ក្នុងពេលផ្តល់សុន្ទរកថាចុងក្រោយ សារមួយដ៏សំខាន់របស់ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា គឺការអំពាវនាវឲ្យប្រជាជនបន្តជឿជាក់លើ«របបប្រជាធិបតេយ្យ» ដោយបន្តចូលរួមប្រឡូកក្នុងឆាកយោបាយឲ្យសកម្មឬឈរឈ្មោះប្រកួតយកតំណែងសាធារណៈផង។ លោកសង្កត់ធ្ងន់ថា ការចាញ់ឈ្នះជារឿងធម្មតាក្នុងបរិបទប្រជាធិបតេយ្យ។
ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានផ្តាំផ្ញើឲ្យប្រជាជនអាមេរិកបន្តការជឿជាក់លើរបបប្រជាធិបតេយ្យ ដោយបន្តចូលរួមឲ្យបានសកម្មក្នុងបញ្ហានយោបាយនិងសាមគ្គីគ្នា។ ហើយ «ឈ្នះឬចាញ់ក្នុងនយោបាយ» ជារឿងធម្មតាក្នុងបរិបទប្រជាធិបតេយ្យ។

លោក អូបាម៉ា បានលើកឡើងថា៖«បង្ហាញថាអ្នកពេញចិត្ត ហើយចូលរួមក្នុងនយោបាយ។ ពេលខ្លះអ្នកនឹងឈ្នះ ហើយពេលខ្លះទៀតអ្នកក៏ចាញ់ដែរ»។

លោកបានព្យាយាមពន្យល់បន្ថែមថា នៅក្នុងសង្គមប្រជាធិបតេយ្យ រឿងសំខាន់បំផុតដែលប្រជាជនត្រូវធ្វើគឺបើកចិត្តឲ្យទូលាយដើម្បីសុន្ទនាឬពិភាក្សាជាមួយអ្នកដែលមានគំនិតផ្ទុយ។ ហើយការរក្សាឲ្យបាននូវប្រព័ន្ធប្រជាធិបតេយ្យមិនចាំបាច់ត្រូវទាល់តែមានគំនិតដូចគ្នាទេ តែវាត្រូវការការសាមគ្គីនិងចូលរួមទាំងអស់គ្នា។

លោក អូបាម៉ា បន្តដូច្នេះថា៖ «ប្រជាធិបតេយ្យមិនត្រូវការភាពដូចគ្នាឡើយ តែវាត្រូវការការសាមគ្គីគ្នា។ ហើយនយោបាយត្រឹមជាសមរភូមិមួយនៃគំនិតយោបល់។ នេះហើយជាវិធីដែលគេរៀបចំប្រជាធិបតេយ្យនោះ»។

អ្វីដែលលោកលើកឡើងសុទ្ធតែឆ្លុះបញ្ចាំងឲ្យឃើញពីបរបទនយោបាយអាមេរិកក្រោយពេលដែល សេដ្ឋី ដូណាល់ ត្រាំ ឈ្នះឆ្នោត អាមេរិក។ ក្នុងសុន្ទរកថានេះ លោក បារ៉ាក់ អូបាម៉ា បានសង្កត់ធ្ងន់ថាជាថ្មីថា រដ្ឋបាលលោកនឹងធានាថា ការផ្ទេរអំណាចទៅឲ្យលោក ដូណាល់ ត្រាំ នឹងត្រូវរៀបចំឡើងដោយរលូនដូចដែលលោក លោក ចច ដាប៊ិលយូប៊ូស (George W. Bush) ផ្ទេរអំណាចឲ្យលោកដូច្នេះដែរ។ ដែលនេះជាដំណើរការនៃប្រជាធិបតេយ្យ។

យ៉ាងណាក៏ដោយចុះ លោក បារ៉ាក់ អូបាម៉ា ទទួលស្គាល់ថា ប្រជាជាធិបតេយ្យអាចដើរទៅមុខបានដរាបណាមនុស្សគ្រប់គ្នាមានឱកាសក្នុងការទទួលបានប្រយោជន៍សេដ្ឋកិច្ច។ ប្រយោជន៍ទាំងនោះដូចជាជីវភាពរស់នៅប្រសើរ,មានលទ្ធភាពចូលរួម, មានការងារធ្វើត្រឹមត្រូវ និងទទួលបានប្រយោជន៍សង្គមផ្សេងទៀត។ នៅពេលដែលគ្រប់គ្នាមានឱកាសផ្នែកសេដ្ឋកិច្ច ប្រជាធិបតេយ្យនឹងអាចដំណើរការល្អ ដោយសារវាមានការចូលរួមសកម្មពីប្រជាជនទូទៅ៕

ប្រភព៖ ថ្មីៗ

Loading...