Loading...

ខេត្តកណ្ដាល៖ គម្រោងផ្ទះតម្លៃទាប និងមធ្យម ដែលក្រុមហ៊ុន Worldbridge Land បានសហការជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍លំនៅឋានធូរថ្លៃលក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមន្ត្រីរាជការមួយចំនួនដែលមានប្រាក់បៀវត្សក្រោម៥០០ដុល្លារនោះ ពេលនេះបានបង្ហាញទីតាំងច្បាស់លាស់ហើយ ដោយគ្រោងបើកការដ្ឋានសាងសង់ រួមទាំងប្រកាសលក់ជាផ្លូវការនៅថ្ងៃទី៧ ខែមករា ស្អែកនេះផងដែរ។

តាមការផ្ដល់ព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Worldbridge Land អ្នកនាង លីវ រតនា បានប្រាប់សារព័ត៌មាន Kqube.net ថា គម្រោងផ្ទះតម្លៃទាប និងមធ្យមនេះ គឺមានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដោយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ មានចម្ងាយប្រហែល៨គីឡូម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ ហួសវត្តទួលក្រសាំងតែបន្តិចប៉ុណ្ណោះ។

Loading...

ប្រភពខាងលើបានឲ្យដឹងទៀតថា គម្រោងបើកការដ្ឋាននៅថ្ងៃស្អែកនេះ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ និងមន្ត្រីអ្នកមុខអ្នកការផ្សេងៗជាច្រើនរូបទៀត ជាមួយនឹងអ្នកឧកញ៉ា សៀរ ឫទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Land ផងដែរ។

នាពេលកន្លងមកអ្នកឧកញ៉ា សៀរ ឫទ្ធី ធ្លាប់បានលើកឡើងថា គម្រោងផ្ទះតម្លៃទាប និងមធ្យមនេះ គឺអភិវឌ្ឍន៍ឡើង ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនកម្ពុជាទូទៅ ដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសអ្នកដែលមានប្រាក់ខែក្រោម ៥០០ដុល្លារ ដោយមិនគិតអំពីការចំណេញពេកនោះទេ ព្រោះជាគម្រោងធ្វើដើម្បីការងារមនុស្សធម៌។

បើផ្អែកលើគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃទាបនិងមធ្យមនេះ គឺតម្រូវឲ្យលក់ជូនប្រជាពលរដ្ឋណា ដែលពួកគេមានគ្រួសារ មានប្រាក់ខែក្រោម ៥០០ដុល្លារ និងត្រូវរស់នៅក្នុងផ្ទះនោះរហូតដល់ ៥ឆ្នាំយ៉ាងតិច ដោយគ្មានសិទ្ធិលក់បន្តនោះទេ ហើយលក្ខខណ្ឌបន្ថែមទៀតនោះ ក្រុមហ៊ុនកំពុងសិក្សាជាមួយរាជរដ្ឋាភិបាលបន្ថែមផងដែរ។

សូមបញ្ជាក់ថា ផ្ទះតម្លៃទាបនិងមធ្យមនេះ មានតម្លៃចាប់២ម៉ឺន៥ពាន់ដុល្លារ រហូត៣ម៉ឺន៥ពាន់ដុល្លារសហរដ្ឋអាមេរិក នឹងតម្រូវឲ្យអ្នកទិញបង់ប្រាក់មុន១០ភាគរយ បន្ទាប់មកបង់រំលស់ប្រចាំខែប្រមាណជា១០០ដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមអ្នកឧកញ៉ា ដែលជាម្ចាស់គម្រោងនេះធ្លាប់បានផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាននាពេលកន្លងមក ប៉ុន្តែសម្រាប់ព័ត៌មានជាក់លាក់យ៉ាងណានោះ នៅថ្ងៃទី៧ ស្អែកនេះ Kqube.net នឹងបញ្ជាក់បន្ថែមផងដែរ៕

Image may contain: 5 people

No automatic alt text available.

No automatic alt text available.

ប្រភព៖ kqube

Loading...