ចុងសប្តាហ៍កន្លងមក ក្រុមប្រមាញ់រូបថត បានផ្តិតបាននូវរូបភាព Brad Bitt កំពុងឈឺដើរតាមផ្លូវនៅ Los Angeles (អាមេរិក) ។ តារាវ័យ ៥៣ ឆ្នាំ រូបនេះ ពាក់អាវសឺមីពណ៌ទឹកដោះគោ ស្លៀកខោខៅប៊យ ដែលគ្រប់ដណ្តប់លើរាងកាយ…ស្គមស្គាំង ។

ខណៈពេលនោះ Brad Bitt ទើបចេញផុតពីរោងជាងវិចិត្រសិល្បះរបស់មិត្តភក្តិជិតស្និទ្ធគឺ Thomas Houseago នៅ Los Angeles ។ រយៈពេលកន្លងមក គេសង្កេតឃើញគាត់តែងមកលាក់ខ្លួននៅក្នុងរោងជាងនេះ ដើម្បីរៀនចម្លាក់រូប ។

ប្រភពពី Us Weekly វិញ គឺ Brad Bitt បានធ្លាក់ទម្ងន់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រេស ក្រោយករណីលែងលះជាមួយ Angelina Jolie ។ ពេលវេលាដែលនៅសេសសល់ក្រៅពីនោះ គាត់ច្រើននៅបន្ទប់ហាត់កាយសម្ព័ន្ធ ។

ប្រភពដដែលឲ្យដឹងថា «គាត់បានចុះទម្ងន់យ៉ាងច្រើន ។ Brad កំពុងប្រមូលផ្តុំថែទាំខ្លួនប្រាណ គ្រប់គ្រងចំណីអាហារ ហើយចុងភៅរបស់គាត់តែងត្រៀមទុកនូវរបបអាហារដែលមានជីវជាតិគ្រប់គ្រាន់» ។

តាមរយៈ E! News ឲ្យដឹងបន្ថែមថា ថ្មីៗនេះ Brad Bitt ទទួលបានការអនុញ្ញាតឲ្យជួបកូនៗច្រើនជាងមុន ។ លោកធ្លាប់បានមកកម្ពុជាយ៉ាងសម្ងាត់ ដើម្បីបាននៅក្បែរកូន នាឱកាសដែល Angelina Jolie សម្ពោធខ្សែភាពយន្តកន្លងទៅថ្មីៗនេះ ៕