Loading...

ថ្នាក់ដឹកនាំស្ថាប័នជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តព្រះសីហនុ អះអាងថា រក្សាបានសន្តិសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តមូលដ្ឋាននេះនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យដឹងនៅថ្ងៃអង្គារ ទី១៨ ខែមេសា ថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ កម្លាំងជំនាញរបស់លោកបានសហការជាមួយស្ថាប័នដទៃទៀត រក្សាសុវត្ថិភាពជូនភ្ញៀវទេសចរបានល្អ ដោយគ្មានបទល្មើសព្រហ្មទណ្ឌកើតឡើងទេ។

Loading...

លោកបន្តថា កម្លាំងនគរបាលបានដាក់ឲ្យប្រចាំការទាំងយប់ថ្ងៃនៅតាមគោលដៅនានា ដែលភ្ញៀវនិយមចូលទៅកម្សាន្ត ទាំងនៅតាមតំបន់ឆ្នេរ នៅលើដីគោក និងតំបន់ឆ្នេរលើដីកោះ ជាដើម។

ចំណែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមាន ២ករណី ស្លាប់មនុស្ស ២នាក់ និងការធ្វើដំណើររបស់ភ្ញៀវទេសចរតាមទូក ឬកប៉ាល់ចេញទៅកម្សាន្តតាមបណ្ដាកោះនានា គឺមានដំណើរការរលូន៖ «បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ បញ្ហាសន្តិសុខ គឺយើងបានថែរក្សាបានដោយសុវត្ថិភាព ក្នុងនោះយើងបានឃើញចំនួនភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសភ្ញៀវជាតិមានចំនួនកើនច្រើននៅតាមតំបន់ឆ្នេរសមុទ្រ ជាពិសេសបានឆ្លងទៅតាមបណ្ដាកោះនានាក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យសមុទ្រឆ្នាំនេះ»។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បង្ហាញមោទនភាពដែលក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ ខេត្តនេះទទួលបានភ្ញៀវទេសចរកើនជាង ១០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ គឺមានភ្ញៀវទេសចរសរុបជាង ១៤ម៉ឺន ៣ពាន់នាក់ (១៤៣.៥៩៧នាក់)។ លោកឲ្យដឹងថា ភ្ញៀវទេសចរធ្វើដំណើរតាមយន្តហោះមានជិត ១.៥០០នាក់ (១.៤៣៩នាក់)។ ភ្ញៀវជាតិមានជិត ៦៥០នាក់ (៦៤៣នាក់) និងភ្ញៀវអន្តរជាតិមានជិត ៨០០នាក់ (៧៩៦នាក់)។

លោក គ្រឹស្នា បន្ថែមថា ភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានាមានកោះរ៉ុង និងកោះរ៉ុងសន្លឹម ជាដើម មានចំនួនសរុបជិត ៨.៥០០នាក់ (៨.៤៥៥នាក់)។ ភ្ញៀវជាតិជាង ៤.៣០០នាក់ (៤.៣៤៨នាក់) និងភ្ញៀវអន្តរជាតិមានជាង ៤ពាន់នាក់ (៤.១០៧នាក់)។ ក្នុងនោះភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលចូលទស្សនានៅតាមរមណីយដ្ឋាននានាមានដូចជា រមណីយដ្ឋានថ្មរូង រមណីយដ្ឋានក្បាលឆាយ និងរមណីយដ្ឋានពិកនិច ជាដើម មានចំនួនសរុបជិត ១ម៉ឺន ៧ពាន់នាក់ (១៦.៥៩៧នាក់)។

ទន្ទឹមគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា ក៏បានទទួលស្គាល់ថា បុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានប្រតិបត្តិករទេសចរមួយចំនួនមិនទាន់អនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកំណត់តម្លៃសេវាបម្រើផ្សេងៗមានដូចជា សេវាស្នាក់នៅ និងចំណីអាហារ ជាដើម ឲ្យបានសមរម្យទេ។ ពោល គឺពួកគេបានដំឡើងតម្លៃសេវាបម្រើខ្ពស់ ដោយមិនបានជូនដំណឹង ឬបិទផ្សាយជូនភ្ញៀវទេសចរឲ្យបានដឹងមុននោះទេ៖ «ទោះបីជាក្រសួង ខេត្ត និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ យើងបានផ្សព្វផ្សាយ និងធ្វើកំណត់ហេតុណែនាំដល់ប្រតិបត្តិករទេសចរអំពីការកំណត់តម្លៃសេវាបម្រើដល់ភ្ញៀវទេសចរ នៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីបែបណាក្តី ក៏ប៉ុន្តែជាក់ស្តែងយើងសង្កេតឃើញថា មានអាជីវករនៅតាមផ្ទះសំណាក់តិចតួច បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តនេះ។ យើងមិនដាច់ណាត់ទេចំពោះការដំឡើងតម្លៃរបស់ក្រុមប្រតិបត្តិករទេសចរ ប៉ុន្តែប្រកាសថ្មីរបស់អន្តរក្រសួង គឺស្នើឲ្យក្រុមអាជីវករទាំងអស់ ត្រូវតែដាក់បង្ហាញតារាងតម្លៃសេវារបស់ខ្លួនដល់ភ្ញៀវទេសចរ។ ហើយចំពោះតម្លៃសេវាបម្រើទេសចរ គឺត្រូវបានប្រតិបត្តិករទេសចរ បានដំឡើងតម្លៃខ្ពស់ខុសពីការណែនាំរបស់ក្រសួង ឬមន្ទីរទេសចរណ៍បានដាក់ចេញដដែល»។

ចំណែកប្រធានក្រុមហ៊ុនអាយលែន ស្ពីដ ហ្វឺរី (Island Speed Ferry) អ្នកស្រី ស៊ុយ ស្រីមុំ មានប្រសាសន៍ថា សកម្មភាពដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្ដាកោះនានារបស់ក្រុមហ៊ុននេះ នាឱកាសបុណ្យចូលឆ្នាំ មិនមានកប៉ាល់ដឹកភ្ញៀវទេសចរលិចកណ្ដាលសមុទ្រស្លាប់មនុស្សដូចពាក្យចចាមអារ៉ាម ឬការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។

អ្នកស្រី ស្រីមុំ បង្ហាញការហួសចិត្តចំពោះការចុះផ្សាយព័ត៌មានខុសការពិត ដែលថារូបអ្នកស្រីបានលិចកប៉ាល់ស្លាប់នៅកណ្ដាលសមុទ្រក្នុងអំឡុងពេលបុណ្យចូលឆ្នាំ គឺជាការបំផុសពាក្យចចាមអារ៉ាមខុសការពិត៖ «មានព័ត៌មានមួយចំនួនបានចុះផ្សាយបំផ្លើសពីការពិតថា នាងខ្ញុំបានលិចទូកស្លាប់កណ្ដាលសមុទ្របាត់ទៅហើយនាពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ ប៉ុន្តែជាក់ស្តែងពេលនេះ គឺខ្ញុំកំពុងមានវត្តមានជួបជុំជាមួយកងកម្លាំងនគរបាលជើងទឹកនៅព្រឹកថ្ងៃទី១៨ ខែមេសា នេះ»។

បញ្ហានេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានបដិសេធថា មិនមានទូក ឬកប៉ាល់ដឹកភ្ញៀវទេសចរក្រុមហ៊ុនណាមួយជួបហេតុការណ៍លិចទូក ឬកប៉ាល់កណ្ដាលសមុទ្រ ដូចការចុះផ្សាយរបស់កាសែតក្នុងស្រុក ឬបុគ្គលខ្លះបានចែករំលែកនៅតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះទេក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ៕

ប្រភព៖ rfa

Loading...