ភ្នំពេញ: រយៈពេលជិត ៥ ខែពីការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ រដ្ឋាភិបាលបានបញ្ជាក់ថាឯកសារចំនួន ៦ ដែលចេញដោយរដ្ឋរួមមានឯកសារអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើត ឥឡូវនេះនឹងធ្វើដោយឥតគិតថ្លៃ ខណៈតំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិបានហៅថាការធ្វើបែបនេះគឺជាលក្ខណៈនយោបាយយ៉ាងច្បាស់ហើយនឹងមិនជួយធ្វើឲ្យប្រសើរឡើងចំពោះសេវាសាធារណៈទេ។

ក្រសួងមហាផ្ទៃ កាលពីម្សិលមិញ បានថ្លែងថា ខ្លួននឹងធ្វើការចេញសំបុត្រកំណើត សំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ដោយមិនគិតថ្លៃ ប៉ុន្តែ មានការពិន័យប្រសិនបើមិនចេញក្នុងក្របខ័ណ្ឌពេលវេលាដែលបានកំណត់។ ចំណែកឯកម្រៃ ១០០០០ រៀល (២,៥ ដុល្លារ) សម្រាប់អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារនឹងត្រូវលើកលែងផងដែរ។

Loading...

អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ប៉្រុក ម៉ៃឧត្តម (Prok May Oudom) បានថ្លែងថា៖ «យើងនឹងចេញប្រកាសមួយដើម្បីចាប់ផ្តើមអនុវត្តនាពេលខាងមុខឆាប់ៗនេះ»។ «យើងនឹងឈប់យកកម្រៃលើឯកសារទាំងនេះនាពេលខាងមុខឆាប់ៗក្នុងខែមករានេះ»។

ខណៈអះអាងថាអាជ្ញាធរខេត្តត្រូវបានជម្រាបរួចហើយអំពីព័ត៌មាននេះកាលពីខែមុនលោក ម៉ៃឧត្តម បានថ្លែងថាវានឹង «សម្រួលបន្ទុក» លើពលរដ្ឋ និងអ្នកខ្លះដែលមិនមានប្រាក់ធ្វើ។ លោកបានថ្លែងបន្តថាលោកមិនដឹងទេថាតើនឹងមានផលប៉ះពាល់ហិរញ្ញវត្ថុយ៉ាងម៉េចចំពោះសេចក្តីសម្រេចនេះ។

សេចក្តីសម្រេចនេះគឺត្រូវបានធ្វើឡើងជាសាធារណៈដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាលោក ស សុខា ដែលជាកូនប្រុសលោក ស ខេង នៅលើហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន។

នៅពេលទាក់ទងកាលពីម្សិលមិញលោក សុខា បានថ្លែងថាលោកគ្រាន់តែផ្សព្វផ្សាយព័ត៌មាននេះទៅសាធារណជនប៉ុណ្ណោះហើយបង្វែររាល់សំណួរទាំងអស់ទៅក្រសួងដោយអះអាងថាលោកមិនមានពាក់ព័ន្ធនៅក្នុងសេចក្តីណែនាំនេះទេ។

ពាក់ព័ន្ធនឹងបញ្ហាចំណូលថវិកាជាតិដែលបានមកពីកម្រៃទាំងនេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថាប្រាក់ដែលបានមកពីការចេញឯកសារទាំងនេះគឺតិចតួចហើយមិនមែនជាការបាត់បង់ថវិកាជាតិទេ។

ទាក់ទិននឹងរឿងនយោបាយវិញលោក ឥសាន បានថ្លែងថា៖ «វាចៀសមិនរួចទេ» ដែលជាគណបក្សកាន់អំណាចនឹងទទួលអត្ថប្រយោជន៍ពីគោលនយោបាយដែលមានប្រជាប្រិយក្នុងចំណោមប្រជាជនដោយថ្លែងថាការលុបចោលការតម្រូវឲ្យមានប័ណ្ណបើកបរសម្រាប់ម៉ូតូក្រោមកម្លាំង ១២៥ សេសេ និងការផ្តល់តូបជារៀងរហូតដល់អាជីវករនៅតាមផ្សារគឺជារឿងស្រដៀងគ្នាដែលអាចផ្តល់ប្រជាប្រិយភាពដល់គណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងបន្តថា៖ «ប្រជាជននឹងមិនភ្លេចអ្នកដែលផ្តល់សេវាទាំងនេះដល់ពួកគេទេ»។ «ប៉ុន្តែពួកគេនឹងមិនបោះឆ្នោតឲ្យអ្នកជេរ គំរាម និងប្រឆាំងពួកគេដូចជាគណបក្សប្រឆាំងទេ»។

ទោះយ៉ាងណាក្តីលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំងបានថ្លែងថាការលើកលែងកម្រៃនេះគ្មានអ្វីប៉ះពាល់ដល់ការបោះឆ្នោតទេហើយរឿងសំខាន់គឺរឿងពុករលួយ។

លោកបានថ្លែងថា៖ «បញ្ហាមិនមែនរឿងកម្រៃទេ។ វាគឺជារឿងពុករលួយ ហើយត្រូវបង់លុយថែមក្រៅផ្លូវការដែលរដ្ឋាភិបាលគួរផ្តោត»។

លោកបានថ្លែងបន្តថាប្រជាពលរដ្ឋត្រូវបង់កម្រៃក្រៅផ្លូវការ ឬសំណូក។

លោកក៏បានចោទសួរផងដែរថាហេតុអ្វីបានជារដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងធ្វើឲ្យមានដំណើរការទាំងនេះនៅលើអនឡាញដើម្បីជួយកែលម្អសេវាសាធារណៈ។

លោកបានថ្លែងបន្តថា៖ «ខ្ញុំគិតថាវាឥឡូវនេះជាទម្លាប់ [ក្នុងការរំពឹងថានឹងទទួលបានសំណូក]។ ខ្ញុំមិនដឹងថា តើនៅពេលណាដែលពួកគេនឹងមានគ្រប់គ្រាន់» ។

ប្រជាពលរដ្ឋម្នាក់ក្នុងខណ្ឌដូនពេញដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថាអ្នកនាងត្រូវបានអាជ្ញាធរសុំឲ្យបង់ប្រាក់ចំនួន ១០០ ដុល្លារក្នុងការប្តូរឈ្មោះអ្នកនាង និងម្តាយរបស់អ្នកនាងនៅក្នុងសៀវភៅគ្រួសារដែលតថ្លៃចុះសល់ ៥០ ដុល្លារ។

ជាងនេះទៀតថ្ងៃខែឆ្នាំកំណើតរបស់បងប្អូនប្រុសរបស់អ្នកនាងត្រូវបានដាក់ចូលមិនត្រឹមត្រូវហើយធ្វើឲ្យអ្នកនាងចំណាយប្រាក់ផងដែរ។

អ្នកនាងបានថ្លែងបន្តថា៖ «ពួកគេនិយាយថាខ្ញុំអាចព្យាយាមដោយខ្លួនឯងដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែពួកគេមិនអាចធានាថានៅពេលណានឹងទទួលបានការប្តូរនោះទេ?»។ «តើយើងអាចធ្វើអ្វីបាន?»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍