Loading...

មនុស្សជាច្រើនប្រាកដជាគិតថា ខ្លួនអាចធ្វើអ្វីគ្រប់យ៉ាងឲ្យតែអាចព្យាបាលមុនលើផ្ទៃមុខបាន។ ប៉ុន្តែជួនកាលកំហុសតូចៗមួយចំនួនដែលពួកគេមិនដែលចាប់អារម្មណ៍ នឹងធ្វើឲ្យមុនកើតឡើងកាន់តែច្រើន។ ខាងក្រោមនេះគឺជាកំហុសចំនួន៧ ដែលគួរចៀសវាង៖

Image may contain: one or more people and closeup

Loading...

១. ប្រើទូរសព្ទដៃកខ្វក់ ត្រូវដឹងថា មុខរបស់អ្នកតែងតែបញ្ចេញជាតិខ្លាញ់និងញើស ដែលនឹងតោងជាប់ទូរសព្ទដៃនៅពេលអ្នកលើកវាមកនិយាយម្ដងៗ។ ដូចនេះប្រសិនបើអ្នកមិនដែលសម្អាតទូរសព្ទចេញ ពេលលើកវាមកនិយាយក្រោយៗ គឺដូចជានាំមេរោគទាំងនោះចូលទៅកាន់ស្បែកវិញដូច្នោះដែរ។

២. ប្រើសាប៊ូកក់សក់ ឬ Gel ឲ្យប៉ះនឹងស្បែកមុខ
ប្រសិនបើអ្នកប្រើផលិតផលដែលធ្វើឲ្យសក់ត្រង់ ឬ Gel លាបសក់ផ្សេងៗ គួរប្រើវា កុំឲ្យប៉ះស្បែកមុខ ជាពិសេសថ្ងាស ឬជើងសក់។ ពុំដូច្នោះទេ មុននឹងកើតនៅបរិវេណទាំងនោះ។

៣. ឆាប់បោះបង់ពេក
“មនុស្សគ្រប់គ្នាចង់ប្រើថ្នាំថ្ងៃនេះ ហើយឲ្យមុខរបស់ពួកគេជានៅថ្ងៃស្អែក ប៉ុន្តែគ្មានថ្នាំទិព្វឯណាខ្លាំងដល់ថ្នាក់នេះទេ។ ផលិតផលដែលប្រើដើម្បីព្យាបាលមុន ត្រូវការពេលរាប់សប្ដាហ៍ទើបលេចចេញប្រសិទ្ធភាព”។ វេជ្ជបណ្ឌិតផ្នែកជំងឺស្បែក Joshua Zeichner មកពីមន្ទីរពេទ្យ Mt. Sinai នៅញីវយ៉ក និយាយ។
ប៉ុន្តែប្រសិនបើអ្នកប្រើផលិតផលណាមួយ ពីចន្លោះ ២ទៅ៤សប្ដាហ៍ហើយ នៅតែមិនឃើញប្រសិទ្ធភាព នោះគួរទៅរកគ្រូពេទ្យជំនាញ។

៤. លាងមុខច្រើនដងពេក
“លាងមុខច្រើនពេកធ្វើឲ្យស្បែកអ្នកបាត់បង់ទាំងខ្លាញ់ដែលចាំបាច់ ធ្វើឲ្យរាងកាយព្យាយាមផលិតខ្លាញ់ច្រើនទ្វេដង ដែលជាមូលហេតុនាំឲ្យកើតមុន”។ វេជ្ជបណ្ឌិត Zeichner និយាយ។ លាងមុខមួយថ្ងៃពីរដង គឺគ្រប់គ្រាន់ហើយ។

Image may contain: one or more people and closeup

៥. កំហុសពេលលាងមុខ
កុំប្រើកំណាត់ឬកន្សែងកខ្វក់ជូតមុខ ក្រោយពីអ្នកលាងមុខរួច ព្រោះបាក់តេរីអាចឆ្លងចូលស្បែកមុខអ្នកដោយងាយ។ មួយទៀត មិនត្រូវប្រើផលិតផល ឬម៉ាស៊ីនជម្រុះកោសិកាញឹកញាប់ពេកទេ ព្រោះវាអាចធ្វើឲ្យស្បែកមុខអ្នករោល ឬរមាស់ ដែលអាចនាំឲ្យកើតមុនដែរ។ ជម្រុះកោសិកាម្ដងទៅពីរដងក្នុងមួយសប្ដាហ៍គឺគ្រប់គ្រាន់ហើយ។

៦. ញេច ឬឆ្កឹះមុនខ្លួនឯង
នេះមិនមែនជាវិធីល្អទេ។ ធ្វើដូចនេះ អ្នកអាចញេចក្បាលមុនចេញមកក្រៅបាន ប៉ុន្តែវាដូចជារុញមេរោគមួយចំនួនទៀតឲ្យចូលស្បែកកាន់តែជ្រៅ ធ្វើឲ្យមុខអ្នកមានស្នាម។ ប្រើថ្នាំលាបមុន ឲ្យស្រក គឺជាដំណោះស្រាយល្អជាង។

៧. ញ៉ាំរបស់ផ្អែម និងជាតិម្សៅច្រើន
អាហារដែលមានជាតិផ្អែម ឬជាតិម្សៅដូចជានំប៉័ង Pasta នំដំឡូងបារាំង Cookies និងនំផ្សេងៗ គឺជាកត្តារួមផ្សំដែលអាចនាំឲ្យកើតមុនដែរ។ ឯកសារខ្លះនិយាយថាផលិតផលទឹកដោះគោអាចធ្វើឲ្យកើតមុន ប៉ុន្តែមិនមានភស្តុតាងច្បាស់លាស់ឡើយ។

ប្រភព៖ news.sabay

Loading...