បុរសម្នាក់ឈ្មោះ សួង វាសនា អាយុ៥៤ឆ្នាំ អតីតជានាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ អត្តលេខ០១៣៥ មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឆបោកប្រាក់ជិត៤ម៉ឺនដុល្លារអាមេរិកពីជនជាតិចិនតៃវ៉ាន់ដើម្បីរត់ការចូលសញ្ជាតិខ្មែរ នាអំឡុងឆ្នាំ២០១២កន្លងទៅនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដកហូតឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃជាផ្លូវការហើយ ដោយអនុក្រឹត្យលេខ១១៥៧អនក្រ.តត ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

suong-veasna

អតីតប៉ូលិសស័ក្តិ៥ក្រសួងមហាផ្ទៃឈ្មោះ សួង វាសនា ធ្លាប់បានទទួលរងការប្តឹងពីបទឆបោកលុយជិត៤ម៉ឺនដុល្លារអាមេរិករបស់ជនជាតិចិនតៃវ៉ាន់ម្នាក់ ក្នុងរឿងរត់ការសុំចូលសញ្ជាតិខ្មែរ តែមិនបានសម្រេច(តម្លៃរត់ការព្រមព្រៀងគ្នាចំនួន៤៨ ០០០ដុល្លារអាមេរិក)កាលពីចុងឆ្នាំ២០១៣ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនសំណុំរឿងទៅកាន់ស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានស្ថាប័នតុលាការសម្រេចប្រកាសសាលក្រមនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១ឆ្នាំ ពិន័យជាប្រាក់ចំនួន៤លានរៀល និងបង្គាប់ឲ្យសងសំណងចំនួន៣៨ ០០០ដុល្លារអាមេរិក ព្រមទាំងសំណងជំងឺចិត្តចំនួន២០លានរៀលទៀតទៅដើមបណ្តឹងរដ្ឋប្បវេណី ពីបទឆបោក ។

មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា អតីតប៉ូលិសស័ក្តិ៥ឈ្មោះ សួង វាសនា បានក្លាយជាជនត្រូវចោទតាំងពីចុងឆ្នាំ២០១៣ និងក្លាយជាពិរុទ្ធជនតាំងពីឆ្នាំ២០១៤ តែទើបត្រូវបានដកហូតឋានន្តរស័ក្តិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌប៉ូលិសនាចុងឆ្នាំ២០១៦ ហាក់ដូចជាទុកពេលវេលាយូររហូតដល់ជាង២ឆ្នាំ បើធៀបទៅនឹងករណីផ្សេងៗទៀត ដូចជាករណីឧកញ៉ា ថោង សារ៉ាត់ អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)អតីតទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងករណីលោក ហេង ពៅ អតីតនាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២) អតីតទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដកហូតឋានន្តរស័ក្តិតាំងពីនៅដំណាក់កាលមានឈ្មោះជាជនជាប់ចោទមកម្ល៉េះ (Sic!) ៕

ប្រភព៖ DTN7

Loading...