Loading...

កសិករជនជាតិចិនវ័យ ៦០ឆ្នាំម្នាក់រស់នៅខេត្តស៊ីឈួន បានបញ្ចេញអារម្មណ៍សោកស្ដាយ និងឆ្អែតចិត្តជាខ្លាំង ក្រោយបើកថង់ប្រាក់ដែលខំសន្សំកប់ក្រោមដី បែរជាត្រូវកណ្ដៀរស៊ីហ្មត់ខ្ទេចទៅវិញ។

ក្រដាសប្រាក់ទាំងនោះមានតម្លៃ ២០ ០០០យាន់ ស្មើនឹង ៣ ០៦៩ដុល្លារអាមេរិក ដែលគាត់បានសន្សំជាយូរមកហើយ។ លោកតា Qi Shengli រស់នៅក្រុង Goujiao ស្រុក Yuechi និយាយថា លោកតាមិនបានចាំរយៈពេលរក្សាទុកពិតប្រាកដទេ តែអាចខ្ទង់ ១ឬ២ឆ្នាំ ដែលលោកតាបានខ្ចប់ក្រដាសប្រាក់នឹងថង់ប្លាស្ទិក រួចកប់ក្នុងរន្ធក្រោមដី ដោយយកដុំឥដ្ឋបាំងពីលើ។

Loading...

លោកតាបន្ថែមថា គាត់មិនចង់ផ្ញើលុយនៅធនាគារទេ ព្រោះខ្លាចភ្លេចលេខកូដ ពេលទៅដកលុយម្ដងៗ។ ប្រាក់ដែលកប់នោះមានក្រដាស ១០០យាន់ ចំនួន ២០០សន្លឹក ក្នុងថង់ប្លាស្ទិកចំនួន២ និងជីកដីជម្រៅប្រមាណ ១៥សង់ទីម៉ែត្រ ក្នុងបន្ទប់ដេក ដែលគ្របឥដ្ឋមួយដុំពីលើ។

លោកតាបន្ត៖ “ពេលខ្ញុំយកដុំឥដ្ឋចេញនៅថ្ងៃទី ១០កុម្ភៈ ខ្ញុំឃើញហ្វូងកណ្ដៀរស៊ីស្ទើរអស់”។ បួនថ្ងៃក្រោយចូលឆ្នាំចិន ធនាគារចាប់ផ្ដើមបើកដំណើរការឡើងវិញ លោកតា Qi បានឲ្យកូនប្រុសពីរនាក់ជូនទៅធនាគារប្រជាជនចិន សួររឿងក្រដាសប្រាក់ខូចនេះ តែបុគ្គលិកធនាគាររកឃើញថាមានតែក្រដាសរហែកពាក់កណ្ដាលចំនួន១២បំណែក ប៉ុណ្ណោះដែលអាចភ្ជាប់គ្នា និងដូរបាន ៦០០យ័ន។

ក្រោយដំណឹងនេះលេចឮសាយភាយ មន្ត្រីព័ត៌មានថ្នាក់ស្រុក Yuechi លោក Huang Jianjun បានទាក់ទងជួយលោកតា ខណៈមានការសើចចំអកជាច្រើនចំពោះរឿងនេះតាមអ៊ីនធឺណិត។

លោក Hu បានរកឃើញលោកតា Qi នៅថ្ងៃច័ន្ទកន្លងទៅ និងចង់ជួយដូរប្រាក់ ២ម៉ឺនយាន់ ដែលខូចនេះ ជាក្រដាសប្រាក់ថ្មីជូនវិញ តែលោកតាមិនព្រម ដោយថា “គាត់មិនចង់ឲ្យមនុស្សមិនធ្លាប់ស្គាល់គ្នា ចេញថ្លៃខាតបង់ ព្រោះតែកំហុសរបស់ខ្លួនគាត់នេះឡើយ”។

ទោះជាបែបណាក្ដី លោក Hu បាននិយាយបញ្ចុះបញ្ចូលលោកតាថា ក្រដាសប្រាក់ដែលខូចរូបរាងទាំងនេះមិនមានតម្លៃទៀតឡើយ តែវានឹងត្រូវប្រែក្លាយជាស្នាដៃសិល្បៈសម្រាប់តាំងបង្ហាញឲ្យមនុស្សចាស់ៗទាំងឡាយបានដឹង និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃការទុកលុយដ៏ច្រើននៅផ្ទះ។ ចុងក្រោយលោកតា សន្យានឹងប្រគល់ក្រដាសរហែកទាំងអស់ រួមនឹងដុំឥដ្ឋផង ទៅឲ្យលោក Hu៕

ប្រភព៖ news.sabay

 

Loading...