គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានបន្តបើកការស៊ើបអង្កេតករណី មន្ត្រីសមត្ថកិច្ចខ្មែរជាង១០នាក់ដែលបើកដៃឲ្យជនជាតិវៀតណាមចូល កាប់ឈើ ក្នុងខេត្តមណ្ឌលគិរី ជាថ្នូរទឹកប្រាក់១៧ម៉ឺនដុល្លារ។ ក្នុងនោះមន្ត្រី២នាក់ត្រូវបានអគ្គស្នងការនគរបាលជាតិស្នើឲ្យ បញ្ជូនទៅតុលា ៩នាក់ត្រូវដាក់ពិន័យ។ រីឯជនជាតិវៀតណាមចំនួន៧នាក់ដែលបានឃុបឃិតជាមួយសមត្ថកិច្ចខ្មែរ នោះត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន។

គិតរហូតមកដល់ពេលនេះគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមិនទាន់មានវិធានការផ្នែកច្បាប់ណាមួយ ចំពោះមន្ត្រីសមត្ថកិច្ចជាង១០នាក់នេះនៅឡើយទេ បន្ទាប់ពីពួកគេទទួលលុយ១៧ម៉ឺនដុល្លារ ជាថ្នូរឲ្យជនជាតិវៀតណាមចូលកាប់ឈើនៅព្រំដែនអូរហុចខេត្តមណ្ឌលគិរី។

តែយ៉ាងណាក៏ដោយលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានព្រមានទុកជាមុនថា មន្ត្រីសមត្ថកិច្ចទាំងនោះនឹងប្រឈមពីការបណ្ដេញចេញពីតួនាទីឬមុខតំណែងអាស្រ័យទៅលើទង្វើលរបស់ពួកគេក្រោយការស៊ើបអង្កេតបិទបញ្ចប់។ លោក អេង ហ៊ី មិនបានបញ្ជាក់ទេថា ការស៊ើបអង្កេតនេះនឹងបញ្ចប់នៅពេលណានោះ។ ហើយបច្ចុប្បន្នមន្រ្តីជាង១០នាក់នោះកំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់អង្គភាពពួកគេរៀងៗខ្លួន។

សូមបញ្ជាក់ថា ការទទួលលុយជាថ្នូរឲ្យជនជាតិវៀតណាមចូលកាប់ឈើនេះត្រូវបានគេចាត់ទុកថា ជាការឃុបឃិតជាប្រព័ន្ធដោយរាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ សំណុំរឿងនេះក៏បានទៅដៃអគ្គស្នងការនគរបាលជាតិដែរ ដោយនគរបាលជាតិស្នើឲ្យបញ្ជូនសំណុំរឿងមន្ត្រី២រូបទៅតុលាការ ៩រូបត្រូវដាក់ពិន័យ។ ហើយមន្ត្រីផ្សេងទៀតកំពុងត្រូវគណៈកម្មការជាតិចាត់ការបន្ត។

អគ្គស្នងការនគរបាលជាតិបានគូសបញ្ជាក់ថា មន្ត្រីមួយចំនួនក្នុងចំណោមមន្ត្រីជាង១០នាក់រួមមាន ជុំ រតនា លាង ភារ័ត្ន ទា ខៃម៉េង ឯម សុងហ៊ួ និងមេឈ្មួញវៀតណាមឈ្មោះអ៊ុក ញ៉ ពិតជាមេក្លោងបានប្រព្រឹត្តអំពើឃុបឃិតគ្នាកាប់បំផ្លាញប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើ ឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម៕ ប្រភព៖ RFI

Loading...