បន្ទាប់ពីមានការចែកចាយតៗគ្នា ចំពោះរហូតមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយជាបន្តបន្ទាប់មក នារីដែលយំសោកបោកប្រាណព្រោះឆ្កែជាទីស្រលាញ់របស់ខ្លួនងាប់ ក៏បានចេញវីដេអូបកស្រាយ នៅថ្ងៃទី០៣ ខែមករានេះ ទាក់ទិននិងការចោទប្រកាន់ពីមហាជន ថានាងស្រលាញ់ឆ្កែជាងម៉ែឪផងដែរ។

ប្អូនស្រី ឡាស៊ី ណា ជាពលករខ្មែរម្នាក់ បានរៀបរាប់ទាំងអារម្មណ៍នៅក្តុកក្តួលនៅឡើយថា មូលហេតុដែលបណ្តាលឲ្យនាងខូចចិត្តរហូតដល់ថ្នាក់យំទន្រ្ទាំដីបែបនេះ ដោយសារតែខ្លួននាងស្រលាញ់ឆ្កែនេះខ្លាំងពេក មិនមែននាងខឹងឬស្អប់នឹងម្តាយរបស់នាងទេ។ វីដេអូប្រវែង៨នាទី នាងបានរៀបរាប់ពីក្តីស្រលាញ់ និងមនោសញ្ចេតនារវាងនាង និងសត្វឆ្កែមួយក្បាលនេះថា ការរួមរស់ស្ទើរតែដូចសមាជិកគ្រួសារតែមួយទៅហើយ សូម្បីតែពេលដេក។

អ្វីដែលធ្វើឲ្យនាងមិនអស់ចិត្តនោះគឺ មុនពេលនាងបានចាកចេញពីផ្ទះមកធ្វើការងារនៅប្រទេសថៃ នាងបានផ្តែផ្តាំម្តាយថា បើសិនជាឆ្កែនេះងាប់ សូមកប់វាហើយដាំផ្កាជុំវិញផ្នូរវាទៅ។ ប៉ុន្តែម្តាយប្អូនស្រីឡាស៊ី ណា មិនបានធ្វើតាមការផ្តាំផ្ញើររបស់នាងនោះទេ បែរជាពេលឆ្កែនេះឈឺឲ្យគេវ៉ៃយកសាច់ធ្វើម្ហូបឆាខ្ញីទៅវិញ។ មូលហេតុនេះហើយដែលធ្វើឲ្យប្អូនស្រីឈឺចិត្តអាណិតសត្វដែលខ្លួនធ្លាប់តែប្រលែងលេងដូចជាបងប្អូន ត្រូវគេវ៉ៃប្រហារធ្វើបាបយ៉ាងដូច្នេះ៕

ប្រភព៖ cool1007