Loading...

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី បានផ្តោតទៅលើសំណងផ្លូវចិត្តនិង សំណងសមូហភាពសម្រាប់សំណុំរឿង០០២ វគ្គ២ គឺមិនមែនសំណងដល់បុគ្គល ជាជនរងគ្រោះទេ។

វ៉ាស៊ីនតោន —អង្គភាពជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានរៀបចំគម្រោងការសម្រាប់ផ្តល់សំណងដល់ជនរងគ្រោះក្នុងសំណុំរឿង០០២ វគ្គ ២ នៅមុនពេលដែលជនជាប់ចោទដែលជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីរនាក់ត្រូវផ្តន្ទាទោស។ ទោះជាតុលាការ បានដាក់គម្រោងការដូច្នេះមែន តែជនរងគ្រោះខ្លះនៅតែចង់បានសំណងផ្ទាល់ខ្លួនដើម្បីដោះស្រាយបញ្ហាជីវភាព។

Loading...

សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. បានប្រកាសឲ្យដឹងពីគម្រោងការផ្តល់សំណងដល់ជនរងគ្រោះដោយសាររបបខ្មែរក្រហម ប្រសិនបើជនជាប់ចោទពីរនាក់ ជាអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ដែលកំពុងរស់រានមានជីវិតត្រូវបានកាត់ទោសនៅពាក់កណ្តាលឆ្នាំនេះពីបទពាក់ព័ន្ធនឹងការកាប់សម្លាប់ពលរដ្ឋខ្មែរជាង១លាន៧សែននាក់ក្នុងទសវត្សរ៍១៩៧០។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី បានផ្តោតទៅលើសំណងផ្លូវចិត្តនិង សំណងសមូហភាពសម្រាប់សំណុំរឿង០០២ វគ្គ២ គឺមិនមែនសំណងដល់បុគ្គល ជាជនរងគ្រោះទេ។ គម្រោងការទាំងនោះមានការជួយព្យាបាល ផ្សះផ្សារផ្លូវចិត្ត ទាក់ទងនឹងការអប់រំ ការផ្សព្វផ្សាយ ការអភិរក្សទីតាំងឧក្រិដ្ឋកម្ម ពិធីបុណ្យជាសាធារណៈ ដាក់ឈ្មោះសារៈមន្ទីរ មជ្ឈមណ្ឌលសាធារណៈដើម្បីរំឭកការចងចាំ។ ហើយថវិកានៃគម្រោងចំនួន២៣ទាំងនេះ គឺនឹងត្រូវផ្តល់ ឬចូលរួមពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន និងរដ្ឋាភិបាលកម្ពុជាផ្ទាល់ដែលអង្គភាពជនរងគ្រោះ និងភាគីនានាក្នុងតុលាការបានពិភាក្សាជាមួយដើមបណ្តឹងរដ្ឋប្បវេណី សមាគមជនរងគ្រោះ ដៃគូអនុវត្តន៍គម្រោង ម្ចាស់ជំនួយ ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធផ្សេងៗទៀត។

បើតាមការអះអាងរបស់លោកអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យ ដឹងថា គម្រោងនេះត្រូវការថវិកាជាច្រើនលានដុល្លារ ដែលសាលាក្តីកំពុងទទូចដល់ ម្ចាស់ជំនួយនានាឲ្យជួយគាំទ្រ។

E95CB300-A643-4FBA-BA6A-6E52867AAF52_w650_r0_sរូបឯកសារ៖ លោក នេត ភក្ត្រា ជាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម

«ហើយនៅក្នុងគម្រោងទាំងអស់នេះគឺថវិកាដែលគ្រោងនឹងចំណាយគឺ មានជាង៦ លានដុល្លារអាមេរិក ហើយរហូតមកដល់ពេលនេះតាមអ្វីដែលខ្ញុំទទួលបានព័ត៌មាន គឺអង្គភាពការពារជនរងគ្រោះនិងសហមេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី ហើយនឹង ភាគីពាក់ព័ន្ធនានាដែលជាដៃគូនៃការអនុវត្តន៍គម្រោងហ្នឹងគឺរកថវិកាជាងពាក់កណ្តាល ហើយ។ អញ្ចឹងនៅរយៈពេលនេះជាការអំពាវនាវបន្ថែមទៀតដើម្បីគៀងគោថវិកាដើម្បី គាំទ្រទៅលើគម្រោងទាំង២៣នេះ‍»។

លោក នេត្រ ភក្ត្រាបានពន្យល់ថា គម្រោងនេះត្រូវបង្កើតនិងស្វែងរកថវិកាឲ្យបានមុន ពេលសវនាការសំណុំរឿង០០២ វគ្គ ២ ដែលត្រូវចាប់ផ្តើមកាត់ទោសនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយផ្តោតទៅលើសេចក្តីសន្និដ្ឋានបិទបញ្ចប់ទៅលើការសួរដេញដោលលើភស្តុតាងក្នុងសំណុំរឿង០០២ វគ្គ០២ ហើយសាលក្រមនឹងត្រូវប្រកាសនៅដើមឆ្នាំ ២០១៨។

លោក ស៊ុំ រិទ្ធី ជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ បានថ្លែងប្រាប់ VOA ថា លោក ចង់ឃើញការផ្តល់សំណងបុគ្គលដល់ជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណី។

«វាពិបាកទទួលយកព្រោះនិយាយទៅវាអត់បានផលប្រយោជន៍អីដល់ជនរងគ្រោះ ផ្ទាល់ខ្លួនម្នាក់ៗ ជាង៣៨០០ នាក់ហ្នឹង ព្រោះការតស៊ូមតិរបស់អ្នកទាំងអស់ហ្នឹង គឺពួក គេមានចេញថវិកាខ្លួនឯងមួយចំនួនដែរ មិនមែនថាអត់មានចេញទេ‍»។

លោក ស៊ុំ រិទ្ធី ជាជនរងគ្រោះម្នាក់ដែលរងទារុណ្មកម្មនិងនៅរស់ជីវិតក្នុងគុកមួយនៃ ខេត្តសៀមរាបពីរបបខ្មែរក្រហម អះអាងថាទោះជាមានការដាក់ទោសទណ្ឌមេដឹកនាំជាន់ខ្ពស់មួយជីវិត ឬ ១០០ ជីវិតក៏លោកមិនអាចស្ងប់ចិត្តដែរដោយសារអ្នកដែលកាប់សម្លាប់ពលរដ្ឋខ្មែរផ្ទាល់ៗជាច្រើនកំពុងនៅរស់រានមានជីវិត បន្តវប្បធម៌រួចទោសទណ្ឌ តែមេដឹកនាំពីរនាក់ដែលជាអ្នកគ្រប់គ្រងរបបខ្មែរក្រហមត្រូវកាត់ទោស។ លោកថា លោកបានតស៊ូមតិច្រើនក្នុងរឿងប្តឹងផ្តល់នេះ តែនៅទីបំផុតសំណុំរឿងលោកត្រូវ តុលាការ មិនចាត់ការដោយសារតែមិនស្ថិតក្នុងយុត្តាធិការរបស់តុលាការ ឬ ក្រោមអ្វី មួយដែលតុលាការបានបង្រួមទំហំទីតាំងឧក្រិដ្ឋកម្មនោះ។

ក៏ប៉ុន្តែ បើតាមការអះអាងរបស់លោកស្រីនូស៊ីន សាការាទី (Nushin Sarkarati) អ្នកច្បាប់នៃមជ្ឈមណ្ឌលដើម្បីយុត្តិធម៌ និងការទទួលខុសត្រូវ (Center for Justice and Accountability (CJA) ដែលបានជួយដល់ជនរងគ្រោះរាប់សិបនាក់ពីសហរដ្ឋអាមេរិក ដើម្បីដាក់ពាក្យប្តឹងក្នុងសាលាក្តី បានថ្លែងថា ដំណើរការរៀបចំសំណងគឺដើម្បីធានាថាសំណងនានាដែលបានស្នើឡើង គឺដើម្បីឆ្លើយតបនឹងតម្រូវការជនរងគ្រោះ ដែលរួចជីវិត ការឈឺចាប់របស់សហគមន៍ដែលកើតឡើងពីឧក្រិដ្ឋកម្មនានាដែលបានលើកមកកាត់ទោសក្នុងតុលាការខ្មែរក្រហម។

«ដោយសារតែឧក្រិដ្ឋកម្មដែលបានបើកសវនាការនៅមុខតុលាការខ្មែរក្រហមជា ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋភាគច្រើននោះ សំណងសមូហភាព មិនមែនសំណងបុគ្គល គឺជាសំណងប្រសើរដើម្បីដោះស្រាយតម្រូវការរបស់សហគមន៍ អ្នករស់រានមានជីវិត។ មានចំនួនអ្នកដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណីជិត៤ពាន់ នាក់ ដែលចូលរួមក្នុងការកាត់ទោស ហើយមានជនរងគ្រោះច្រើនជាងនេះទៀត ដែលប៉ះពាល់សព្វថ្ងៃនេះ។ សំណងសមូហភាពអាចជាដំណោះស្រាយល្អប្រសើរ ក្នុងការបង្កើតកម្មវិធីនិងគម្រោងដើម្បីដោះស្រាយតម្រូវការដ៏ធ្ងន់ធ្ងរកំពុងកើតឡើងក្នុងសហគមន៍អ្នករស់រានមានជីវិតដ៏ធំធេង ហើយក៏អាចនឹងជួយដល់ការផ្សះផ្សារ និងការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា‍ដែរ»។

សាស្ត្រាចារ្យច្បាប់អាមេរិកាំងម្នាក់ គឺលោក ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) ដែលជា អ្នកនិពន្ធសៀវភៅ «ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា (Facing Death in Cambodia)» បានថ្លែងថា ពលរដ្ឋខ្មែររងគ្រោះដោយសាររបបខ្មែរក្រហមមានច្រើន សមនឹងទទួលបានសំណង តែថវិកា៦លានដុល្លារមិនអាចផ្តល់បានច្រើនទេ ដែល លោកថា អ.ស.ប.ត្រូវផ្តល់លុយដែលបានមកពីការរៃអង្គាសទៅជូនមជ្ឈមណ្ឌល ឯកសារកម្ពុជាដើម្បីចាត់ចែងវិញល្អជាង។

8086786A-E26D-46CF-A7E0-7346987C78ED_w650_r0_sរូបឯកសារ៖ លោក Peter Maguire ជាអ្នកនិពន្ធ និងអ្នកជំនាញខាងប្រវត្តិសាស្ត្រខ្មែរក្រហម ឋិតនៅការិយាល័យវីអូអេខ្មែរនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥។ (ម៉ែន គឹមសេង/VOA Khmer)

«ខ្ញុំគិតថាវាជាការប្រសើរជាងដែលទុករឿងនេះជូនដល់អង្គការដ៏ល្បីល្បាញដូចជា មជ្ឈមណ្ឌលឯកសារកម្ពុជា ធ្វើកិច្ចការហើយអ.ស.ប.ចាកចេញពីកម្ពុជា ដោយហៅ តុលាការនេះថា ធ្វើបានជោគជ័យ ហើយចាកចេញជារៀងរហូតដោយមិនបាច់រងគ្រោះដោយការប្រមាថពីកណ្តាប់ដៃលោកហ៊ុន សែន‍»។

សាលាក្តីកាត់ទោសខ្មែរក្រហមដែលកំពុងបន្តការជំនុំជម្រះទោសមេដឹកនាំខ្មែរក្រហម ពីរនាក់ក្នុងសំណុំរឿង០០២ វគ្គ ២លើបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរជាច្រើនទៀតនោះ បានកាត់ទោសមេដឹកនាំខ្មែរក្រហមពីរនាក់គឺ នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋ ឲ្យជាប់គុកមួយជីវិតក្នុងសំណុំរឿង ០០២ វគ្គ ១ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងសម្លាប់អ្នកសាធារណរដ្ឋ។ សាលាក្តីដដែលនេះបានចំណាយទឹកប្រាក់ប្រមាណ ២៧០លានដុល្លារដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហមបីនាក់តាំងពីឆ្នាំ ២០០៦មក ក្រោយរយៈពេលជាង៣០ឆ្នាំនៃការកាប់សម្លាប់រង្គាលពលរដ្ឋខ្មែរជាង ១លាន ៧សែននាក់ ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩៕ ប្រភព៖ VOA

Loading...