យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺសហការជាមួយនគរបាលខេត្តរតនគិរីចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ នៅចំណុចភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានយុវតីម្នាក់រស់នៅខេត្តរតនគិរីលង់ស្នេហ៍ចុះចោលផ្ទះសម្បែងមករស់នៅជាមួយគ្នាឯខេត្តកំពង់ស្ពឺអស់រយៈពេលជាច្រើនខែ ហើយត្រូវម្តាយខាងស្រីជ្រួលច្របល់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចសុំការអន្តរាគមន៍ ។

ជនសង្ស័យជាយុវជននាំឲ្យយុវតីលង់សេ្នហ៍ចុះចោលផ្ទះសម្បែងមករស់នៅជាមួយគ្នាដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ផល ដាណៃ អាយុ១៧ឆ្នាំ មុខរបរជាជាងផ្សារដែក មានទីលំនៅខេត្តកំពង់ស្ពឺ ។ រីឯយុវតីដែលលង់ស្នេហ៍រហូតដល់ថ្នាក់ចុះចោលផ្ទះក្បត់ប្រពៃណីមករួមរស់ជាមួយយុវជនខេត្តកំពង់ស្ពឺជាគូកំណាន់ចិត្តនោះ មានឈ្មោះ តាំង សុផាន់ម៉ៃ អាយុ១៦ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់លេខ១ ក្រុងបានលុង ខេត្តរតនគិរី ។

Image may contain: 2 people, people standing

នាង តាំង សុផាន់ម៉ៃ បានបញ្ជាក់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នាងបានទំនាក់ទំនងស្គាល់ឈ្មោះ ផល ដាណៃ តាមរយៈ Facebook និងទូរស័ព្ទ រហូតឈានដល់ស្រឡាញ់គ្នាអស់រយៈពេលប្រមាណ០៦ខែមកហើយៗក៏ស្ម័គ្ររួមរស់ជាមួយគ្នាដូចជីវិតតែមួយ ។ នាង តាំង សុផាន់ម៉ៃ បានអះអាងទៀតថា នាងសុខចិត្តស្លាប់បើមិនបានយុវជនឈ្មោះ ផល ដាណៃ ធ្វើជាគូអនាគតរួមរស់ជាមួយគ្នាទេនោះ ។

បច្ចុប្បន្ន យុវជនឈ្មោះ ផល ដាណៃ ត្រូវបានសមត្ថកិច្ចចាត់បញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីនៃច្បាប់ ៕

ប្រភព៖ dtn7

Loading...