កាលពិតត្រូវបានលាតត្រដាងនៅក្នុងអំឡុងសន្និសិតសារព័ត៌មាននៅរសៀលថ្ងៃ សុក្រ ទី ១៣ ខែ មករា ឆ្នាំ២០១៧នេះ អំពីការផ្ទេររបស់ចាន់ វឌ្ឍនាកា ទៅក្លិបលេងនៅលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន Fujieda MYFC ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែងពោលគឺ១រដូវកាលពេញសម្រាប់ឆ្នាំ២០១៧។

មូលហេតុនាំអោយកើតមានកិច្ចសន្យានេះ គឺកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមជម្រើសជាតិ ( ១៦គ្រាប់ ) និងនៅក្នុងលីគកំពូលកម្ពុជា ( ២២គ្រាប់ ) រូបនេះបានធ្វើដំណើរទៅកាន់ក្លិប Fujieda របស់ជប៉ុន ហ្វឹកហាត់នៅទីនោះបានរយៈពេលប្រមាណជា១សប្ដាហ៍ផងដែរ។

ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ម៉ាឡេស៊ី ហាក់ចាប់អារម្មណ៍ច្រើនពីកីឡាកររូបនេះក្នុងអំឡុងពេលប្រកួតពានរង្វាន់ AFF Suzuki Cup 2016 ស្របពេលវិបសាយផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ Thai-League វិញបានដាក់កីឡាករ ចាន់ វឌ្ឍនាកា ចូលក្នុងបញ្ជីកីឡាករក្នុងតំបន់អាស៊ាន ១០ រូបដែលគួរតែបង្ហាញខ្លួនក្នុងលីគរបស់គេ។

គួរបញ្ជាក់ថា លីគលំដាប់ទី៣របស់ជប៉ុនអាចនឹងចាប់ផ្តើមនៅអំឡុងសប្តាហ៍ទី២នៃ ខែ មីនា ឆ្នាំ២០១៧ ខណៈកាលពីរដូវកាលចាស់ ក្លិប Fujieda បានបញ្ចប់ទៅនៅក្នុងចំណាត់ថ្នាក់ទី៧ ក្នុងចំណោម១៥ក្រុម មាន៤៥ពិន្ទុ ដោយឈ្នះ១៤ ស្មើ៣ ចាញ់១៣ ទាត់បញ្ចូលទីគូប្រកួតចំនួន៤៨គ្រាប់ របូតវិញ៤២៕

ប្រភព៖ wearefootball