បើទោះជាមាននាមជាមេដឹកនាំកំពូល និងកាន់អំណាចពេញដៃក៏ដោយ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង គីម ជុងអ៊ុន នៅមិនមានអានុភាពស្មើជីតា និងឪពុក ដែលជាមេដឹកនាំជំនាន់មុនឡើយ។ ប៉ុន្តែកូរ៉េខាងត្បូងបានទស្សន៍ទាយថា នៅឆ្នាំ២០១៧ ខាងមុខ កូរ៉េខាងជើង នឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីលើកតម្កើងលោក គីម ជុងអ៊ុន ឲ្យមានឥទ្ធិពលខ្លាំង និងពង្រឹងអំណាចមេដឹកនាំវ័យក្មេងរូបនេះ។

រដ្ឋាភិបាលក្រុងសេអ៊ូល នៅថ្ងៃទី២៦ ខែធ្នូ បានចេញរបាយការណ៍វាយតម្លៃស្ថានការណ៍នៅកូរ៉េខាងជើងប្រចាំឆ្នាំ២០១៧ ខាងមុខ។ របាយការណ៍នោះបង្ហាញថា កូរ៉េខាងជើង ទំនងជាប្រើគ្រប់មធ្យោបាយដើម្បីពង្រឹងអំណាចរបស់មេដឹកនាំវ័យក្មេង គីម ជុងអ៊ុន ស្របពេលដែលរបបក្រុងព្យុងយ៉ាង កំពុងព្យាយាមប្រមូលផ្ដុំអំណាចក្រោមការដឹកនាំរបស់លោក និងធ្វើឲ្យយ៉ាងណាឲ្យមានឋានៈស្មើជីតា និងឪពុករបស់លោកដូច្នោះដែរ។



ក្រសួងបង្រួបបង្រួមកូរ៉េ ដែលទទួលបន្ទុកលើរបាយការណ៍នេះបញ្ជាក់ថា ក្នុងពេលមានកម្មវិធីធំៗ កូរ៉េខាងជើងនឹងព្យាយាមប្រមូលយោធា ជនស៊ីវិល និងមន្ត្រីទាំងអស់ ដើម្បីបង្ហាញការគោរពស្រឡាញ់របស់ពួកគេចំពោះលោក គីម ជុងអ៊ុន។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Yonhap ។

ក្រសូងដដែលនេះបន្តថា៖ «ចាប់តាំងពីការឡើងភ្នំ Baekdu ដែលជាភ្នំខ្ពស់ជាងគេនៅកូរ៉េខាងជើងមកនោះ របបកុម្មុយនីស្តមួយនេះនឹងដំឡើងឋានៈ គីម ជុងអ៊ុន ឲ្យមានអានុភាពស្មើអតីតមេដឹកនាំជំនាន់មុន គឺលោក គីម អ៊ីលស៊ុង ជាជីតានិងលោក គីម ជុងអ៊ីល ជាឪពុក។ ការដំឡើងអំណាចនេះ មានគោលដៅពង្រឹងអំណាចរបស់លោក គីម ជុងអ៊ុន និងការរួបរួមរបស់របបកុម្មុយនីស្តឯកោមួយនេះដែរ។

ក្នុងឆ្នាំ២០១៧ ខាងមុខនេះ កូរ៉េខាងជើង នឹងប្រារព្ធកម្មវិធីធំៗជាច្រើន ហើយច្បាស់ណាស់ថា រដ្ឋបាលព្យុងយ៉ាង នឹងឆ្លៀតឱកាសនេះបង្ហាញឥទ្ធិពលរបស់មេដឹកនាំវ័យក្មេងនេះព្រមគ្នាដែរ។ នៅឆ្នាំក្រោយនេះ កូរ៉េខាងជើង នឹងរម្លឹកខួបកំណើតទី១០៥ឆ្នាំ របស់អគ្គមគ្គុទេសក៍ គីម អ៊ីលស៊ុង, ខួបទី៧៥ឆ្នាំ នៃថ្ងៃកំណើតរបស់អតីតមេដឹកនាំជំនាន់ទីពីរ គីម ជុងអ៊ុល, ខួបទី៨៥ នៃថ្ងៃកំណើតកងទ័ពកូរ៉េ ក៏ដូចជាឆ្នាំទី៥ នៃការឡើងកាន់អំណាចរបស់ គីម ជុងអ៊ុន ដែរ។

ក្នុងឆ្នាំ២០១៧ ដដែល កូរ៉េខាងត្បូងរំពឹងដែរថា កូរ៉េខាងជើងនឹងបង្អួតកម្លាំងយោធារបស់ខ្លួនក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ដែរ។ កូរ៉េខាងជើង ក៏បង្កើនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន តាមការចង់បានរបស់មេដឹកនាំវ័យក្មេងរបស់ប្រទេស។ មួយវិញទៀត ក្រុងព្យុងយ៉ាង នឹងសាកល្បងសព្វាវុធរបស់ខ្លួនជាបន្តបន្ទាប់ដូចជា មីស៊ីលបាញ់ចេញពីនាវាមុជទឹក, មីស៊ីលបាលីស្ទិកអន្តរទ្វីប ក៏ដូចជាមីស៊ីលដែលអាចភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ ពោល គឺសំដៅធ្វើយ៉ាងណាឲ្យកូរ៉េខាងជើង ក្លាយជាមហាអំណាចនុយក្លេអ៊ែរ៕

ប្រភព៖ ថ្មីៗ