ការប្រើប្រាស់លុយដុល្លារយ៉ាងច្រើនលើសលប់ គឺជាកង្វល់របស់ធនាគារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែប្រជាជនភាគច្រើនបំផុតមិនបានដឹងពីសារៈសំខាន់នៃលុយរៀលនោះឡើយ។ សាស្ត្រាផ្នែកសេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន បានពន្យល់ដោយលើកតាមចំណុចដែលរៀបរៀងដោយធនាគារជាតិថា ប្រាក់រៀល ឬរូបិយវត្ថុជាតិកម្ពុជាមានសារៈសំខាន់មិននឹកស្មានដល់ដូចខាងក្រោម៖

១. លើកតម្កើងអត្តសញ្ញាណជាតិ

គ្រប់បណ្ដាប្រទេសនៅលើពិភពលោក សុទ្ធតែមានរូបិយវត្ថុរៀងខ្លួន។ ដូចគ្នានឹងប្រទេសកម្ពុជាមានរូបិយវត្ថុរបស់ខ្លួនដែរ គឺលុយរៀល។ ដូចនេះប្រជាពលរដ្ឋកម្ពុជា គួររួមគ្នាប្រើប្រាស់លុយរៀល ដែលជាអត្តសញ្ញាណជាតិ ចូលរួមលើកតម្លៃលុយរៀល ធ្វើឱ្យលុយរៀលមានតម្លៃ មានហាងឆេង។ ព្រោះកាលណាប្រជាពលរដ្ឋប្រើប្រាស់រូបិយប័ណ្ណមានន័យថា កំពុងតែធ្វើឱ្យលុយរៀលចាប់ផ្ដើមធ្លាក់តម្លៃបន្តិចម្ដងៗដូច្នោះដែរ។

២. រក្សាស្ថិរភាពថ្លៃ

នៅត្រង់ចំណុចនេះមានន័យថា នៅពេលប្រជាពលរដ្ឋរួមគ្នាកាត់បន្ថយប្រើប្រាស់រូបិយប័ណ្ណផ្សេង ដូចជាលុយដុល្លារជាដើម គឺកំពុងចូលរួមកាត់បន្ថយអតិផរណា (លុយចុះថោក ទំនិញឡើងថ្លៃ)។ ហេតុផលនេះដោយសារ ធនាគារជាតិអាចធ្វើការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងទីផ្សារបានល្អ នៅពេលអ្នកចាយលុយរៀលកាន់តែច្រើន។ ព្រោះជាធម្មតាធនាគារមិនអាចគ្រប់គ្រងសាច់ប្រាក់ ឬបោះពុម្ពលុយឱ្យសមស្របនឹងទីផ្សារនោះឡើយ ប្រសិនបើមានតែអ្នកប្រើប្រាស់លុយដុល្លារ។ ដូច្នេះហើយការចាយលុយរៀលពិតជាសំខាន់ក្នុងការរក្សាតម្លៃឱ្យមានស្ថិរភាព ត្រូវដឹងថាចាយលុយផ្សេងកាន់តែច្រើនលុយរៀលកាន់តែធ្លាក់តម្លៃ។

៣. កាត់បន្ថយចំណាយប្រតិបត្តិការ

ចំណុចនេះជាទូទៅប្រជាពលរដ្ឋភាគច្រើន មិនបានគិតដល់នោះឡើយ។ កាត់បន្ថយចំណាយប្រតិបត្តិការនៅទីនេះចង់សំដៅថា នៅពេលដែលប្រើប្រាស់លុយរៀល គឺមិនចាំបាច់យកលុយរៀលទៅដូរយកលុយដុល្លារនាំឱ្យខាតអត្រាប្ដូរប្រាក់នោះឡើយ។ មួយវិញទៀតការប្រើប្រាស់រូបិយវត្ថុតែមួយ ចំពោះការទូទាត់គ្រប់ប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងជួយកាត់បន្ថយចំណាយជាច្រើនសម្រាប់អ្នកលក់ និងអ្នកទិញ។ លើសពីនេះ ការប្រើប្រាស់នេះនឹងអាចជួយបង្កើនប្រតិបត្តិការសេដ្ឋកិច្ចកាន់តែច្រើន មានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព នៅពេលភាគីទាំងពីរ មិនត្រូវចាំបាច់ខ្វល់ពីគម្លាតអត្រាប្ដូរប្រាក់ទេ។

៤. ជំរុញពាណិជ្ជកម្ម

ប្រជាពលរដ្ឋមួយចំនួនច្រើនយល់ថា ប្រើប្រាស់រូបិយប័ណ្ណ(លុយបរទេស) ងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ប៉ុន្តែមិនដូច្នោះឡើយ។ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកមួយភាគធំលើការនាំចេញ និងទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដូចនេះប្រសិនបើកម្ពុជាប្រើប្រាស់តែលុយរៀល ធនាគារកណ្ដាលអាចជំរុញការនាំចេញដោយធ្វើឱ្យភាពប្រកួតប្រជែងថ្លៃកើនឡើង តាមរយៈការបន្ថយតម្លៃរូបិយវត្ថុ។ ការបន្ថយតម្លៃរូបិយវត្ថុនឹងធ្វើឱ្យការនាំចេញកើនឡើង។

៥. ជំរុញការវិនិយោគ

៩០% ជាលុយលុយដុល្លារអាមេរិកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ប៉ុន្តែធនាគារជាតិអាចផ្ដល់តែកម្ចីជាលុយរៀលប៉ុណ្ណោះដល់គ្រឹះស្ថានធនាគារ។ មានន័យថា អត្រាការប្រាក់គោលដែលធនាគារជាតិនៃកម្ពុជាបានកំណត់ នឹងមិនមានឥទ្ធិពលលើថ្លៃដើមនៃមូលនិធិវិនិយោគរបស់គ្រឹះស្ថានធនាគារនោះទេ។ ចំណុចនេះជាគុណវិបត្តិដ៏ធំមួយរបស់ប្រជាជនកម្ពុជា និងអ្នកវិនិយោគដែលកំពុងប្រឈមនឹងចំណាយថ្លៃដើមវិនិយោគខ្ពស់ ដោយសារធនាគារជាតិមិនអាចមានឥទ្ធិពលលើអត្រាការប្រាក់កម្ចី របស់គ្រឹះស្ថានធនាគារនោះទេ។

៦ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពសង្គម

ប្រសិនបើប្រជាពលរដ្ឋឈប់ប្រើប្រាស់លុយដុល្លារ ឬរូបិយប័ណ្ណផ្សេង គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យថវិការដ្ឋមានភាពប្រសើរឡើងនិងកាត់បន្ថយការដាក់កំហិតលើគោលនយោបាយសារពើពន្ធ។ ប្រសិនបើនៅលើទីផ្សារមានប្រាក់រៀលកាន់តែច្រើន រាជរដ្ឋាភិបាលអាចពិចារណាចេញផ្សាយមូលបត្រចារឹកជាប្រាក់រៀល ដើម្បីគ្រប់គ្រងថវិកា ក៏ដូចជាផ្ដល់ហិរញ្ញប្បទាន លើគម្រោងអភិវឌ្ឍនានា។ ដូចនេះលទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញប្បទានក្នុងស្រុក នឹងអាចជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើបំណុលបរទេស។

៧. ទទួលបានចំណូលពីការបោះពុម្ពក្រដាសប្រាក់

កំណើនតម្រូវការប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យធនាគារជាតិនៃកម្ពុជាអាចបោះផ្សាយក្រដាសប្រាក់រៀលកាន់តែច្រើន។ នៅពេលដែលការបោះពុម្ពលុយរៀលកាន់តែច្រើន នោះកម្ពុជាទទួលបានចំណូលពីការបោះពុម្ពលុយកាន់តែច្រើនដែរ។ ដូចនេះរាជរដ្ឋាភិបាល នឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីធនាគារកណ្ដាលដោយពុំមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគទៅក្នុងសេដ្ឋកិច្ច ការអភិវឌ្ឍផ្សេងៗ។

៨. បង្ការការក្លែងក្រដាសប្រាក់

នេះជាចំណុចសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជៀសផុតពីការក្លែងក្រដាសប្រាក់។ ការប្រើប្រាស់រូបិយវត្ថុជាតិដែលប្រជាជនស្គាល់ច្បាស់ នឹងជួយកាត់បន្ថយនូវការក្លែងក្រដាសប្រាក់ និងជួយបង្ការការក្លែងក្រដាសប្រាក់លើរូបិយប័ណ្ណបរទេសដោយសាររូបិយប័ណ្ណទាំងនេះ នឹងហូរចូលក្នុងសេដ្ឋកិច្ចតាមរយៈប្រព័ន្ធធនាគារ៕

earn-money-3_large

ប្រភព៖ sabay