhla ភាគខាងត្បូងនៃប្រទេសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីត្រួតពិនិត្យការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ក៏ដូចជាសួរសុខទុកជនរងគ្រោះនៅក្នុងមហន្តរាយទឹកជំនន់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា លោក ប្រាយុទ្ធ ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីកសិកម្មតាមឧទ្ធម្ភាគចក្រទៅដល់ស្រុក Khlong Hoi Khong នៅព្រឹកនេះមុននឹងលោកបន្តដំណើរទៅកាន់ស្រុក Ranot ជាទីដែលលោកនឹងត្រូវត្រួតពិនិត្យស្ថានភាពទឹក ព្រមទាំងផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់៕

ប្រភព៖ freshnewsasia

Loading...