រឿងបញ្ហាផ្នែកសម្រស់ មិនថាមនុស្សប្រុស ឬ មនុស្សស្រីទេ គឺចង់បានល្អស្អាតដូចតែគ្នាហ្នឹង ហេតុដូច្នេះហើយ ដើម្បីកុំឲ្យអ្វីៗដែលយើងខំថែរក្សាចាប់តាំងពីធំដឹងក្តីមក វាបាត់បង់តែមួយប៉ប្រិចភ្នែកនោះ យើងទាំងអស់គ្នា គួរប្រុងប្រយ័ត្នគ្រប់ពេលវេលា ជាពិសេសកុំឲ្យជួបរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ ឬចោរឆក់ប្លន់នេះតែម្តង ។

យ៉ាងណាមិញ បងប្រុសម្នាក់ឈ្មោះ Sam Bodia បានចែករំលែកសារអប់រំទូន្មាននៅលើគណនីហ្វេសប៊ុកផ្ទាល់របស់គាត់ ដោយបានលើកយកករណីគ្រោះថ្នាក់របស់នារីម្នាក់ ដែលត្រូវបានចោរឆក់បណ្តាលឲ្យដួលរលាត់ដៃជើងយ៉ាងដំណំ កាលពីពេលកន្លងមកនេះ ក្នុងខ្លឹមសារដ៏មានអត្ថន័យដូចខាងក្រោម៖

«ខ្ញុំនិងមិត្តខ្ញុំបានឃើញ ហេតុការណ៏ចោរឆក់កាបូបនារីម្នាក់វ័យប្រហែល25ឆ្នាំ កាលពីម្សិលមិញម៉ោងប្រមាណ10យប់នៅលើផ្លូវនរោត្តមខាងមុខធនាគារ ប៊ូយុងខ្មែរ បានធ្វើឱនារីម្នាក់នោះរងរបួសហូរឈាមស្រោចខ្លួន ជាដំណំ និងគួរឱអាណិតជាខ្លាំង ខ្ញុំនិងមិត្តខ្ញុំក៌បានចុះជួយ និងទូរសព្ទហៅមិត្តភ័ក្តនិងសាច់ញាតិរបស់គាត់មកដល់កន្លែងកើតហេតុ។
គួរយល់ថា ការបាត់បង់លុយកាក់ ទូរសព្ទដែលចោរបានឆក់ទៅវាមិនស្មើនឹងសុវត្ថិភាព អាយុជីវិតរបស់យើងឡើយ ហើយរបួសស្នាមទាំងនោះវាអាចជាវិប្បដិសារីសម្រាប់នារីភាគច្រើនដែលស្រលាញ់សម្រស់។
ដូច្នេះគួរកុំស្ពាយកាបូបជិះម៉ូតូអី គប្បីដាក់ចូលឃ្លុបម៉ូតូ រឺអាចទិញឃ្លុបដាក់ខាងក្រោយម៉ូតូទើបល្អ។ យើងមិនអាចហាមចោរមិនឱលួច ឆក់ រឺប្លន់បានឡើយ ដូច្នេះមានតែការប្រុងប្រយ័ត្នផ្ទាល់ខ្លួនទេ ទើបអាចកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដែលអាចកើតឡើងទាំងនោះបាន។»