លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅប្រទេសបារាំង កាលពីថ្ងៃម្សិលមិញ បានទម្លាយសារមួយឱ្យសាធារណៈដឹងតាមរយៈអ្នកសារព័ត៌មាន។ នៅក្នុងសារអ៊ីម៉ែលរបស់ខ្លួន លោក សម រង្ស៊ី បានចោទលោកនាយករដ្ឋមន្ត្រីថា កំពុងព្យាយាមប្រើល្បិចដេញរូបលោកចេញពីគណបក្សសង្គ្រោះជាតិតាមរយៈសេចក្តីថ្លែងការណ៍ ឬការសន្យាណាមួយដែលលោកកឹម សុខា បានធ្វើឡើងជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងសំណុំរឿងគ្រួសាររបស់លោក និងថ្នាក់ដឹកនាំវៀតណាម។

លោកសម រង្ស៊ី បានផ្ញើសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយរបស់លោកកឹម សុខា មកកាន់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់ថា នេះគឺជាសេចក្តីថ្លែងការណ៍ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បង្ខំឱ្យប្រធានស្តីទីបក្សប្រឆាំងរូបនេះធ្វើតាម។ ជាសេចក្តីថ្លែងការណ៍ ដែលតម្រូវឱ្យលោក កឹម សុខា ចុះហត្ថលេខាតែម្នាក់ឯង និងត្រូវបណ្តេញបុគ្គលណាក៏ដោយឱ្យតែបានប្រមាថមកលើភរិយាលោកនាយករដ្ឋមន្ត្រី និងកូនប្រុសច្បងរបស់លោក ថាជាកូនរបស់លោក ឡេ ដឹកថ ដែលជាអតីតមេដឹកនាំកំពូលរបស់វៀតណាម។

សេចក្តីថ្លែងការណ៍ ដែលគ្រោងធ្វើឡើងតាំងពីមួយខែមុន គឺថ្ងៃទី០៧ ធ្នូ ឆ្នាំ២០១៦នោះ បានសរសេរសំណេរដើមថា៖ “ទង្វើដ៏ថោកទាបខាងលើ ពិតជាមិនអាចទទួលយកបានទេ។ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់ សូមថ្កោលទោសជាសាធារណៈ ចំពោះក្រុមជនប្រមាថទាំងនេះ ប្រៀបបានទៅនឹងជនពាល មិនស្មើនឹងសត្វតិរិច្ឆាន ហើយសាហាវជាងសត្វអសិរពិស ដែលមានចរិតបំបែកបំបាក់ និងមើលងាយមេដឹកនាំជាតិសាសន៍ឯង។ ក្នុងករណីជនអគតិទាំងនេះ ជាសមាជិកគណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្តេញចេញពីបក្ស”។

បន្ថែមពីនេះ លោក សម រង្ស៊ី ដែលបានបាត់បង់ដំណែងពីប្រធានក្រុមតំណាងរាស្ត្រភាគតិចឋានៈស្មើនឹងនាយករដ្ឋមន្ត្រី និងកំពុងជាប់បណ្តឹងវណ្ឌករជាបន្តបន្ទាប់ បានអះអាងថា ក្រោយពេលលោកកឹម សុខា ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នេះរួចហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាបុរសខ្លាំងនឹងប្រើប្រាស់ក្រុមមនុស្ស ដែលលោកបានទិញក្នុងជួរគណបក្សសង្គ្រោះជាតិ ឱ្យនិយាយមួលបង្កាច់លោក ហើយនឹងបង្ខំឱ្យលោកកឹម សុខា ត្រូវតែអនុវត្តន៍តាមសេចក្តីថ្លែងការណ៍។ យ៉ាងណាក៏ដោយ សារអ៊ីម៉ែលរបស់លោក សម រង្ស៊ី ដដែល មិនបានបញ្ជាក់ថាតើនរណាគឺជាមនុស្សដែលលោកនាយករដ្ឋមន្ត្រីទិញបាននោះទេ។

លោកអេង ឆៃអ៊ាង អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអះអាងថា លោកមិនបានដឹងរឿង បែកធ្លាយនៃសារនេះទេ។ ដោយឡែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សមិនបានដឹងរឿងនេះទេ ប៉ុន្តែបើពិនិត្យទៅលើខ្លឹមសារ ដែលដឹងតាមបណ្តាញសង្គម និងសារព័ត៌មាន រឿងដែលកំពុងផ្ទុះនេះ គឺខ្លាចខ្ទាតពីបក្សរបស់លោក សម រង្ស៊ី ខ្លួនឯង ហើយលោកក៏បានដាក់ជាចង្ងល់ថា តើហេតុអ្វីបានជាលោក សម រង្ស៊ីទើបតែទម្លាយនៅពេលនេះ។ សម្រេចសម្រួចទៅចំពោះការធ្លាយសារដែលលោក សម រង្ស៊ី ទម្លាយនេះ គណបក្សប្រជាជនកម្ពុជា អះអាងថា ជាការបង្កើតរឿងថ្មី និងការការពារបក្សប្រហារពីអនុប្រធានរបស់ខ្លួន៕

ប្រភព៖ RFI

Loading...