ពិតណាស់ គ្មានមនុស្សណាម្នាក់ដែលមិនចង់រស់នៅក្នុងប្រទេសរបស់ខ្លួន មានសេរីភាពទាំងផ្លូវកាយ និងផ្លូវចិត្ត…នោះទេ ។ ប៉ុន្តែ ដោយឡែក សម្រាប់របបឯកោក្រៅពិភពលោក កូរ៉េខាជើងវិញ គឺបាននិងកំពុងរឹតត្បិតសិទ្ធិភាពប្រជាជនរបស់ខ្លួនស្ទើរគ្រប់បែបយ៉ាង ។ ដោយសារមានការឈឺចាប់ច្រើនឆ្នាំ និងពុំអាចទ្រំរស់នៅក្រោមរបបនេះតទៅទៀតបាន ស្ត្រីម្នាក់បានសម្រេចរត់ភៀសខ្លួនចេញ ដើម្បីលាតត្រដាងដល់ពិភពលោកថា តើប្រទេសកូរ៉េខាងជើងសាហាវប៉ុណ្ណា មកលើប្រជាជនខ្លួនឯង ។

យោងតាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា នារីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ពីជីវិតជូរចត់របស់នាងថាៈ «កូរ៉េខាងជើង គឺជាប្រទេសតែ១គត់នៅលើពិភពលោក ដែលមានទូរទស្សន៍តែ១ប៉ុស្តិ៍, គ្មានអ៊ីនធើរណេត, ហាមច្រៀង, ការស្លៀកពាក់, និយាយស្តី និងសូម្បីការគិត ។ កូរ៉េខាងជើង ប្រើច្បាប់ឃោរឃៅកាត់ទោសប្រហារជីវិត ចំពោះមនុស្សណាដែលហ៊ានខលទូរស័ព្ទទៅក្រៅប្រទេស ។ និយាយរួមទៅ គឺតាំងពីវ័យធំដឹងក្តីមក នាងពុំដែលបានលឺ ឬ ស្គាល់ និងឃើញការស្រលាញ់រវាងមនុស្ស និងស្រីទេ ហើយក៏គ្មានភាពយន្តណាដែលរៀបរាប់អំពីសេចក្តីស្រលាញ់ឡើយ ពោលគឺមានតែគ្រួសារត្រកូល គីម ប៉ុណ្ណោះដែលអាចធ្វើអ្វីៗបាន»។

ឪពុករបស់នាងត្រូវបានសម្លាប់ ដោយសារតែព្យាយាមរត់ភៀសខ្លួនទៅប្រទេសចិន ។ ប្រជាជនកូរ៉េខាងជើងជាច្រើន ដែលជាជនភៀសខ្លួន ត្រូវបានគេយកទៅលក់ក្នុងប្រទេសចិន ក្នុងតម្លៃតែ ២០០ ដុល្លារ ប៉ុណ្ណោះ ។ នាង និងជនជាតិកូរ៉េខាងជើង ដែលមានសេរីភាពពេលបានមកដល់ប្រទេសម៉ុងហ្គោលី បានសច្ចាថា សុខចិត្តស្លាប់ ដោយមិនវិលត្រលប់ទៅប្រទេសកំណើតរបស់ពួកខ្លួនវិញឡើយ ៕