ក្រសួងបរិស្ថាននឹងបើកមហាសន្និបាតរបស់ខ្លួនចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ធ្នូ ដើម្បីបង្ហាញសមិទ្ធិផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧។ ក្នុងនោះក្រសួងបរិស្ថាន បានអះអាងថាខ្លួនប្តេជ្ញាចិត្តការពារ និងគ្រប់គ្រងតំបន់អភិរក្ស និងតំបន់ធនធានធម្មជាតិទាំង៤៥កន្លែងទាំងថ្មីទាំងចាស់ ដែលទើបផ្ទេរមកពីក្រសួងកសិកម្ម។ អ្នកជំនាញ បានមើលឃើញថា ដើម្បីសម្រេចកិច្ចការងារនេះ រដ្ឋាភិបាលត្រូវផ្តល់ថវិកាបន្ថែម ពង្រឹងពីឆន្ទៈ និងកសាងសមត្ថភាពមន្ត្រី រួមទាំងសហគមន៍នៅមូលដ្ឋាន។

ក្រសួងបរិស្ថាន ដែលបច្ចុប្បន្នកាន់កាប់ផ្ទៃដីប្រមាណ ៦លានហិកតាលើតំបន់ធម្មជាតិនៅទូទាំងប្រទេស បានអះអាងថា ខ្លួននឹងប្តេជ្ញាការពារតំបន់ការពារ និងអភរិក្ស ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន បើទោះបីជានៅមានបញ្ហាប្រឈមមួយចំនួនក្តី។ ដើម្បីគ្រប់គ្រងតំបន់ទាំង ៤៥កន្លែង ដែលមានផ្ទៃដី ៦លានហិកតានៅទូទាំងប្រទេសនេះ ក្រសួងបរិស្ថាន នឹងត្រូវរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិចាំបាច់បន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីអភិរក្សប្រមាណ ៣០០នាក់បន្ថែមក៏នឹងត្រូវជ្រើសរើស ដើម្បីពង្រឹងកិច្ចការការពារខណៈ ដែលក្រសួងមន្ត្រីឧទ្យាននុរក្សប្រមាណ ៩៦០នាក់រួចហើយនោះ។ ក្រៅពីនេះក្រសួងបរិស្ថានក៏នឹងរៀបចំកំណត់បោះបង្គោលខណ្ឌសីមាឱ្យបានច្បាស់លាស់ផងដែរ។

Loading...

លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានលើកឡើងថា ដើម្បីការពារតំបន់ធម្មជាតិទាំង ៤៥កន្លែងនោះ រដ្ឋាភិបាលត្រូវធ្វើការងារយ៉ាងហោចចំនួន៤ គឺបង្កើនថវិកាបន្ថែមដើម្បីពង្រឹងការគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយ ការពង្រឹងធនធានមនុស្សទាំងមន្ត្រីរបស់រដ្ឋ និងប្រជាសហគមន៍ ហើយក្រសួងក៏ត្រូវមានគោលការណ៍ និងឆន្ទះក្នុងការអនុវត្តផងដែរ។ គួរបញ្ជាក់ផងដែរ បញ្ហាការពារធនធានធម្មជាតិ គឺជាចំណុចរសើបមួយសម្រាប់រដ្ឋាភិបាលកម្ពុជា ព្រោះថាសកម្មភាពកាប់ឈើអណាធិបតេយ្យបានកើនឡើងនៅសឹងទូទាំងប្រទេស នាពេលកន្លងមក ហើយការផ្តល់ដីសម្បទានក៏ត្រូវរងការរិះគន់ដោយសារផ្ទៃដីមួយចំនួនត្រូវបានយកទៅទុកចោល ហើយរយៈពេលនៃការជួលទៀតសោតក៏មានរយៈពេលច្រើនលើសបច្ចេកទេសរហូតដល់ ៩៩ឆ្នាំផងដែរ។ ប៉ុន្តែបញ្ហាទាំងនេះ ត្រូវបានកែលម្អ និងកាត់បន្ថយដោយរដ្ឋាភិបាលបានដកដីសម្បទានត្រឡប់មកវិញ ការកាត់បន្ថយពីរយៈពេលនៃការជួលដីពី៩៩ ឆ្នាំ មក៥០ឆ្នាំជាដើម។

យ៉ាងណាក៏ដោយ អ្នកជំនាញខាងបរិស្ថានបានលើកឡើងថា កិច្ចការពារផ្ទៃដីធនធានធម្មជាតិរហូតដល់ ៦លានហិកតានេះ គឺជាកិច្ចការងារប្រឈមមួយធំ ដែលត្រូវការឆន្ទៈខ្ពស់ និងការគាំទ្រគ្រប់ផ្នែកពាក់ព័ន្ធ៕

ប្រភព៖ RFI