Loading...

លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជាជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។

ភ្នំពេញ —ក្រសួងសុខាភិបាល បានច្រានចោលការអះអាងរបស់លោក គួច ម៉េងលី ដែលបានបង្ហាញការសង្ស័យថាការសម្រេចរបស់ក្រសួង មិនផ្តល់អាជ្ញាប័ណ្ណបើកគ្លីនិក និងកិច្ចព្រមព្រៀងមួយចំនួនលើវិស័យសុខាភិបាល និងអប់រំ ហាក់មកពីការរិះគន់របស់លោកកាលពីពេលកន្លងទៅ។

Loading...

កាលពីឆ្នាំមុន លោក គួច ម៉េងលី គឺជាវេជ្ជបណ្ឌិតម្នាក់ ដែលបានរិះគន់វិស័យសុខាភិបាលកម្ពុជាថា មិនមានក្រមសីលធម៌ ហើយថាគ្រូពេទ្យភាគច្រើន ព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។

ក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីបំភ្លឺមួយ ដោយច្រានចោលការអះអាងរបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលថាកិច្ចការរបស់លោកត្រូវរាំងស្ទះ ដោយសារក្រសួងមិនផ្ដល់ការយល់ព្រមលើការស្នើសុំមួយចំនួន។

សេចក្ដីបំភ្លឺរបស់ក្រសួងសុខាភិបាល ធ្វើឡើងក្រោយ VOA កាលពីថ្ងៃចន្ទ បានចុះផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា «កិច្ចការរបស់លោក គួច ម៉េងលីរាំងស្ទះក្រោយការរិះគន់ប្រព័ន្ធសុខាភិបាល»។

បើតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល ក្រសួងបានបញ្ជាក់ថាក្រសួងមិនដែលបានទទួលនូវពាក្យស្នើសុំណាមួយ ពីលោក គួច ម៉េងលី នោះទេ ទាំងការងារបើកមុខរបរឯកជន និងការងារមនុស្សធម៌។

នៅក្នុងសេចក្ដីបំភ្លឺនោះ ក្រសួងក៏បានស្នើសុំឲ្យលោក គួច ម៉េងលី ត្រូវគោរពតាមច្បាប់ដែលមានជាធរមាន រួមមានច្បាប់ស្តីពីការគ្រប់គ្រងវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្ដីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ក្រសួងក៏ស្នើឲ្យលោក គួច ម៉េងលី គោរពនូវអនុក្រឹត្យស្ដីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗទៀត។

កាលពីថ្ងៃអាទិត្យ លោក គួច ម៉េងលី ដែលជាវេជ្ជបណ្ឌិត និងអ្នកជំនួញម្នាក់មកពីសហរដ្ឋអាមេរិកដែលធ្លាប់រិះគន់ខ្លាំងៗលើវិស័យសុខាភិបាលកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលោកលើកជាចម្ងល់មួយចំនួនស្ដីពីការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បើកគ្លីនិក សាកលវិទ្យាល័យ និងកិច្ចព្រមព្រៀងនៃការយោគយល់ស្ដីពីការផ្ដល់សេវាសុខាភិបាល និងអប់រំ ថាមានការពិបាកស្មុគស្មាញ និងយឺតយ៉ាវហើយការស្នើសុំរបស់លោកមួយចំនួនទៀតត្រូវបានបដិសេធទាំងស្រុង។

លោកបានថ្លែងប្រាប់ VOA ថា ការស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយក្រសួងសុខាភិបាល ដើម្បីនាំចូលនូវសម្ភារៈបរិក្ខារពេទ្យពីបរទេសមិនអស់ពន្ធដើម្បីជួយដល់មន្ទីរពេទ្យរដ្ឋនានា ត្រូវបានបដិសេធ ហើយការស្នើសុំចុះអនុស្សរណៈស្តីពីពេទ្យចល័ត ដើម្បីផ្ដល់សេវាសុខភាពដោយមិនគិតថ្លៃជូនប្រជាជន មានភាពស្មុគស្មាញ និងត្រូវចំណាយថវិកាច្រើន។

លោក គួច ម៉េងលី បានបន្ថែមថា នាពេលថ្មីៗនេះ ការស្នើសុំអាជ្ញាប័ណ្ណបើកគ្លីនិកឯកជនរបស់លោកនៅក្រសួងសុខាភិបាលក៏មានសញ្ញាមិនល្អផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបដិសេធមិនអត្ថាធិប្បាយបន្ថែមលើករណីនេះ ដោយលោកឲ្យយោងតាមសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យក្រសួង។ ទោះជាយ៉ាងណា លោកបញ្ជាក់ថាក្រសួងចង់ឲ្យលោក គួច ម៉េងលី គោរពទៅតាមច្បាប់ដែលមាន។

លោកបានថ្លែងប្រាប់VOAថា៖ «MOUអី អត់មានទេ ប៉ុនអ្នកនាំពាក្យគេបានឆ្លើយហើយ។ ខ្ញុំអត់ចង់ឆ្លើយឆ្លងតាមកាសែតទេ។ ចង់ឲ្យគាត់តែគោរពច្បាប់បានហើយ។ ហើយកុំបង្ខូច»។

ជាការឆ្លើយតបទៅនឹងសេចក្ដីបំភ្លឺរបស់ក្រសួង លោក គួច ម៉េងលី បានថ្លែងប្រាប់VOAថា ជំនួយការរបស់លោកពិតជាបានដាក់លិខិតស្នើសុំMOUពីក្រសួងសុខាភិបាល ដើម្បីនាំចូលសម្ភារៈ បរិក្ខារពេទ្យ ដោយមិនបង់ពន្ធ តែត្រូវបានបណ្ដាញរត់ការរបស់ក្រសួងបានឲ្យដឹងថាថ្នាក់លើបានបដិសេធសំណើនេះ។

លោកបន្តថាចំណែកការស្នើសុំបើកគ្លីនិក ក៏ត្រូវបានបណ្ដាញរត់ការបញ្ជាក់ថាថ្នាក់លើនឹងមិនផ្ដល់ឲ្យឈ្មោះ គួច ម៉េងលី នោះទេ។

ទោះជាយ៉ាងណា លោក គួច ម៉េងលី មានប្រសាសន៍ថាលោកស្នើសុំក្រសួងឲ្យមានការយោគយល់ ដោយសារអ្វីដែលលោកកំពុងធ្វើនេះ គឺដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជន។

លោកមានប្រសាសន៍ថា៖ «ខ្ញុំក៏មិនចង់មានបញ្ហាអ្វីច្រើនដែរ ហើយខ្ញុំក៏មិនបានចោទក្រុមណាដែរ។ តែខ្ញុំសូមឲ្យមានការយោគយល់ ព្រោះខ្ញុំធ្វើនេះដើម្បីជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា អត់មានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីនោះទេ»។

លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ាមួយរូប និងបានមករស់នៅកម្ពុជាជាពេទ្យស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០០២ ធ្លាប់បានថ្លែងរិះគន់វិស័យសុខាភិបាលកម្ពុជាថា ក្នុងចំណោមគ្រូពេទ្យ១០នាក់នៅកម្ពុជា មាន៩នាក់ទៅហើយដែលគ្មានក្រមសីលធម៌ ហើយព្យាបាលអ្នកជំងឺមិនត្រឹមត្រូវ។

លោកត្រូវបានដកស្រង់សម្ដីកាលនោះថា៖ «វិស័យសុខាភិបាលយើងបើខ្ញុំឲ្យពិន្ទុពី១ដល់១០ខ្ញុំឲ្យ២ពិន្ទុ។ បើអ្នកក្រទៅពេទ្យ ខ្ញុំហ៊ានធានាគេនឹងដេកនៅចិញ្ចើមផ្លូវ។ នោះជាអ្វីដែលខ្ញុំឃើញទិដ្ឋភាពដោយផ្ទាល់។ ស្ត្រីសម្រាលកូនខ្លះកូនអាចស្លាប់ក្នុងពោះ បើគ្មានលុយវះ។ សំណួរដែលត្រូវសួរខ្លួនឯងពេលនេះ គឺថាក្នុងសត វត្សរ៍ទី២១ តើកម្ពុជាយើងត្រូវឆ្លងកាត់ភាពវេទនានេះបន្តទៀតឬយ៉ាងណា? ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែនអាក្រក់ ដូចពេទ្យនៅស្រុកខ្មែរយើងទេ»។

ការថ្លែងរបស់លោក គួច ម៉េងលី កាលពីដើមឆ្នាំ២០១៦ ធ្វើឲ្យមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាផងដែរ រហូតដល់ស្នើឲ្យលោកសុំទោសជាសាធារណៈ និងកែតម្រូវចំពោះពាក្យសម្ដីរបស់លោក។

លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា ប្រសិនបើក្រសួងពិតជាមានចេតនាបង្អាក់សកម្មភាពបែបនេះមែន នេះជាការខាតបង់មួយ។ លោកជឿថា ករណីដូចលោក គួច ម៉េងលី នេះអាចកើតឡើងពិតប្រាកដមែននៅក្នុងសង្គមកម្ពុជា។

លោក សន ជ័យ បានស្នើឲ្យរដ្ឋាភិបាលគួរតែមានការបើកចំហច្រើន និងទទួលយកការរិះគន់ដោយស្ថាបនា។

លោកបានថ្លែងប្រាប់ VOA ថា៖ «សម្រាប់ខ្ញុំវិញ ខ្ញុំសុំឲ្យអ្នកសម្រេចចិត្តផ្នែកគោលនយោបាយក្ដី អ្នកដឹកនាំនៅក្នុងកម្រិតនយោបាយក្ដី ត្រូវមានចិត្តបើកចំហឲ្យបានទូលាយ ឲ្យមានការរិះគន់ ហើយទទួលយកមតិដែលគេរិះគន់ហ្នឹង យកទៅដាក់បញ្ចូលនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាល វាជាប្រយោជន៍មួយទៅដល់ការសម្រេចបាននូវទិសដៅនៃការធ្វើកំណែទម្រង់បែបស៊ីជម្រៅហ្នឹង»។

កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៦ លោក ហ៊ុន សែន បានរិះគន់ខ្លាំងៗលើអ្នកដែលរិះគន់វិស័យសុខាភិបាល ដោយនិយាយថា ពួកគេកំពុងមើលស្រាលគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់១០០ខូចអស់៩៩នោះទេ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «អញ្ចឹងភាគច្រើននៃគ្រូពេទ្យរបស់យើងមានក្រមសីលធម៌ មានវិជ្ជាជីវៈ ប្រកបដោយការទទួលខុសត្រូវ និងមានការលះបង់ ដើម្បីជួយអ្នកជំងឺ។ អ្នកគេលើកថា១០០ ខូច៩៩ អញ្ចឹងទេឥឡូវ បើក្នុងចំណោម១០០អញ្ចឹង គ្រូពេទ្យទាំងអស់សុទ្ធតែអ្នកខូចហើយនេះ ហើយបើលើកដល់ធុនៗហ្នឹង វាមិនងាប់មនុស្សអស់ហើយ»។

ទោះជាយ៉ាងណា លោក ហ៊ុន សែន បានជំរុញឲ្យគ្រូពេទ្យទាំងអស់ព្យាយាមកែប្រែឥរិយាបថឲ្យមានភាពល្អប្រសើរ ដើម្បីបញ្ចៀសការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ៕ ប្រភព៖ VOA

Loading...