ភ្នំពេញ៖ នៅក្នុងប្រទេសជឿនលឿន អាណាព្យាបាលហាក់បីដូចជាមិនសូវសង្ឃឹមលើការពឹងពាក់កូនចៅទេ ព្រោះ រដ្ឋាភិបាលនៃប្រទេសទាំងនោះ បានបង្កើតប្រព័ន្ធសុវត្ថិភាពល្អមួយគួរសមដើម្បីជួយគាំពារ នៅពេលដែលពលរដ្ឋរបស់ពួកគេមានវ័យចំណាស់។ នៅក្នុងប្រទេសកម្ពុជាវិញ ឪពុកម្តាយនៅបន្តពឹងផ្អែកលើកូនចៅច្រើនថែមទៀត។ បើមិនមានកូនចៅទេ អ្នកមានវ័យចំណាស់ ត្រូវទៅរស់នៅក្នុងវត្ត។

នៅទ្វីបអឺរ៉ុប ឬអាមេរិក យុវជនចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ភាគច្រើន សម្រេចចិត្តរស់នៅផ្សេងពីគ្រួសាររបស់ពួកគេ។ នៅក្នុងប្រទេសកម្ពុជាវិញ លុះក្រោយថ្ងៃរៀបការទើបពួកគេមួយចំនួនចាកចេញទៅរស់នៅកន្លែងផ្សេង។ តែមួយភាគធំ បើទោះបីជារៀបការហើយក៏ដោយ ក៏ពួកគេមួយចំនួនច្រើននៅបន្តរស់នៅជុំគ្នាជាលក្ខណៈគ្រួសារធំដដែល។

ការរស់នៅជុំគ្នាអាចអនុញ្ញាតឲ្យឪពុកម្តាយអាចបន្តជួយកូនចៅ ហើយកូនចៅវិញអាចមានពេលវេលាថែទាំ ឬថ្នាក់ថ្នមផ្លូវចិត្តដល់ឪពុកម្តាយវិញដែរ។ ការរស់នៅជុំគ្នា បង្កបញ្ហាផ្នែកអារម្មណ៍ច្រើន តែវាបង្កើនភាពស្និទ្ធស្នាលកាន់តែច្រើននៅក្នុងរង្វង់គ្រួសារ។ ការរស់នៅផ្សេងគ្នា មិនសូវមានជម្លោះមែន តែខ្វះអារម្មណ៍ស្និទ្ធស្នាល ឬខ្វះការបង្ហាញការដឹងគុណចំពោះឪពុកម្តាយ។ នៅក្នុងសង្គមខ្មែរ និយាយជារួម កូនចៅរៀបការហើយក៏ដោយ ក៏ត្រូវរស់នៅជាមួយឪពុកម្តាយ ហើយបន្តជួយថែទាំពួកគេរហូតដល់ថ្ងៃអស់ជីវិត។ នេះ គឺជាទ្រឹស្តីរួមនៃសង្គមខ្មែរ។ តែជាក់ស្តែងវិញ គេសង្កេតឃើញថា កូនចៅជាច្រើន មិនអាចផ្តល់សេចក្តីសង្ឃឹម ឬសេចក្តីសុខជូនឪពុកម្តាយដូចដែលបានរៀបរាប់ខាងលើឡើយ។

មានហើយកូនចៅមួយចំនួនដែលបានធ្វើឲ្យអាណាព្យាបាលមានក្តីសង្ឃឹម។ តែកូនចៅមួយចំនួនទៀត ប្រចាំគ្នាចិញ្ចឹម ឬថែទាំឪពុកម្តាយនៅពេលដែលពួកគេចាស់ជរា។ តើអាណាព្យាបាលគួរធ្វើដូចម្តេចដើម្បីឲ្យកូនចៅចេះដឹងគុណដល់អ្នក?

នេះ គឺជាសំណួរដែលពិបាករកចម្លើយមកបង្ហាញឲ្យឃើញពិតប្រាកដណាស់។ តែទស្សនៈមួយចំនួនបានលើកឡើងថា បើអាណាព្យាបាលចង់ឲ្យកូនចៅដឹងគុណដល់អ្នក លុះត្រាតែអ្នកបានធ្វើសកម្មភាពដឹងគុណល្អៗ ជូនឪពុកម្តាយរបស់អ្នកជំនាន់មុនដែរ(ដោយមិននិយាយពីកាតព្វកិច្ចរបស់ឪពុកម្តាយក្នុងការបីបាច់កូនចៅឲ្យល្អឡើយ)។ សកម្មភាពដឹងគុណរបស់អ្នកចំពោះឪពុកម្តាយរបស់អ្នក នឹងជ្រាបចូលក្នុងអារម្មណ៍របស់កូនចៅអ្នក។ នេះហើយ គឺជាសកម្មភាពដែលអ្នកគួរបង្ហាញ និងប្រតិបត្តិដើម្បីទទួលបានការដឹងគុណតជំនាន់នៅក្នុងសង្គមខ្មែរ។ បញ្ច្រាសមកវិញ បើអ្នកមិនបានធ្វើគុណចំពោះអ្នកមានគុណអ្នក(ឪពុកម្តាយ) កូនចៅអ្នក ប្រហែលជាអាចភ្លេចធ្វើគុណចំពោះអ្នកដែរ។

គ្រួសារខ្មែរត្រូវតែលះបង់គំនិត កូន៥នាក់មិនអាចចិញ្ចឹមឪពុកម្តាយពីរនាក់បាន ក្នុងខណៈពេលដែលឪពុកម្តាយពីរនាក់អាចចិញ្ចឹមកូនបាន៥នាក់ ឬរហូតដល់១០នាក់។ គុណឪពុកម្តាយ មានទំហំធំមិនអាចពិពណ៌នាបាន និងមានតម្លៃមិនអាចកាត់ថ្លៃបាន៕

422504_n

ប្រភព៖ ថ្មីៗ