ជីវិតនិងការសិក្សា៖ តាមផ្នត់គំនិតប្រជាជនខ្មែរមួយចំនួននៅតែគិតថា ស្ត្រីមានឧបសគ្គច្រើនជាងបុរស ដូច្នេះការសិក្សារបស់ស្ត្រីតែងតែបោះបង់ដោយប្រការផ្សេងៗ ដែលពួកគេជួបប្រទះ។ ចំណែកស្ត្រីមួយចំនួនទៀត ក៏បានចុះចាញ់តែម្ដងនៅពាក្យមួយឃ្លាថា «ស្ត្រីវិលចង្ក្រានមិនជុំ» ដូច្នេះមិនចាំបាច់រៀនច្រើនពេកទេ ព្រោះអនាគតគង់តែមានប្តី និងនៅផ្ទះមើលថែកូនប៉ុណ្ណោះ។

ពាក្យមួយឃ្លាខាងលើនេះ បានធ្វើឲ្យស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ឈ្មោះ ស៊ឹម សម្បត្តិ តូចចិត្តយ៉ាងខ្លាំង និងបានទម្លាយនូវប្រវត្តិនៃការសិក្សារបស់លោកស្រីដល់គេហទំព័រព័ត៌មាន Kqube.net កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ១៩៩៧ ពេលកូនប្រុសពៅមានអាយុបីខែ លោកស្រីបានឆ្លៀតទៅរៀនថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេស នៅសាលា IFL នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទុកកូនឲ្យម្ដាយ និងប្ដីជួយមើលថែ។

ស្ត្រីរូបនេះបានបន្តថា បើទោះជាខ្លួនមានកូនមានប្តីហើយក៏ដោយ ប៉ុន្តែមិនទុកឲ្យខ្លួនឯងនៅទំនេរឥតប្រយោជន៍ឡើយ ព្រោះតែចង់ជៀសឲ្យផុតពីពាក្យគេថា «ស្ត្រីមិនអាចវិលចង្ក្រានជុំ» ទីបំផុតនៅឆ្នាំ២០០១ លោកស្រីទទួលជោគជ័យក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ លុះឆ្នាំ២០១២កន្លងទៅថ្មីៗ ទើបលោកស្រីចាប់ផ្តើមបន្តរៀនថ្នាក់អនុបណ្ឌិតជំនាញ គណនេយ្យ និងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅត្រង់ចំណុចនេះហើយ លទ្ធផលនៃការបញ្ចប់ការសិក្សារបស់លោកស្រី កាលពីឆ្នាំ២០១៤ ដែលទើបតែទទួលបានសញ្ញាប័ត្រក្នុងខែមីនា ឆ្នាំ២០១៧នេះ ដោយសូម្បីតែលោកគ្រូ អ្នកគ្រូប្រចាំសាលាក៏សរសើរមិនដាច់ពីមាត់ នៅលទ្ធផលនៃការសិក្សាល្អឥតខ្ចោះ ពិន្ទុ A រហូត ៩មុខវិជ្ជា B+ ៤មុខវិជ្ជា និងទាបបំផុតនិទ្ទេស B ចំនួន៣មុខវិជ្ជា។

គួររម្លឹកថា អ្នកស្រី ស៊ឹម សម្បត្តិ កាលពីនូវកុមារភាពក៏មានប្រវត្តិតស៊ូក្នុងការសិក្សាខ្លាំងសម្បើមដែរ ខណៈសម័យនោះប្រទេសកម្ពុជា លាយឡំនៅក្នុងភ្លើងសង្គ្រាមទៀតផង។ ដើម្បីជ្រាបច្បាស់អំពីប្រវត្តិជីវិត ការងារ និងការសិក្សារបស់លោកស្រី សូមទស្សនិកជនទាំងអស់គ្នាទស្សនានៅបទសម្ភាសជាវីដេអូខាងក្រោមនេះដូចតទៅ៖

ប្រភព៖ kqube