ក្រុមយុវជនចំនួន ១៥នាក់ធ្វើដំណើរទស្សនកិច្ចទៅខេត្តកំពត រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមេសា។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធនាការស្ដីពីសកម្មភាពយុវជន ដើម្បីទន្លេមេគង្គ ដែលរៀបចំដោយអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) ក្រោមកិច្ចឧបត្ថម្ភពីអង្គការអុកស្វាម (Oxfam) ដើម្បីចងក្រងយុវជនសម្រាប់សកម្មភាពនៃទន្លេមេគង្គ។

ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះមានគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់យុវជនក្នុងសកម្មភាពការពារ និងថែរក្សាទន្លេមេគង្គប្រកបដោយនិរន្តរភាព សមភាព និងសមធម៌។

បុគ្គលិកអង្គការស្ម័គ្រចិត្តដើម្បីសង្គម កញ្ញា ចាប កនិដ្ឋា បញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ មេសា ថា ទស្សនកិច្ចនេះមានការដាក់តាំងបង្ហាញរូបថតមួយចំនួនទាក់ទងនឹងទន្លេមេគង្គ និងប្រកាសលទ្ធផលរូបថតដែលមានអ្នកចូលចិត្តតាមបណ្ដាញសង្គមហ្វេសប៊ុកច្រើនជាងគេ។ រូបថតដែលត្រូវបានយកមកប្រកួតប្រជែង និងដាក់តាំងបង្ហាញទាំងនោះ មួយចំនួនបង្ហាញពីជីវភាពពលរដ្ឋតាមដងទន្លេមេគង្គ ការប្រកបរបរនេសាទ និងខ្លះទៀតបង្ហាញពីការបំពុលទឹកតាមរយៈការបង្ហូរកាកសំណល់ចូលក្នុងទន្លេ។

កញ្ញាបញ្ជាក់ថា ដោយសារតែទន្លេមេគង្គកំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចនេះទាមទារឲ្យយុវជនត្រូវចាប់អារម្មណ៍ និងចូលរួមជួយថែរក្សាទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់ពលរដ្ឋជាច្រើនដែលរស់នៅ និងអាស្រ័យផលពីទន្លេនេះ៖ «យុវជនជាផ្នែកមួយនៃការអាស្រ័យការប្រើប្រាស់លើទន្លេមេគង្គ ហើយពួកគាត់សុទ្ធតែជាអ្នកមានគំនិត និងសមត្ថភាពក្នុងការចូលរួមចំណែកសម្រេចចិត្តក្នុងការការពារ និងលើកបង្ហាញក្តីកង្វល់របស់ពួកគាត់ទៅលើទន្លេមេគង្គ។ បើសិនជាបាត់បង់ផ្នែកមួយនៃការចូលរួមពីយុវជន វាគួរឲ្យសោកស្ដាយមែនទែន»។

ក្រៅពីសកម្មភាពពាក់ព័ន្ធនឹងទន្លេមេគង្គ ក្រុមយុវជនក៏បានទៅទស្សនាព្រៃកោងកាងក្នុងសហគមន៍ត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងរួមគ្នាដាំដើមកោងកាងទៀតផង។ កញ្ញា ចាប កនិដ្ឋា បញ្ជាក់ថា ការនាំយុវជនមកកាន់តំបន់មាត់សមុទ្រនេះ គឺដើម្បីឲ្យពួកគេបានសិក្សាពីអ្វីដែលថ្មី និងប្លែកពីការសិក្សាមុនៗ ហើយដោយសារតែទន្លេ និងសមុទ្រមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដូចនេះដំណើរទស្សនកិច្ចនេះ គឺជារឿងមួយដ៏ចាំបាច់៖ «យើងចង់ឲ្យយុវជនបានសិក្សាថា តើទឹកសាបនៃទន្លេមេគង្គ វាទាក់ទងគ្នាយ៉ាងដូចម្តេចជាមួយទឹកសមុទ្រហ្នឹង? ហើយក៏ចង់ឲ្យយុវជនផ្លាស់ប្ដូរបទពិសោធន៍មើលឃើញពីជីវភាពរស់នៅរបស់ប្រជាជននៅតាមដងទន្លេ មកមើលជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅលើទឹកដូចគ្នា គ្រាន់តែទឹកប្រៃនៅក្នុងខេត្តកំពត នេះ»។

កញ្ញា សេម បូរីន គឺជានិស្សិតផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិមួយរូបដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានេះ។ នាងឲ្យដឹងថា តាមរយៈការចុះសិក្សាដោយផ្ទាល់ នាងសង្កេតឃើញថា ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ កំពុងប្រឈមបញ្ហាជាច្រើនដែលកើតចេញមកពីការខូចខាតនៃធនធានទន្លេមេគង្គ។ នាងយល់ឃើញថា ទន្លេមេគង្គផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាង ដូចជា គមនាគមន៍ មច្ឆជាតិ និងផ្តល់ទឹកសាបសម្រាប់ប្រើប្រាស់ និងស្រោចស្រពផលដំណាំ ដូច្នេះមនុស្សគ្រប់គ្នាត្រូវចូលរួមថែរក្សាវាកុំឲ្យរងការបំផ្លិចបំផ្លាញតទៅមុខទៀត៖ «ទន្លេមេគង្គមានសារសំខាន់ណាស់ ព្រោះវាជាជីវិតនៃប្រជាជនកម្ពុជា យើង សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន។ បើសិនជាអត់មានទន្លេ ការរស់នៅរបស់យើងអត់មានន័យទេ។ សម្រាប់ខ្ញុំជាយុវជន ខ្ញុំចង់ចែករំលែកព័ត៌មាននេះឲ្យដល់អ្នកជំនាន់ក្រោយឲ្យបានសិក្សាយល់ដឹង និងជួយការពារទន្លេ ព្រោះវាជាអាយុជីវិតរបស់យើងទាំងអស់គ្នា»។

អ្នកជំនាញផ្នែកបរិស្ថាន ធ្លាប់បានលើកឡើងថា ធនធានក្នុងទន្លេមេគង្គបច្ចុប្បន្ន កំពុងប្រឈមនឹងហានិភ័យពីរសំខាន់។ នោះគឺជាការនេសាទខុសច្បាប់ និងគម្រោងទំនប់វារីអគ្គិសនីជាច្រើនកន្លែងដែលអាចបង្កវិនាសកម្មធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ និងជីវចម្រុះនៅតាមដងទន្លេមេគង្គ។ អនុសាសន៍ដែលអ្នកជំនាញស្នើទៅកាន់រដ្ឋាភិបាល គឺការគិតគូរអំពីថាមពលកើតឡើងវិញ ដូចជាបន្ទះសូឡា ឬថាមពលខ្យល់ ជាជាងការផ្ដោតតែទៅលើការកសាងទំនប់វារីអគ្គិសនីដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋ។ លើសពីនេះ អ្នកជំនាញក៏ជំរុញឲ្យយុវជនធ្វើសកម្មភាពរួមគ្នា ដើម្បីជួយថែរក្សាធនធានទន្លេមេគង្គឲ្យបានគង់វង្សផងដែរ ដ្បិតពួកគេមានចំណេះដឹង និងថាមពលខ្លាំងក្លា ដែលនឹងក្លាយជាអ្នកគ្រប់គ្រងប្រទេសជាតិទៅថ្ងៃមុខ៕

ប្រភព៖ RFA

Loading...