Loading...

រាជធានីភ្នំពេញ៖ លោក ភួ ពុយ អគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះថា ដើម្បីដោះស្រាយបញ្ហាប្រឈមលើកង្វះឃ្លាំងស្តុក និងឡសម្ងួតស្រូវ លោកនឹងបោះទុនវិនិយោគជាង១០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគលើផ្នែកនេះនៅឆ្នាំ២០១៧នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

គម្រោងនេះមានការគាំទ្រពីធនាគារឯកជន និងមានការគាំទ្រមួយផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា ព្រោះប្រសិនជាយើង មិនមានឡសម្ងួតនិងឃ្លាំងស្តុកស្រូវគ្រប់គ្រាន់ទេ បញ្ហាប្រឈមក្នុងវិស័យនេះ មិនអាចដោះស្រាយបានឡើយ។

Loading...

លោកបន្តថា ធនាគារស្រូវគ្រោងរៀបចំសហគមន៍កសិករ តាមរយៈការចុះកិច្ចសន្យាជាមួយកសិករ ដើម្បី ធ្វើឱ្យផលិតផលកសិកម្មរបស់ពួកគេ មានតម្លៃដោយស្ថិរភាព និងមានទីផ្សារ ពិសេសបញ្ចៀសបាននូវការ ក្រឡុកតម្លៃពីក្រុមឈ្មួញកណ្ដាល។ លោកបន្តទៀតថា បច្ចុប្បន្ននៅកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវប្រមាណ២៧០កន្លែង ដែលអាចកិនស្រូវយកអង្ករនាំចេញបានប្រកបដោយគុណភាពខ្ពស់។

កាលពីចុងឆ្នាំ២០១៦កន្លងមកនេះ ក្រុមហ៊ុនចិនចំនួនពីរ ក៏បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់៤០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជាអង្ករនាំចេញទៅកាន់ប្រទេសចិនផងដែរ។ កង្វះឡសម្ងួត និងឃ្លាំងស្តុកស្រូវជាបញ្ហាប្រឈមធំបំផុតនៅក្នុងវិស័យនេះ ដែលបានរីករាលដាល ដល់កសិករ ព្រោះពេលរោងម៉ាស៊ីនកិនស្រូវខ្វះកន្លែងស្តុក និងឡសម្ងួតពួកគេមិនអាចលក់ផលិតផល របស់ពួកគេទាន់ពេលវេលាទេ។

លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមបានថ្លែងថា ដោយសារបញ្ហាកង្វះឃ្លាំងស្តុក និងឡសម្ងួតនេះ ទើបលោកសម្រេចចិត្តបោះទុនជាង១លានដុល្លារអាម៉េរិកវិនិយោគឡសម្ងួត និងគ្រោងបោះទុនជាច្រើនទៀត ដើម្បីបង្កើតឃ្លាំងស្តុកស្រូវនៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឆ្នាំនេះ ដើម្បីជួយកសិករផងដែរ។

លោកបន្តថា នៅឃុំនេះមានភូមិចំនួន៥ មានផ្ទៃដីស្រែជាង១ម៉ឺនហិកតា ដែលអាចធ្វើស្រែបានពីរដងក្នុងមួយឆ្នាំ ហេតុនេះទើបលោកសម្រេចចិត្តវិនិយោគនៅតំបន់នោះ ដោយមានការគាំទ្រពីឥណទាន របស់មីក្រូហិរញ្ញវត្ថុ របស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមផងដែរ៕

ប្រភព៖ kqube

Loading...