ភិនភាគ៖ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែងមានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ដំរីមានក្រចកម្រាមដើង១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង៥ ឯក្រចកជើងក្រោយនីមួយៗមានម្រាម៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ២០ដែរ។ ដំរីញីមានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញឲ្យឃើញច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ភ្លុកដំរីធំ ឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។ ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។

ជីវសាស្ត្រ៖ ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែក ដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។

រប៉ាយរស់នៅ៖ ដំរីមានតិចតួចនៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងភូមិភាគខាងជើង។ ដំរីមានរប៉ាយនៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេហ៍ កោះស៊ូម៉ាត្រា និងនៅភាគខាងជើងនៃកោះបរណេអូ។ ចំនួនសត្វដំរីបានថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។

ស្ថានភាពអភិរក្ស៖ ដំរីជាប្រភេទជិតផុតពូជ និងបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក។ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុសញ្ញាសាយតេស៕

ប្រភព៖ ថ្មីៗ

Loading...