ក្នុងខណៈដែលចិនកំពុងស្គាល់បរិយាកាសអាប់អួរ ដោយកំរិតជាតិពុលក្នុងខ្យល់បានឡើងខ្ពស់ខ្លាំង រហូតគាំងដំណើរការចរាចរន៍ផ្លូវគោក ផ្លូវអាកាស អស់មួយផ្នែកធំនៃប្រទេស អាជ្ញាធរប៉េកាំងបានបង្ហើបបង្ហាញផែនការថ្មីដើម្បីគាំទ្រឱ្យមានថាមពលមិនចេះរីងស្ងួត។ ចិនមានគម្រោងប្រកបដោយមហិច្ឆតាធ្វើអន្តរកាលថាមពលឆ្លងពីធ្យូងថ្ម ឆ្ពោះទៅរកថាមពលស្អាតមិនបំពុលបរិស្ថាន។

គឺរដ្ឋបាលជាតិផ្នែកថាមពលជាអ្នកប្រកាសបង្ហាញគម្រោងអភិវឌ្ឍន៍ថាមពលមិនចេះរីងស្ងួត។ ផែនការ៥ឆ្នាំ ប្រកបដោយមហិច្ឆតា ដែលរដ្ឋាភិបាលចិនត្រៀមទម្លាយកញ្ចប់ថវិកាចំនួន ៣៤៤ពាន់លានអឺរ៉ូ ពីពេលនេះដល់ឆ្នាំ២០២០ នឹងបង្កើតការងារបាន១៣លានការងារ នៅក្នុងវិស័យ ថាមពលដើរដោយកម្លាំងខ្យល់ កម្លាំងទឹក ពន្លឺព្រះអាទិត្យ និងនុយក្លេអ៊ែរ។

Loading...

នេះជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ព្រោះចិនដែលល្បីឈ្មោះជាប់លេខមួយជាប្រទេសបញ្ចេញឧស្ម័នបំពុលបរិស្ថានភពផែនដី ក៏ជាប្រទេសផលិតថាមពលមិនចេះរីងស្ងួត ខ្លាំងជាងបំផុត លំដាប់ទីមួយដែរនៅលើពិភពលោក។ បើតាមអង្គការបរិស្ថានអន្តរជាតិ Greenpeace នៅឆ្នាំ២០១៥ ចិនបានដាក់ស្ថាបនានិងដាក់ឱ្យដំណើរការកង្ហារទាញយកថាមពលអគ្គីសនីដើរដោយខ្យល់ មួយគ្រឿង ក្នុងមួយម៉ោង ជាមធ្យម នៅទូទាំងប្រទេស។

មិនតែប៉ុណ្ណោះ ចិនបានសន្យាថា នឹងបន្តកាត់បន្ថយតម្រូវការផ្នែកថាមពលធ្យូងថ្ម។ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អាជ្ញាធរប៉េកាំងបានសុខចិត្តផ្តល់អាទិភាពខាងផ្នែកលើកស្ទួយកំណើនសេដ្ឋកិច្ចមែន ខ្លាំងជាងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសមែន ប៉ុន្តែប្រជាពលរដ្ឋចិន កាន់តែយល់ដឹងខ្លាំងឡើងៗអំពីគុណភាពនៃខ្យល់ដែលគេស្រូបចូលជារៀងរាល់ថ្ងៃ៕

ប្រភព៖ RFI