នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចន្ទអូចា បានសម្រេចទទួលយកសំណើរបស់មហាក្សត្រ Maha Vajiralongkorn ដែលស្នើឲ្យរដ្ឋាភិបាលរបស់លោក កែប្រែមាត្រាមួយចំនួនក្នុងជំពូកស្ដីពីមហាក្សត្រក្នុងសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មី។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តដោយប្រជាមតិកាលពីខែសីហា ឆ្នាំ២០១៦ ។ យ៉ាងណាក្ដី សំណើកែប្រែនេះ នឹងមិនប៉ះពាល់ដល់ផែនទីចង្អុលផ្លូវរបស់របបយោធាដែលកំណត់ពីការផ្ទេរអំណាចទៅរដ្ឋាភិបាលស៊ីវិលឡើយ។

ប្រមុខរបបយោធាថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី១០ ខែមករា បាននិយាយថា មហាក្សត្រ Maha Vajiralongkorn បានប្រាប់ក្រុមទីប្រឹក្សាព្រះអង្គពីរាជបំណងក្នុងការកែប្រែសេចក្ដីព្រាងរដ្ឋធម្មនុញ្ញត្រង់មាត្រានិយាយពី «មហាក្សត្រ»។ ហើយលោក ក៏នឹងធ្វើតាមរាជបំណងនេះ ដោយចាត់តាំងមន្ត្រីឲ្យពិនិត្យមើលមាត្រាទាំងនោះ ក៏ដូចជាច្បាប់ពាក់ព័ន្ធផ្សេងទៀត និងត្រូវធានាថា សំណើនេះ មិនប៉ះពាល់ផែនទីចង្អុលផ្លូវឡើយ។

យ៉ាងណាមិញ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ មិនបានបញ្ជាក់ច្បាស់ពីចំណុចដែលមហាក្សត្រ Maha Vajiralongkorn ចង់ឲ្យសរសេរឡើងវិញទេ។ ថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ប្រាយុទ្ធ គ្រាន់តែអះអាងថា នឹងមានមាត្រាចំនួន៣ ឬ៤ ដែលត្រូវពិនិត្យឡើងវិញ ដើម្បីធានាពីអំណាចមហាក្សត្រ ហើយការបញ្ហានៃការកែប្រែនេះ ក៏មិនប៉ះពាល់សិទ្ធិ និងសេរីភាពរបស់ប្រជាជនទូទៅដែរ។

សេចក្ដីព្រាងរដ្ឋធម្មនុញ្ញ ដែលត្រូវបានយល់ព្រមដោយប្រជាជនថៃក្នុងការប្រជាមតិខែសីហា ឆ្នាំមុន គឺជាចំណុចស្នូលនៃផែនការរបស់របបយោធា ក្នុងការផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី បញ្ជូនទៅកាន់រាជវាំងដើម្បីស្នើសុំការយល់ព្រមពីមហាក្សត្រ Maha Vajiralongkorn ដែលគ្រងរាជ្យកាលពីខែធ្នូ ឆ្នាំ២០១៦ ។ ប៉ុន្តែព្រះអង្គ មិនទាន់យល់ព្រមនៅឡើយ ហើយពេលនេះក៏ស្នើឲ្យកែប្រែមាត្រាខ្លះតែម្ដង។

បើតាមកាសែតបាងកកប៉ុស្តិ៍ ឧបនាយករដ្ឋមន្ត្រី លោក Wissanu Krea-ngam និយាយដែរថា ដើម្បីធ្វើតាមរាជបំណងនេះ រដ្ឋាភិបាល នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបណ្ដោះអាសន្នឆ្នាំ២០១៤ សិន ដូច្នេះទើបគណៈរដ្ឋមន្ត្រី អាចស្នើសុំយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីពីមហាក្សត្រ ដើម្បីកែប្រែមាត្រាដែលមានបញ្ហា។ នេះក៏ព្រោះតែរដ្ឋធម្មនុញ្ញឆ្នាំ២០១៤ មិនអនុញ្ញាតឲ្យមានការកែប្រែណាមួយលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីឡើយ។

យ៉ាងណាក្ដី គេមិនដឹងច្បាស់ពីថា បញ្ហាលម្អិតដែលត្រូវនឹងបន្ថែម ឬក៏ត្រូវលុបចោលឡើយ។ ប៉ុន្តែសមាជិកមួយរូបនេះសភាថៃ បញ្ជាក់ថា សភា នឹងពិភាក្សាលើការកែប្រែនេះ ហើយបញ្ហាដែលពាក់ព័ន្ធអាចជាមាត្រានិយាយពីតួនាទីរាជានុសិទ្ធិ ក៏ដូចជាពេលវេលាដែលតម្រូវឲ្យមហាក្សត្រពិចារណាលើរដ្ឋធម្មនុញ្ញថ្មី។ នៅក្រោមរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ន មហាក្សត្រ Maha Vajiralongkorn មានពេល៩០ថ្ងៃ ដើម្បីពិនិត្យយល់ព្រមលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ៕

ប្រភព៖ ថ្មីៗ

Loading...