Loading...

ខេត្តកណ្ដាល៖ ពលរដ្ឋជាច្រើននាក់បានសម្ដែងការសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Worldbridge Land ដែលបានមកអភិវឌ្ឍន៍គម្រោងផ្ទះតម្លៃទាបនិងមធ្យមនៅក្នុងភូមិសាស្ត្រខាងត្បូងក្រុងតាខ្មៅ ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាប់ក្បែរមូលដ្ឋានចាស់របស់ពួកគេ និងបានផ្ដល់ឱកាសដល់ពួកគេអាចទិញនូវគម្រោងផ្ទះនោះដោយបង់ត្រឹមក្រោម១០០ដុល្លារសហរដ្ឋអាមេរិកថែមទៀត។

Image may contain: 10 people, people standing

Loading...

អ្នកស្រី ជា យ៉ាន អាយុប្រមាណជិត៥០ឆ្នាំ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ និងជាស្ត្រីមេម៉ាយចិញ្ចឹមកូនរហូត៥នាក់ ក្រោយប្តីស្លាប់ចោលបានប្រាប់ Kqube.net ទាំងដួលដើមករថា ជីវិតអ្នកស្រីគឺកម្សត់វេទនាណាស់ រស់នៅជាមួយម្ដាយរយៈពេល៣៦ឆ្នាំហើយ មិនទាន់មានផ្ទះខ្លួនឯងនៅឡើយទេ។ ឥឡូវកូន២នាក់គេបានរៀបការរួចហើយ ប៉ុន្តែនៅតែបន្ដរស់នៅជុំគ្នាដដែល ព្រោះមិនដឹងថាឲ្យកូនទៅនៅឯណាបើគាត់ជាម្ដាយមិនមានអ្វីចែកឲ្យកូនៗផង។

ស្ត្រីមេម៉ាយរូបនេះបានបន្តថា ក្រោយទទួលបានដំណឹងមានក្រុមហ៊ុន និងរដ្ឋាភិបាលគម្រោងមកសាងសង់លំនៅឋានតម្លៃសមរម្យនៅតាមបណ្ដោយផ្លូវជាតិលេខ២១នេះ រួមទាំងលោកស្រីបានស្ដាប់ប្រសាសន៍របស់ឯកឧត្ដមរដ្ឋមន្ត្រី ជា សុផារ៉ា តំណាងរាជរដ្ឋាភិបាលកម្ពុជាប្រកាសស្នើទៅក្រុមហ៊ុនម្ចាស់គម្រោងសុំឲ្យរក្សាតម្លៃបង់រំលស់ត្រឹមក្រោម១០០ដុល្លារ ខណៈនោះលោកស្រីត្រេកអរណាស់ ព្រោះចង់ទិញសម្រាប់ទុករស់នៅជាមួយកូនៗលោកស្រីផងដែរ ហើយបើតម្លៃបែបនេះមែន គឺអ្នកស្រីនិងកូនៗពិតជាមានលទ្ធភាពទិញផ្ទះនោះ។

លោក លី ហុង មេភូមិកោះគរក៏បានសាទរយ៉ាងខ្លាំងផងដែរ ដោយលោកបានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ ព្រោះមានក្រុមហ៊ុនឯកជនបានសហការគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាមកអភិវឌ្ឍន៍គម្រោងផ្ទះតម្លៃសមរម្យនៅក្នុងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកលោក។ គម្រោងនេះមិនត្រឹមតែអនុញ្ញាតឲ្យមន្ត្រីរាជការ ឬប្រជាជនទូទៅ ដែលមានចំណូលទាប និងមធ្យមមានសមត្ថភាពទិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសឲ្យពលរដ្ឋក្នុងតំបន់នោះមានជីវភាពធូរធារតាមរយៈការលក់ដូរ ឬរកស៊ីផ្សេងៗនៅថ្ងៃអនាគតផងដែរ។

Image may contain: 1 person

លោកបានបន្តថា តំបន់អភិវឌ្ឍន៍គម្រោងផ្ទះតម្លៃសមរម្យនេះគឺស្ថិតជាប់ព្រំប្រទល់ភូមិទួលក្រសាំង ប៉ុន្តែវាចូលទឹកដីភូមិកោះគរហើយ។ សម្រាប់ភូមិគោះគរ គឺមានប្រជាពលរដ្ឋសរុបចំនួន៥០១គ្រួសារ ស្មើនឹងប្រជាជន ៣៤០០ជាងនាក់។ គម្រោងនេះលោកក៏ចង់ឲ្យកូនប្រុសម្នាក់ទិញសម្រាប់រស់នៅផងដែរ ព្រោះថាបច្ចុប្បន្នកូនប្រុសរស់លោកធ្វើជាគ្រូបង្រៀននៅក្នុងភូមិសាស្ត្រនោះដែរ ហើយគេមិនទាន់មានផ្ទះផ្ទាល់ខ្លួននៅឡើយទេ។

ជាមួយគ្នានឹងការសាទរលើគម្រោងផ្ទះតម្លៃសមរម្យនេះដែរ មេប៉ុស្តិ៍ឃុំរកាខ្ពស់ លោក ឃុន ណារិទ្ធ បានឲ្យដឹងថា មានពលរដ្ឋសួរនាំតាមរយៈលោកជាច្រើននាក់ និងចាប់អារម្មណ៍ចង់ទិញម្នាក់មួយផ្ទះសម្រាប់រស់នៅផងដែរ។ លោកថា សូម្បីតែលោកផ្ទាល់ក៏ចង់បានមួយខ្នងនឹងគេដែរ ព្រោះលោកមានកូនពីរនាក់ក្នុងបន្ទុកគ្រួសារ ប៉ុន្តែសព្វថ្ងៃលោករស់នៅជាមួយម្ដាយក្មេក ដោយមិនទាន់មានផ្ទះផ្ទាល់ខ្លួននោះទេ។

នាយប៉ុស្តិ៍រូបនេះបានបន្តថា ប្រាក់បៀវត្សរបស់លោកមានចំនួនជាង១លានរៀលដែរ បើគម្រោងផ្ទះនេះដូចការលើកឡើងរបស់តំណាងក្រុមហ៊ុន និងឯកឧត្ដម ជា សុផារ៉ា លើកឡើង ដែលតម្រូវឲ្យអតិថិជនបង់រំលស់ត្រឹមក្រោម១០០ដុល្លារ គឺលោកនឹងមានលទ្ធភាពទិញផ្ទះនោះ ប៉ុន្តែមានចំណុចមួយដែលព្រួយបារម្ភ គឺសុំឲ្យក្រុមហ៊ុនធ្វើការសាងសង់ផ្ទះតាមអ្វីដែលបាននិយាយគ្នា។ កុំឲ្យដូចឧទាហរណ៍ថាធ្វើបែបប្រភេទនេះ លុះធ្វើចេញរួបរាងពិតមកបែរជាចេញបែបនោះ នោះគឺពិបាកហើយ។

Image may contain: 1 person, sky and outdoor

គួររម្លឹកថា នៅក្នុងពិធីបើកការដ្ឋាន នៃគម្រោងសាងសង់លំនៅឋានតម្លៃទាប និងមធ្យម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Worldbridge Land និងរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ បានលើកឡើងថា ផ្ទះតម្លៃសមរម្យនេះ គឺលោកចង់ឲ្យក្រុមហ៊ុនសម្រួលដល់ការបង់រំលស់ត្រឹម ៨០ ឬក្រោម១០០ដុល្លារបានហើយ ដើម្បីឲ្យអ្នកដែលមានចំណូលទាបបានទិញគម្រោងនេះរស់នៅពិតប្រាកដ ហើយអ្នកដែលមិនទាន់មានគ្រួសារសូមកុំរាបបញ្ចូល។

យ៉ាងណាក៏ដោយអ្នកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Land បានបញ្ជាក់ទាកទងនឹងសំណើរបស់ឯកឧត្ដម ជា សុផារ៉ា គឺក្រុមហ៊ុនរបស់លោកកំពុងសិក្សាបន្ថែមជាមួយធនាគារឯកទេសនានា ហើយកាលបរិច្ឆេទ និងតម្លៃលក់ពិតប្រាកដ នឹងប្រកាសនៅពីរសប្ដាហ៍ខាងមុខនេះ។ ចំពោះទុនវិនិយោគលើគម្រោងនេះលោកបានប្រាប់ថា មានប្រមាណជាង ៦០លានដុល្លារអាមេរិក និងគម្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨។

បើយោងតាមសន្ទរកថារបស់ម្ចាស់គម្រោងនេះដដែលបានឲ្យដឹងថា លំនៅឋានតម្លៃទាប និងមធ្យមនេះ គឺក្រុមហ៊ុននឹងសាងសង់មានពីរប្រភេទផ្សេងគ្នា ដោយប្រភេទទី១-មុខ ៤ម៉ែត្រ បណ្ដោយ១០.៥ម៉ែត្រ និងប្រភេទទី២-មុខ ៦x ១០.៥ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះសរុប ២២៩៧ ល្វែង (ប្រភេទទី ២០២៥ខ្នងផ្ទះ) ស្ថិតនៅផ្ទៃដី២៤ហិតា ៕

Image may contain: 2 people, people standing

Image may contain: 8 people, outdoor

Image may contain: 1 person, crowd

ប្រភព៖ kqube

Loading...