ក្នុងពេលឆាប់ៗខាងមុខនេះ រាល់ការធ្វើលិខិតអត្រានុកូលដ្ឋាន និងសៀវភៅស្នាក់នៅ រួមទាំង ការធ្វើអត្តសញ្ញាណប័ណ្ណ គឺមិនយកប្រាក់កម្រៃទៀតទេ។ ពលរដ្ឋនឹងមិនតម្រូវឲ្យបង់លុយទៀតឡើយ ដើម្បីទទួលបានលិខិតស្នាមទាំងនេះ ព្រោះវាជាគឺបន្ទុករបស់រដ្ឋ។ មានន័យថា រដ្ឋជាអ្នកចេញថ្លៃឲ្យ។ ក៏ប៉ុន្តែ គោលការណ៍នេះ អាចនឹងគ្មានប្រសិទ្ធិភាព ប្រសិនបើគ្មានការកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងបើគ្មានកែប្រែទម្លាប់ធ្វើការងារមិនល្អខ្លះ របស់អ្នករាជការ។

តាំងតែពីធ្លាក់សំឡេងឆ្នោតនៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងតាំងពីបាត់បង់កៅអីសភាចំនួន២២អាសនៈមក រដ្ឋាភិបាលអាណត្តិថ្មីរបស់បក្សកាន់អំណាចចាស់ បានខំប្រឹងប្រែងកែទម្រង់ រិះរកចំណុចអសកម្មនានាហើយកែសម្រួល ពិសេសគឺរកកន្លែងណាដែលទាក់ទងជិតស្និតបំផុតទៅនឹងតម្រូវការក្នុងជីវភាពរាល់ថ្ងៃរបស់ពលរដ្ឋ។

ជាក់ស្តែង ភ្លាមៗក្រោយការរៀបចំរដ្ឋាភិបាលអាណត្តិទី៥ រួចហើយ រដ្ឋាភិបាលបានប្រកាសមិនយកលុយចំពោះការធ្វើដំណើរឆ្លងកាត់លើផ្លូវមួយចំនួន ដែលជាផ្លូវកសាងដោយឯកជន ហើយរដ្ឋសុខចិត្តចេញថ្លៃខាតឲ្យឯកជន។ រដ្ឋក៏ជួយសម្រួលករណីម៉ូតូឡាន រាប់តាំងពីប័ណ្ណបើកបរ គ្មានប័ណ្ណបើកបរក៏អាចបើកម៉ូតូបាន ឲ្យតែមានអត្តសញ្ញាប័ណ្ណ, យានយន្តចង្កូតស្តាំក៏នៅតែអាចបន្តបើកបាន ហើយថ្លៃប្រេងសាំង ក៏បានធ្លាក់ចុះ និងនៅតែបន្ត មិនឡើងថ្លៃខ្លស់ពេក។

ការដោះស្រាយជួយសម្រួលករណីទាំងនេះ គឺត្រូវចំនឹងរឿងឆ្នាំងបាយ និងរឿងជីវភាពរបស់ពលរដ្ឋបានច្រើន។ ហើយថែមទាំងការសម្រេចមិនយកកម្រៃលុយចំពោះការធ្វើលិខិតអត្រានុកូលដ្ឋាន សំបុត្រស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ នៅពេលនេះទៀត គឺកាន់តែត្រូវចំចំណុចចាំបាច់ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋថែមទៀត។ ដ្បិតថា ការធ្វើលិខិតអត្រានុកូលដ្ឋាន គឺនៅជាប់នឹងពលរដ្ឋរាល់ថ្ងៃ តាំងពីការកើត រៀបការមានគ្រួសារ និងមរណភាព។ ការមិនយកលុយសម្រាប់ការបញ្ជាក់លិខិតទាំងនេះ និងមិនយកកម្រៃសម្រាប់ធ្វើលិខិតស្នាក់នៅ រួមទាំងការធ្វើអត្តសញ្ញាណប័ណ្ណ គឺសុទ្ធតែជាចំណុចដែលពលរដ្ឋក្រីក្រភាពច្រើនសាទរ។

ក៏ប៉ុន្តែ បើគេសង្កេតឲ្យស៊ីជម្រៅមែនទែន ការអនុវត្តគោលការណ៍នេះ គឺអាចនឹងប្រឈមចំពោះឧបសគ្គ ចំនួន២ទៅ៣ចម្បងៗ។ ទី១ គឺរបៀប បែបបទធ្វើការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ ដែលអសកម្ម និងទម្លាប់ស៊ីលុយ ទី២ ផ្នត់គំនិតនិងទម្លាប់របស់ប្រជាពលរដ្ឋខ្លួនឯង ដែលទម្លាប់ជូនសាគុណ ឬថ្លៃទឹកប៊ិច ហើយទី៣ គឺចំណូលពន្ធអាករសម្រាប់រដ្ឋ។

ចំណុចទាំងបីនេះ គឺអាចជាបញ្ហាចំពោះកំណែទម្រង់ថ្នាក់ក្រោមជាតិដែលបានដាក់ចេញ និងទើបតែប្រុងដាក់ចេញថែមទៀតនេះ! ព្រោះថា ទី១ បើទោះបីជាមានការណែនាំ និងប្រកាសថា មិនឲ្យយកប្រាក់កម្រៃក៏ដោយ ក៏ប៉ុន្តែមន្ត្រីថ្នាក់ក្រោម គឺមានទម្លាប់ចាស់ ស្រេចមកហើយ រឿងយកថ្លៃទឹកតែ ឬថ្លៃទឹកប៊ិចនោះ។

ជាក់ស្តែង ពលរដ្ឋខ្មែរតែងតែកត់សម្គាល់ជារៀងរាល់ថ្ងៃពីភាពស្ពឹកស្រពន់របស់មន្ត្រីរាជការមួយចំនួន និងភាពយឹតយ៉ាវក្នុងការធ្វើ ឬបញ្ជាក់សំណុំឯកសារណាមួយសម្រាប់ពលរដ្ឋ។ ប៉ុន្តែបើមានលុយថ្លៃទឹកតែ ឬថ្លៃទឹកប៊ិចខ្លះ ទើបកិច្ចការនោះវាអាចដើរលឿន ឬរលូតទៅបានឆាប់។ គឺដូចពាក្យដែលគេតែងតែនិយាយ ហើយសឹងតែមន្ត្រីខ្លះពោលសឹកមាត់ខ្លួនឯងទៅហើយផងថា គេមិនអាចប្រើគោ ដោយមិនឲ្យស៊ីស្មៅបានឡើយ។ នេះគឺជាទម្លាប់អាក្រក់ អសកម្មមួយ ដែលជាប់ដុះស្លែរយូរណាស់មកហើយចំពោះរដ្ឋាបាលថ្នាក់ក្រោម។

ទី២ ពលរដ្ឋខ្មែរខ្លួនឯង តែងប្រកាន់ផ្នត់គំនិតជូនសាគុណ បើទោះបីជា អ្នកខ្លះដឹងហើយថា មន្ត្រីរាជការសាធារណៈ ជាអ្នកធ្វើកិច្ចការបម្រើប្រយោជន៍មហាជនក៏ដោយ។ ទន្ទឹមនេះ ពួកគេនៅតែជឿជាក់ថា ទាល់តែមានលុយ ដែលវាជាប្រេងរំអិលសក្តិសិទ្ធ ទើបម៉ាស៊ីនការងាររដ្ឋ អាចដំណើរការទៅបានល្អ និងលឿនរហ័ស។ ដូច្នេះ បើពលរដ្ឋចង់បានឯកសារ បញ្ជីលិខិតស្នាមរបស់ខ្លួន ឆាប់ធ្វើរួច និងឆាប់បានប្រើ គឺទាល់តែជូនសាគុណខ្លះតាមទម្លាប់ទៅ។ នេះជាទម្លាប់ការមិនល្អមួយរបស់ពលរដ្ឋដែលត្រូវជីកគាស់រម្លើង តែបើចង់លុបបំបាត់ គឺទាល់តែលុបបំបាត់ទម្លាប់របៀបធ្វើការងារចាស់របស់មន្ត្រីខ្លះផងដែរ។

ចំណុចទី៣ ការមិនយកកម្រៃចំពោះការធ្វើលិខិតអត្រាអនុកូលដ្ឋាន គឺវាអាចបាត់បង់ប្រាក់ចំណូល បើមិនតិចក៏ច្រើនណាស់ដែរ ដែលនេះ គឺនឹងកាន់តែធ្លាក់បន្ទុកសម្រាប់រដ្ឋថែមទៀត ខណៈដែលរដ្ឋខ្មែរកំពុងតែក្រស្រាប់ផង។

ទោះបីជាយ៉ាងណាក្តី ការប្រកាសមិនយកកម្រៃសម្រាប់ការធ្វើលិខិតស្នាមផ្សេងៗចំពោះពលរដ្ឋនៅពេលនេះ គឺជារឿងល្អសម្រាប់ជួយសម្រាលបន្ទុកភាពលំបាករបស់ពលរដ្ឋក្រីក្រជាទូទៅ។ តែវាអាចទទួលជោគជ័យទៅបាន គឺទាល់តែផ្នត់គំនិត និងទម្លាប់ការងារ របស់ពលរដ្ឋនិងរបស់មន្ត្រី មានការផ្លាស់ប្តូរជាមុនសិន៕

ប្រភព៖ RFI